សង្គ្រាម​ពាណិជ្ជកម្ម​រវាង អា​មេ​រិ​ក​-​ចិន នឹង​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ខាតបង់​១​ទ្រី​លាន​ដុល្លារ


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន China Daily ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែមីនា កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ដោយ​សភាពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ការ​តានតឹង​ឡើង​នៃ​ការ​ដាក់​ពន្ធ​ទៅ​វិញ​ទៅ​មករ​វាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​កាត់​បន្ថយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​សហរដ្ឋអាមេរិក​ប្រមាណ​១​ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ឆ្នាំ ហើយនឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​ផង​ដែរ ។

ការ​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ថា «​ការ​តានតឹង​ឡើង​នៃ​ការ​ដាក់​ពន្ធ​ទ្វេភាគី​នឹង​បន្ទាប GDP កាត់​បន្ថយ​ការងារ ការ​វិនិយោគ និង​លំហូរ​ពាណិជ្ជកម្ម​សម្រាប់​សហរដ្ឋអាមេរិក​»​។

គួរ​បញ្ជាក់​ដែរ​ថា ការ​សិក្សា​នេះ​ត្រូវ​បាន​ចូលរួម​សហការ​ដោយ​សភាពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ស្រាវជ្រាវ​Rhodium Group និង​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពន្ធ​នឹង​ធ្វើ​ឲ្យ GDP របស់​សហ​រដ្ឋអាមេរិក​ខាតបង់​ប្រមាណ​ពី​៤៥​ប៊ី​លាន​ដុល្លារ​ទៅ ៦០​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ទី​មួយ និង​រហូត​ដល់​ពី​៨៩​ប៊ី​លាន​ដុល្លារ​ទៅ​១២៥​ប៊ី​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​៥​ឆ្នាំទៅ​មុខ​ទៀត ។

ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ផលិតកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​ស្ថិត​ក្នុង​ចំណោម​វិស័យ​ដែល​ត្រូវ​បាន​ស្ថាបនា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​សកល និង​បណ្តាញ​ផលិតកម្ម​។ វិស័យ​ទាំងនេះ​ងាយ​នឹង​ទទួល​រង​ការ​ប៉ះពាល់​ច្រើន​ជាងគេ ។

ព្រោះតែ​ពន្ធ ការ​នាំ​ចេញ​ផលិតផល​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​នឹង​ធ្លាក់​ចុះ​ប្រមាណ ១៤.២% ទៅ ២​ឥ​% ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ហើយ​ការ​នាំ​ចូល​បច្ចេកវិទ្យា​ទាំងនេះ​វិញ​នឹង​ធ្លាក់​ចុះ​ពី​៩​ទៅ​១០%​ផង​ដែរ ។

កំណើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​ក្នុង​សហរដ្ឋអាមេរិក​ដែល​ពឹងផ្អែក​លើ​ផលិតផល​តម្លៃ​ទាប​ពី​ប្រទេស​ចិន​ទេ តែ​ក៏​បង្ខំ​ឲ្យ​អាជីវកម្ម​ដែល​ទាក់ទិន​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​កែទម្រង់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​សកល​ទៅ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុង​តំបន់​វិញ​ដែរ​។

ការ​សិក្សា​នេះ​បាន​បន្ត​ថា ផលិតកម្ម​ផលិតផល​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ចិន ហើយ​កើនឡើង​ក្នុង​ប្រទេស​កា​ណា​ដា​និង​ម៉ិ​ក​ស៊ិ​ក ។ ប្រទេស​អាស៊ី​ខាងលើ​ត​នឹង​មើលឃើញ​ផលិតកម្ម​ផលិតផល​ទាំងនេះ​កើនឡើង​ខណៈ​ដែល​ប្រទេស​អាស៊ី​ដទៃ​នឹង​មើលឃើញ​ផលិតកម្ម​តិច​ជាង​ចំនួន​ជា​មធ្យម ។

ការ​សិក្សា​ខាងលើ​ក៏​ព្យាករណ៍​មក​ដែរ​ថា ការ​លូតលាស់​ជុំវិញ​ពិភពលោក​នឹង​ស្មើ​១៥១.៤​ប៊ី​លាន​ដុល្លារ ឬ​០.២% ប្រសិនបើ​សហរដ្ឋអាមេរិក​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ទៅ​២៥% ហើយ​ប្រទេស​​ចិន​ឆ្លើយ​តប​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ