រាជធានីភ្នំពេញ ៖ ខណៈព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាគ្រោងធ្វើនៅឆ្នាំ២០២៣ សហព័ន្ធកីឡាកាយសម្ព័ន្ឋបានអះអាងថា ខ្លួនក៏កំពុងពង្រឹងកម្លាំងផងដែរ ដោយមិនមែនមិនអើពើក្នុងពេលមនុស្សមួយចំនួនមើលឃើញស្ងាត់នាពេលនេះទេ ។ ជាក់ស្ដែង កីឡាករឆ្នើមៗដែលជាធនធានកាយសម្ព័ន្ធរបស់កម្ពុជា ក៏ត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស និងត្រូវបានបង្វឹកយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីឱ្យធនធានកីឡាករទាំងនោះអាចប្រកួតប្រជែងសមជាម្ចាស់ផ្ទះស៊ីហ្គេមក្នុងឆ្នាំ២០២៣បាន។
មន្ត្រីទទួលបន្ទុករំពឹងថា កីឡាករឆ្នើមៗដែលត្រូវបានបង្វឹកនឹងអាចឈ្នះមេដាយលើឆាកអន្តរជាតិ បើទោះបច្ចេកទេសក្នុងការបង្វឹកនៅមានកង្វះខាតក្ដី ។ យ៉ាងណាមិញបន្ថែមពីលើក្ដីរំពឹងនេះ មន្ត្រីទទួលបន្ទុកលើសហព័ន្ធមួយនេះ នៅតែបង្ហាញក្ដីបារម្ភ ក្រោយពីប្រឹងប្រែងពង្រឹងសមត្ថភាព។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានអះអាងថាសហព័ន្ធទាំងមូលបានត្រៀមខ្លួនច្រើនណាស់មិនមែនស្ងាត់ទេ ដោយត្រូវពង្រឹងទាំងកីឡាករ និងក្រុមគ្រូបង្វឹក ។ លោកថា សហព័ន្ធក្រៅពី បានបញ្ជូនកីឡាករមួយរូបទៅហ្វឹកហាត់ពង្រឹង សមត្ថភាពនៅប្រទេសចិនរយៈពេល៤ខែនាពេលកន្លងមក ក៏បានចេញទៅហ្វឹកហាត់នៅក្នុងប្រទេសជាដៃគូផ្សេងទៀតមិនសូវដាច់នោះផង ។កីឡាកាយសម្ព័ន្ធ មិនបានធ្វេសប្រហែសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅពេលខាងមុខ និងស៊ីហ្គេម
របស់កម្ពុជានៅឆ្នាំ២០២៣នោះទេ គឺកាន់តែបានពង្រឹងសមត្ថភាពខ្លាំងឡើងដើម្បីកេរ្តិ៍ឈ្មោះ។
ជាក់ស្ដែងសហព័ន្ធបានបញ្ជូនកីឡាករដែលមានសមត្ថភាពចូលរួមប្រកួតស៊ីហ្គេមមិនដែលដាច់ទេ ដើម្បីទៅដកស្រង់យកបទពិសោធន៍ពីការប្រកួតអន្តរជាតិ យកមកបណ្ដុះបណ្ដាលដល់កីឡាករនៅក្នុងប្រទេស ។ លោកថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ២លើកកន្លងមក សហព័ន្ធរកបានជើងខ្លាំងក្មេងៗកាន់តែច្រើន តែមិនទាន់ច្បាស់ថាពួកគេនឹងក្លាយជាទ័ពស្រួចសម្រាប់ការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣របស់កម្ពុជានោះទេ ។
លោកថា សហព័ន្ធកំពុងបង្កើនការបង្វឹកកីឡាករ-កីឡាការិនីក្មេងៗជារៀងរាល់ថ្ងៃ ដើម្បីឱ្យសមាសភាពកីឡាករទាំងនោះ អាចចូលប្រកួតបានកាន់តែល្អ ហើយអាចក្លាយជាធនធានពិត ប្រាកដរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ២០២៣។
ជាមួយនឹងការអះអាងពីការត្រៀមខ្លួន លោកអគ្គលេខាធិការសហព័ន្ធបានប្រកាសថា កម្ពុជានឹងពិបាកធ្វើឱ្យកីឡាមួយនេះលេចធ្លោ ដោយសារតែធនធានកាយសម្ព័ន្ធ ដែលសហព័ន្ធបានសម្រាំងទុក ភាគច្រើនមិនសូវនៅស្ថិតស្ថេរជាមួយសហព័ន្ធបានយូរនោះទេ ស្រពេលដែលសហព័ន្ធក៏សារភាពថា មិនសូវមានសមត្ថភាពរក្សាទុកធនធានដែលបណ្ដុះបានល្អៗទាំងនោះឱ្យនៅគង់វង្ស ។
លោកថា កីឡាកររមែងត្រូវបានបម្រុងទុកជាប្រចាំ ប៉ុន្តែដោយសារតែសហព័ន្ធមានត្រឹមតែសមត្ថភាពបញ្ជូនកីឡាករតែម្នាក់ ឬ២នាក់ឱ្យចេញប្រកួត ឬចេញហ្វឹកហាត់នៅក្រៅប្រទេស ដូច្នេះវាចៀសមិនផុតនោះទេដែលធនធានកីឡាករបម្រុងទុកផ្សេងទៀត ដែលសហព័ន្ធមិនសូវមានសកម្មភាពឱ្យចេញ គឺពិតជាបោះបង់អាជីព ។ លោកថាសហព័ន្ធរកបានធនធានកីឡាករក្មេង៑ដែលមានឆន្ទៈច្រើនណាស់ ប៉ុន្តែឆន្ទៈរបស់ពួកគេទាំងនោះ ក៏មិនសូវជាបានយូរដែរ ដោយសារតែសហព័ន្ធមិនមានប្រាក់ខែឱ្យខ្ពស់ និងជាប់លាប់ ហើយសហព័ន្ធក៏មិនមានលទ្ធភាពបង្កើត ព្រឹត្តិការណ៍ឱ្យកីឡាករត្រៀម និងបម្រុងទាំងនោះបានច្រើន ។
លោកថា រាល់ឆ្នាំសហព័ន្ធជ្រើសរើសកីឡាករបានពីការប្រកួតថ្នាក់ជាតិ និងពីការប្រកួតកីឡាប្រចាំសហព័ន្ធបានច្រើននាក់ណាស់ ប៉ុន្តែសមាសភាពទាំងនោះ ក៏មិនសល់ច្រើនដែរ ។ លោកបង្ហើបថា បើសហព័ន្ធមានការជ្រោមជ្រែងពីក្រុមហ៊ុនឯកជននានា ដើម្បីអាចបង្កើតព្រឹត្តិការណ៍ឬបង្កើតសកម្មភាពឱ្យកីឡាករកាយសម្ព័ន្ធបានបង្ហាញសមត្ថភាពញឹកញាប់ នោះគឺទោះជាខាងសហព័ន្ធមិនមានប្រាក់ខែច្រើនៗដើម្បីចងជើង ក៏ធនធានអ្នកដែលទទួលបានការបណ្ដុះបណ្ដាលពីសហព័ន្ធនឹងនៅត្រាំត្រែងជាមួយសហព័ន្ធដោយមិនរត់ទៅណានោះដែរ ។
លោកថា សហព័ន្ធនៅតែបន្តសម្រាំងយកកីឡាករឱ្យបានល្អពីការបង្វឹកប្រចាំថ្ងៃនៅក្នុងសហព័ន្ធដែលជ្រើសចេញពីព្រឹត្តិការណ៍កីឡាជាតិមុននេះ ដោយធនធានដែលជ្រើសបានម្ដងៗ សុទ្ធតែមានសមត្ថភាព និងជាជើងខ្លាំង ដែលលោកយល់ថា ឱ្យតែកម្ពុជាមានលទ្ធភាពបង្កើតសកម្មភាពលើកទឹកចិត្តពួកគេតែបន្តិច នោះនឹងមិនខ្វះកីឡាករល្អនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះផង ។
បើទោះជាវិញ្ញាសាកាយសម្ព័ន្ធមិនមែនជាវិញ្ញាសាដើមរបស់កម្ពុជា តែលោកប្រកាសថាមិនបាន ធ្វេសប្រហែសក្នុងការបំប៉នអ្នកមានសមត្ថភាព ដើម្បីដណ្ដើមយកមេដាយនៅឆ្នាំ២០២៣នោះទេ ដើម្បីកុំឱ្យបាក់មុខសហព័ន្ធ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកប្រកាសត្រៀមបង្វឹកកីឡាករកីឡាការិនីកាយសម្ព័ន្ធច្រើននាក់ ដើម្បីឱ្យក្លាយជាធនធានរបស់កម្ពុជាក្រោយពីការប្រកួតកីឡាជាតិមួយលើកទៀតត្រូវបានបញ្ចប់។ លោកអគ្គលេខាធិការរូបនេះនៅតែបង្ហាញពីការរំពឹងថា កម្ពុជានឹងក្ដោបក្ដាប់មេដាយមាសសម្រាប់វិញ្ញាសាមួយចំនួនក្នុងការប្រកួតកាយ សម្ព័ន្ធលើឆាកអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ណាមួយក្នុងពេលខាងមុខ ដោយលោកបញ្ជាក់ថា បើទោះជាមិនបានមេដាយក្នុងពេលបញ្ជូនទៅប្រកួតនៅប្រទេសផ្សេង ក៏ពិតជាបាននៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។
ក្ដីរំពឹងនោះ គឺការដណ្ដើមបានមេដាយក្នុងការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីខាងមុខដោយសារតែអះអាងថា កីឡាកររបស់ប្រទេសម្ចាស់ផ្ទះហាក់មានប្រៀបជាងកម្ពុជា ទាំងការកាត់ក្ដីជាដើម។
ក្នុងចំណោមអ្នកដែលខាងសហព័ន្ធបម្រុងទុករាល់ថ្ងៃ លោកថា កីឡាករ សំ រីម គឺជាសមាសភាពរបស់កម្ពុជា ដែលមានសមត្ថភាព តែបើកម្ពុជាមានលទ្ធភាពចងជើងកីឡាករបានកាន់តែច្រើន ក៏មិនខ្វះធនធានកីឡាករល្អៗដើម្បីដណ្ដើមយកមេដាយអន្តរជាតិ តាមការរំពឹងនោះដែរ ។ លោកថា សហព័ន្ធរមែងយកចិត្តទុកដាក់ចំពោះធនធានល្អៗ ប៉ុន្តែសម្រាប់ក្ដីបារម្ភគឺនៅតែមាន ដោយសារតែសហព័ន្ធអាចត្រឹមតែបញ្ជូនឱ្យទៅប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេសមិនបានច្រើននាក់ ដែលធ្វើឱ្យកីឡាករល្អខ្លះ បោះបង់ឆន្ទៈឯងៗ ។
លោកថា ព្រឹត្តិការណ៍អន្តរជាតិកន្លងមក បើកម្ពុជាមានលទ្ធភាពបញ្ជូនកីឡាករឱ្យទៅប្រកួតច្រើននាក់ ឱកាសក្ដោបក្ដាប់មេដាយ មិនអត់នោះទេ ប៉ុន្តែមកពីជម្រើសរបស់សហព័ន្ធវាមានមិនច្រើន ទើបការបញ្ជូនកីឡាករឱ្យតំណាងប្រទេសកន្លងមកគឺមិនដែលបានមេដាយ ។ លោកនិយាយប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ធនធានកីឡាករកាយសម្ព័ន្ធការពិតល្អៗច្រើនណាស់ ប៉ុន្តែមកពីកម្ពុជាមានលទ្ធភាពបញ្ជូនឱ្យទៅហ្វឹកហាត់នៅក្រៅប្រទេសតែម្នាក់ ឬ២នាក់ ទើបពេលខ្លះយើងចាញ់ប្រៀបគេ ។
ជាក់ស្ដែងនៅស្រុកគេគេមិនមែនបញ្ជូនតែកីឡាករកម្រិតA ឱ្យចេញប្រកួតទេ កម្រិតB កម្រិតC ក៏ទៅដែរ ។ លោកថា កន្លងមកសហព័ន្ធមានត្រឹមតែលទ្ធភាពបញ្ជូនកីឡាករឲ្យចូលរួមប្រកួតលើវិញ្ញាសា Artistic ក្នុងព្រឹត្តិការណ៍អន្តរជាតិភាគច្រើនប៉ុណ្ណោះ។
ក្នុងនោះ លោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក៏ធ្លាប់បើកវគ្គបំប៉នបច្ចេកទេស និងជំនាញគ្រូបង្វឹកផ្នែកកាយសម្ព័ន្ធ ដែលរៀបចំដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កន្លងមកផងដែរដើម្បីជំរុញ ដោយគ្រាន់តែលទ្ធផល គឺលោកប្រកាសថា ពេលខ្លះវាមិនដូចការគ្រោងទុក ។
លោកបន្តថាខាងសហព័ន្ធនៅតែរក្សាជំហរបណ្ដុះគ្រាប់ពូជកីឡាករកីឡាការិនីឱ្យបានល្អ ដោយក្នុងមួយ ថ្ងៃៗក៏បានចំណាយពេលបង្វឹកពួកគេឱ្យក្លាយជាធនធានល្អ និងប្រកបដោយសមត្ថភាពខ្ពស់ផងដែរ ដោយមិនមែនបណ្ដោយឱ្យសហព័ន្ធទាំងមូលមិនមានកីឡាករកីឡាការិនីដែលមានកម្រិតប្រកួតប្រជែងនៅក្នុងសហព័ន្ធនោះទេ ដើម្បីលើកកម្ពស់កីឡានេះ៕
ចែករំលែកព័តមាននេះ