រុស្ស៊ី ៖ តាមប្រភពMetroបានឱ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់បានឆក់ចរន្តអគ្គិសនីស្លាប់ ក្រោយពីធ្លាក់ទូរស័ព្ទដែលកំពុងសាកថ្មចូលទៅក្នុងអាងទឹកដែលនាងកំពុងត្រាំ ។ ក្មេងស្រីអាយុ១៤ឆ្នាំ ឈ្មោះ Yulia Vysotskaya បានឆក់ចរន្តអគ្គិសនីស្លាប់ នៅក្នុងផ្ទះរបស់នាងឯCheboksary ប្រទេសរុស្ស៊ី។ ម្តាយឪពុករបស់នាងបានទូរស័ព្ទហៅឡានពេទ្យសង្គ្រោះបន្ទាន់មកដែរ តែនាងត្រូវបានគេប្រកាសថាស្លាប់ជាផ្លូវការនៅកន្លែងកើតហេតុ។
នេះគឺជាករណីទី៣ហើយ ដែលកើតមាននៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាមានការប្រាប់ជាដំណឹងឱ្យប្រុងប្រយ័ត្នក៏ដោយ។ កាលពីខែធ្នូ កីឡាករក្បាច់គុណ Irina Rybnikova អាយុ១៥ឆ្នាំ បានស្លាប់ភ្លាមៗ នៅពេលប្រើប្រាស់ទូរស័ព្ទ iPhone ពេលកំពុងសាកថ្មក្បែរអាងត្រាំទឹក ក្នុងផ្ទះរបស់នាងឯ Bratsk តំបន់ Siberia ប្រទេសរុស្ស៊ី។
ករណីមួយទៀត គឺកើតឡើងទៅក្មេងស្រីអាយុ១២ឆ្នាំ ឈ្មោះ Kseniya P ដែលនាងស្លាប់ពេលកំពុងប្រើកាសស្តាប់ចម្រៀងតាមទូរស័ព្ទរបស់នាង ដែលកំពុងសាកថ្ម។ វិស្វករខាងអគ្គិសនី លោក Andrey Stanovsky បានប្រាប់ឱ្យមានការប្រុងប្រយ័ត្នថា ការដេកត្រាំទឹកពេលកំពុងលេងទូរស័ព្ទ ដែលជាប់សាកថ្ម គឺដូចជាលេងចរន្តអគ្គិសនីអ៊ីចឹង» ។
ប្រធានផ្នែកវិទ្យុសកម្មនិងអគ្គិសនីនៃសាកលវិទ្យាល័យ Irkutsk State University ប្រាប់ថា «ទឹកគឺជាសារធាតុចម្លងដ៏ល្អ ។ ដូចនេះ ចរន្តនឹងឆ្លងភ្លាម ពេលទូរស័ព្ទដែលកំពុងសាកថ្មធ្លាក់ចូល។ ប្រសិនបើទូរស័ព្ទរបស់លោកអ្នកមិនដោតចូលឌុយចរន្ត ២២០វ៉ុលទេ វាមិនអីទេ» ។ ចូរប្រុងប្រយ័ត្នទាំងអស់គ្នា
ចែករំលែកព័តមាននេះ