ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កីឡាករ​ជប៉ុន​នៅ​កម្ពុជា​បន្ត​កៀងគរ​ជួយ​ដល់​គ្រួសារ​អ្នក​រត់​តាក់ស៊ី (មានវីដេអូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនជាតិ​ជប៉ុន​នៅ​កម្ពុជា ទាំង​ក្នុង​ជំនួញ, កីឡា និង​វិស័យ​ផ្សេង​ៗ​ទៀត​បាន​ប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​របស់​ខ្លួន​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​គ្រួសារ​អ្នក​បើក​តាក់ស៊ី ដែល​រង​គ្រោះ​ដោយសារ​ត្រូវ​ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ជិត​កន្លែង​…

ខេត្តសៀមរាប ៖ ជនជាតិ​ជប៉ុន​នៅ​កម្ពុជា ទាំង​ក្នុង​ជំនួញ, កីឡា និង​វិស័យ​ផ្សេង​ៗ​ទៀត​បាន​ប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​របស់​ខ្លួន​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​គ្រួសារ​អ្នក​បើក​តាក់ស៊ី ដែល​រង​គ្រោះ​ដោយសារ​ត្រូវ​ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ជិត​កន្លែង​
ជញ្ជីងថ្លឹងរថយន្ត​​ ក្នុងភូមិ​សាស្ត្រ ស្រុក​ពួក ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតករ​សម្លាប់​ឈ្មោះ​ហ៊ឹ​ម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​អ្នក​បើក​តាក់ស៊ី រស់នៅ​ភូមិ​បិ​ង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ។

នេះ​ជា​ករណី​ឃាតកម្ម​ដ៏​កម្រ​ដែល​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ហើយ​ក៏​មិន​នឹក​ស្មានថា​ជា​ទ​ង្វើ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ជប៉ុន​សោះ ដូច្នេះ​ទាំង​អ្នកជំនួញ​, ក្រុម​កីឡាករ និង​វិស័យ​ផ្សេង​ៗ ព្រមទាំង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ក៏​នឹក​ស្មាន​មិន​ដល់​ថ្នាក់​ហ្នឹង​ដែរ ។

សូម​បញ្ជាក់​ថា សម្រាប់​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា នេះ​ជា​រឿង​ដ៏​អាម៉ាស​បំផុត ដែល​មាន​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​យ៉ាង​ដូច្នេះ​មក​លើ​លោក ហ៊ឹ​ម ចាន់ ជា​អ្នកបើកបរ​រថយន្តឈ្នួល​រង​គ្រោះ ដែល​ធ្វើ​ឱ្យ​ភរិយា​របស់​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​នេះ​ក្លាយជា​ស្ត្រី​មេម៉ាយ ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូនកំព្រា​ប្រុស​ស្រី​ចំនួន​៤​នាក់​យ៉ាង​ដូច្នេះ​សោះ​។

លោក Akihiro Kato ប្រធាន​ក្លិប​កីឡាបាល់ទាត់ អង្គ​រថា​យ​ហ្គឺ​រ បាន​បន្ត​សុំ​ទោស​មូ​យ​លើក​ជា​ពីរ​លើក​ចំពោះ​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក​បាន​ប្រកាស​ផ្តល់​ថវិកា​១០០០​ដុល្លារ​ដល់​គ្រួសារ​ជន​រង​គ្រោះ​។ ចំពោះ​លោក​ផ្ទាល់​ដែល​ជា​ថ្នាក់ដឹកនាំ​បាល់ទាត់ និង​ក្រុម​កីឡាករ​បាល់ទាត់​ជប៉ុន​នៅ​កម្ពុជា​បាន​កៀងគរ​ប្រមូល​ថវិកា​យក​មក​ផ្តល់​ជូន​ក្រុម​គ្រួសារ​រង​គ្រោះ​នៃ​សព​លោក ហ៊ឹ​ម ចាន់ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ​ចំនួន​៤០៤៥​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង ទទួល​ផែន​សន្តិសុខ​នៃ​ស្នងការ​នគរបាល​ខេត្ត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្តិចបន្តួច​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង ទទួល​ផែន​សន្តិសុខ​នៃ​ស្នងការ​នគរបាល​ខេត្ត ក្នុង​នាម​តំណាង​ឱ្យ​ក្រុម​គ្រួសារ​សព និង​ក្នុង​នាមរូប​លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ក្លិប​បាល់ទាត់ អង្គរ ថា​យ​ហ្គឺ​រ សៀមរាប និង​សូម​ជូនពរ​ម្ចាស់​ក្លិប ​ព្រមទាំង​​សមាជិក​ទាំងអស់​ជួប​តែ​សេចក្តីសុខ និង​ជោគជ័យ​ជា​រៀង​រហូត​។

កាលពី​ថ្ងៃ​ទី​២០ មីនា លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​បង្ហោះ​សារ​មួយ​ថា «​ចូលរួម​រំលែក​ទុក្ខ​ពី​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​» រូប​ខ្ញុំ​ពិតជា​ក្រៀមក្រំ នៅ​ពេល​ដែល​បានឮ​ដំណឹង​ថា អ្នកបើកបរ​រថយន្តឈ្នួល គឺ​លោក ហ៊ឹ​ម ចាន់ ដែល​ត្រូវ​ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុម​គ្រួសារ​នៃ​សព​របស់​លោក ហ៊ឹ​ម ចាន់ ផង ហើយ​សូម​វិញ្ញាណក្ខន្ធ​លោក ទៅ​កាន់​សុគតិភព​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ