រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ក្រោយពេលប្ដីស្លាប់ចោលទៅមួយរយៈ ក៏បានយកប្រុសក្មេងម្នាក់ទៀតធ្វើជាប្ដី ប៉ុន្តែក្រោយមក ប្ដីក្មេងរបស់គាត់ម្នាក់នោះ មានចិត្តមិនស្មោះត្រង់បានលួចលាក់មានស្នេហាថ្មីជាមួយស្រីក្មេងម្នាក់ទៀត ។ មិនតែប៉ុណ្ណោះ បានចាយលុយបំផ្លាញគាត់អស់ជាច្រើន ហើយថែមទាំង
យកម៉ូតូស៊េរីទំនើប១គ្រឿង ដែលប្រពន្ធទើបនឹងទិញឲ្យថ្មីៗទៅឌុបស្រីស្នេហ៍ជាញឹកញាប់ទៀតផង ។ លុះពេលចុងក្រោយ ទង្វើមានស្នេហ៍លួចលាក់នេះបែកការណ៍ដឹងដល់ប្រពន្ធ ក៏ផ្ទុះដូចគ្រាប់បែកបេ៥២អាមេ
រិក ។
ចំណែកស្ត្រីជាប្រពន្ធ ដោយសារតែមិនអាចទប់ស្កាត់ប្ដីបាន ក៏ប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ និងទូរស័ព្ទក្នុងវិទ្យុក្នុងស្រុកមួយចោទប្ដីថា ជាចោរលួចម៉ូតូ ។ ខណៈនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងនគរបាល២ខណ្ឌនិង២ស្រុក រួមមានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្ដាល ចេញពួនស្ទាក់ក្នុងស្ថានភាពប្រុងជើងការ ដើម្បីចាប់ខ្លួនតាមបណ្តឹងរបស់ប្រពន្ធ ។
ទីបំផុត ដោយសារតែម៉ូតូនេះមានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាពGPSផងនោះ ទើបនគរបាលបានតាមដានតាមសញ្ញានេះ ហើយក្រោយមកបានប្រទះឃើញម៉ូតូដែលមានភិនភាគ ដូចការប្រកាសខាងលើ ទៅដល់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបនគរបាលខណ្ឌដង្កោ ឃាត់បានទាំងមនុស្សនិងម៉ូតូ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែមីនា ។ លុះក្រោយមក នាំទៅសាកសួរទើបដឹងថា ករណីនេះមិនមែនជាចោរលួចម៉ូតូទេ គឺជារឿងស្នេហាត្រីកោណ ហើយប្រពន្ធហាមប្ដីមិនឲ្យយកម៉ូតូទៅដឹកស្រីក្មេងមិនបាន ទើបប្ដឹងចោទប្ដីថាជាចោរលួចម៉ូតូដើម្បីឲ្យសមត្ថកិច្ចជួយចាប់ប្ដីដោះស្រាយគ្នា ។
នគរបាលបានឲ្យដឹងថា ស្ត្រីជាប្រពន្ធមានអាយុប្រហែលជាង៥០ឆ្នាំ ឯបុរសជាប្ដីអាយុប្រហែល៣០ឆ្នាំ ។ អ្នកទាំង២នាក់មិនបានប្រាប់ឈ្មោះឲ្យដឹងឡើយ ដើម្បីលាក់បាំងការអៀនខ្មាស ហើយកោះសន្តិភាពក៏មិនចង់លាតត្រដាងភាពអាម៉ាស់នេះដែរ ។ ប៉ុន្តែស្ត្រីជាប្រពន្ធនិយាយប្រាប់នគរបាលថា កាលពីមុនគាត់ជាស្ត្រីមេម៉ាយ ដោយប្ដីស្លាប់ចោល ។ ក្រោយមក បានជួបនឹងប្រុសក្មេងម្នាក់នេះ ហើយមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក រហូតសម្រេចចិត្តយកគ្នាជាប្ដីប្រពន្ធតែម្ដង ។ គាត់សង្ឃឹមថា មានប្ដីក្មេងនឹងមានសុភមង្គល និងបានផ្ញើខ្លួនប្រាណ ផ្ញើវាសនាលើប្ដីក្មេងនេះតែម្នាក់គត់ ឱ្យបានយូរអង្វែងដល់ចាស់ជរា ។
ផ្ទុយទៅវិញ អ្វីដែលគាត់គិតគឺខុសស្រឡះ និងខកបំណងទាំងស្រុង ដោយសារតែប្ដីក្មេងនេះមានចិត្តផិតក្បត់ មិនស្មោះត្រង់ជាមួយរូបគាត់សោះ គឺលោកប្ដីបានទៅលួចលាក់មានស្រីថ្មីដែលជាស្រីក្មេងម្នាក់ ។ មិនតែប៉ុណ្ណោះ បានយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ១HK-៤៩៣៧ ដែលគាត់ទើបទិញឲ្យជិះទៅដឹកស្រីក្មេងជាញឹកញាប់ ។ មិនតែប៉ុណ្ណោះ មិនដែលគិតការរកសុីនោះទេ រយៈពេល១ឆ្នាំកន្លងទៅនេះ លោកប្ដីចាយលុយបំផ្លាញអស់ជាច្រើនថែមទៀតផង ។
នគរបាលឲ្យដឹងទៀតថា លុះនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែមីនា លោកប្ដីបានយកម៉ូតូជិះចេញពីផ្ទះទៅរកដឹកស្រីក្មេងទៀត ហើយដោយសារតែមិនអាចរារាំងឈ្នះទើបគាត់សម្រេចចិត្តប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ ។ ខណៈនោះ ក៏មានការប្រកាសតាមវិទ្យុទាក់ទងទៅតាមបណ្ដាគោលដៅនានាឲ្យជួយស្ទាក់ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច២ខណ្ឌនិង២ស្រុក គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្ដាល ចេញពួនស្ទាក់ក្នុងស្ថានភាពប្រុងជើងការ ។
លុះក្រោយមក នគរបាលខណ្ឌដង្កោបានប្រទះឃើញម៉ូតូដូចមានភិនភាគខាងលើទៅដល់ផ្លូវ៦០ម៉ែត្រ
ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ឃាត់បានទាំងមនុស្សនិងម៉ូតូតែម្ដង ។
ប្រភពខាងលើបន្តថា ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំទៅសាកសួរទើបដឹងថា បុរសនេះមិនមែនជាចោរលួចម៉ូតូទេ តែគឺជារឿងស្នេហាត្រីកោណ ដោយស្ត្រីចំណាស់ខឹងប្ដីក្មេងលួចមានស្រីថ្មីនិងយកម៉ូតូថ្មីសន្លាង១គ្រឿងខាងលើ ដែលគាត់ទើបទិញឲ្យទៅដឹកស្រីក្មេង ហើយគាត់រារាំងមិនបានទើបប្ដឹងចោទថា
ជាចោរ បង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះតែម្ដង ។
ក្រោយមក បុរសជាប្ដីត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្របសម្រួលគ្នាជាមួយប្រពន្ធចំណាស់ កុំឱ្យមានរឿងវែងឆ្ងាយទៀត ។ បន្ទាប់ពីធ្វើការសម្របសម្រួលគ្នារួចមក ស្ត្រីជាប្រពន្ធបានសម្រេចឈប់ប្ដឹងប្ដីវិញ រួចហើយប្ដីប្រពន្ធមួយគូនេះក៏នាំគ្នាចាកចេញពីប៉ុស្តិ៍នគរបាលត្រឡប់ទៅផ្ទះវិញទៅ ។ ប៉ុន្តែពេលទៅដល់ផ្ទះភ្លើងឆេះបែបណាទៀតនោះ ពុំមានអ្នកណាដឹងដល់ទេ ស្រួលមិនស្រួលឆាបឆេះតិចតួចប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ