ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ទទួលខុសត្រូវ​ប្រដាល់​បដិសេធ​ការ​ចោទប្រកាន់​រឿង​ធ្វើ​ឱ្យ​ប្រដាល់​សាកល​បាត់​មុខ​ពី​សង្វៀន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​កីឡាករ និង​គ្រូបង្វឹក​ខាង​ផ្នែក​ប្រដាល់​សាកល​ជា​ច្រើន​កំពុង​ចោទប្រកាន់​ថា ហេតុផល​ដែល​បណ្ដាល​ឱ្យ​វិស័យ​ប្រដាល់​សាកល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ដើរ​រលូន​ទៅ​មុខ គឺ​បណ្ដាល​មក​ពី​អ្នកកាន់ការ​នៅ​ក្នុង​វិស័យ​មួយ​នេះ​មិន​ចូលរួម​និង​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ចោទប្រកាន់​នេះ មន្ត្រីទទួលខុសត្រូវ​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ សង្វៀន​ទូរទស្សន៍​ស្ទើរ​ទាំងអស់​បាន​បង្ហាញ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​កីឡាករ និង​គ្រូបង្វឹក​ខាង​ផ្នែក​ប្រដាល់​សាកល​ជា​ច្រើន​កំពុង​ចោទប្រកាន់​ថា ហេតុផល​ដែល​បណ្ដាល​ឱ្យ​វិស័យ​ប្រដាល់​សាកល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ដើរ​រលូន​ទៅ​មុខ គឺ​បណ្ដាល​មក​ពី​អ្នកកាន់ការ​នៅ​ក្នុង​វិស័យ​មួយ​នេះ​មិន​ចូលរួម​និង​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ចោទប្រកាន់​នេះ មន្ត្រីទទួលខុសត្រូវ​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ សង្វៀន​ទូរទស្សន៍​ស្ទើរ​ទាំងអស់​បាន​បង្ហាញ ការ​ជំទាស់​ដោយ​លើក​ឡើង​ថា ហេតុផល​ដែល​វិស័យ​មួយ​នេះ​កាន់តែ​ចុះ​ខ្សោយ បើ​ទោះជា​ខាង​សហព័ន្ធ​ប្រឹងប្រែង​ដុតដៃដុតជើង គឺ​បណ្ដាល​មក​ពី​បញ្ហា​ដែល​កើត​មាន​ជា​ប្រព័ន្ធ​ប៉ុណ្ណោះ​។

មានការ​កត់សម្គាល់​កាន់តែ​ខ្លាំង​ថា ប្រដាល់​សាកល​កាន់តែ​ស្ងប់ស្ងាត់​ឡើង​ៗ ដោយ​អាច និយាយ​បាន​ថា ក្រៅពី​ខាង​សហព័ន្ធ​ជា​អ្នក​រៀបចំ​ការ​ប្រកួត​ជើងឯក​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង គឺ​មិន​មាន​ស្ថាប័ន​ទូរទស្សន៍​ណា​មួយ​រួម​គ្នា​ធ្វើ​នោះ​ទេ បើ​មានបាន​តែ​មួយ​ខ្យល់​ហើយ​ក៏​បិទ​សាប៊ូ​អស់ ។ ក្នុង​ពេល​បើក​ដំណើរការ​កម្មវិធី​ដំបូង បណ្ដា​សង្វៀន​ភាគច្រើន​សុទ្ធតែ​ប្រកាស​ជំហរ​ថា​នឹង​រៀបចំ​ការ​ប្រកួត​ប្រដាល់​សាកល​ឱ្យ​បាន​ទៀង​ទាត់ ដើម្បី​រួម​គ្នា​លើក​ស្ទួយ​វិស័យ​មួយ​នេះ ឱ្យ​មានការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ ។ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា បណ្ដា​ប៉ុស្តិ៍​ទូរទស្សន៍ ទាំងនោះ បាន​ត្រឹមតែ​បើក​សង្វៀន​តាម​គ្នា​តែ​មួយ​ប្រាវ​ប៉ុណ្ណោះ​ព្រោះ​មិន​បាន​ប៉ុន្មាន​ផង ក៏​បិទ​ស្របគ្នា ។

គ្រូបង្វឹក​ផ្នែក​ប្រដាល់​សាកល និង​មន្ត្រី​ប្រចាំ​សហព័ន្ធ​ជា​ច្រើន​បាន​បន្លុយ​ពាក្យ​ថា ហេតុផល​នៃ​ការ​បិទ​ចោល​ព្រម​គ្នា​នៃ​បណ្ដា​សង្វៀន​ទាំងនោះ គឺ​ពាក់ព័ន្ធ​នឹង​ឆន្ទៈ​របស់​អ្នក​រៀបចំ​ការ​ប្រដាល់ ដោយ​គ្រូបង្វឹក និង​មន្ត្រី​ទាំងនោះ បង្ហើប​ថា បណ្ដាល​មក​ពី​អ្នក​រៀបចំ​ការ​ប្រដាល់​ទទួលផល​ចំណេញ​មិន​ច្រើន​ទើប​សម្រេចចិត្ត​បិទ​ចោល ។

គ្រូបង្វឹក​កីឡាប្រដាល់​មួយ​រូប​បង្ហើប​ថា បើ​សង្វៀន​ទូរទស្សន៍​នៅ​តែ​បន្ត​ការ​ប្រដាល់​ខាង​ផ្នែក​សាកល គឺ​ទោះជា​បើក​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ក៏​មិន​ខ្វះ​អ្នក​ឡើង​ប្រកួត​នោះ​ដែរ ដោយសារ​តែ​ពេល​សហព័ន្ធ និង​បណ្ដា​សង្វៀន​ទូរទស្សន៍​បើក​ឱ្យ​មានការ​ប្រកួត​ប្រដាល់​សាកល គឺ​មាន​សិស្ស​មក​ហាត់ និង​មាន​កីឡាករ​ផ្នែក​ប្រដាល់សេរី​មិន​តិច​នោះ​ទេ​បាន​ងាក​មក​ប្រដាល់​សាកល ដែល​គ្រូបង្វឹក​រូប​នោះ អះអាង​ថា អត់​មាន​ខ្វះ​កីឡាករ​ឡើង​ប្រកួត​នោះ​ទេ​។

គ្រូបង្វឹក​ដដែល​បញ្ជាក់​ថា ហេតុផល​ប្រដាល់​សាកល​ទៅ​មុខ​មិន​រួច គឺ​ដោយសារ​តែ​ម្ចាស់​សង្វៀនមាន​ចេតនា​មិន​ចង់​បន្ត ហើយ​នៅ​ពេល​បើក​ការ​ប្រដាល់​ទៀត​សោត គឺ​ឱ្យ​តម្លៃ​ខ្លួន​ទាប​ជាង​ដាច់​ឆ្ងាយ ហើយ​បើ​ដាក់​ក៏​ដាក់​របៀប​បង្គ្រប់កិច្ច ដែល​ធ្វើ​ឱ្យ​កីឡាករ​ម្នាក់​ៗ​បាក់ទឹកចិត្ត ។ លោក បង្ហើប​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖«​ការ​ពិត​ប្រដាល់​សាកល កុំ​និយាយ​ថា​បើក​ប្រកួត​គេ​មិន​មើល ឬ​ខ្វះ​កីឡាករ ប៉ុន្តែ​មក​ពី​អ្នក​រៀបចំ​គេ​ពិបាក​ស៊ី ហើយ​ឱ្យ​តម្លៃ​គ្នា​ទាប​ៗ ទើប​ខ្ញុំ និង​ក្លិប​មួយ​ចំនួន លែង​បញ្ជូន​សិស្ស​ឱ្យ​ប្រកួត​តែ​ម្ដង​»។

លោក​ថា បណ្ដា​ប៉ុស្តិ៍​ខ្លះ កីឡាករ​របស់​លោក​ឡើង​វ៉ៃ​សេរី​បាន​៤០​ទៅ​៥០​ម៉ឺ​ន​រៀល​ទៅ​ហើយ តែ​នៅ​ពេល​សុំ​ឡើង​ប្រដាល់​សាកល បែរជា​ឱ្យ​ទាប​ជាង​ហ្នឹង ដោយ​លើក​ហេតុផល​ថា ម្ចាស់​ស្ពុ​ន​ស័​រ​មិន​ហ៊ានថ្លៃ​សម្រាប់​គូប្រកួត​ផ្នែក​សាកល ដែល​គ្រូបង្វឹក​រូប​នោះ យល់​ថា​ជា​រឿង​ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​ការ​ចូលរួម​លើក​ស្ទួយ​ពី​អ្នក​ទទួលខុសត្រូវ ។ ក្នុង​នោះ​មន្ត្រី​ដែល​បង្ហាញ​ពី​ការ​ត្អូញត្អែរ​ផ្សេង​ទៀត ក៏​បាន​ដាក់បន្ទុក​ថា ហេតុផល​ដែល​សង្វៀន​ប្រដាល់​សាកល​ត្រូវ​បាន​ដួល​ទាំងស្រុង​ពី​បណ្ដា​សង្វៀន​ទូរទស្សន៍ ក៏​ដោយសារ​តែ​ក្នុង​ពេល​ដាក់​ឱ្យ​កីឡាករ​ឡើង​ប្រកួត គឺ​ដាក់​តែ​កីឡាករ​បក្សពួក មិន​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​ខំ​ហ្វឹកហាត់​ពិតប្រាកដ​នោះ​ផង​ដែរ ។

អ្នក​លើក​ឡើង​ទាំងនោះ​សុទ្ធតែ​បាន​បង្ហើប​ថា ការ​បិទ​ចោល​សង្វៀន​ប្រដាល់​សាកល​ដែល​ធ្លាប់​កើត​មាននៅ​តាម​ទូរទស្សន៍ គឺជា​មូលហេតុ​ធ្វើ​ឱ្យ​កីឡាករ​ផ្នែក​ប្រដាល់​រត់​ចោល​អាជីព ហើយ​ធ្វើ​ឱ្យ​សហព័ន្ធ​ប្រដាល់​សាកល​កាន់តែ​ខ្វះ​ធនធាន​អ្នក​ល្អ​ពិតប្រាកដ ដោយ​មានការ​បង្ហើប​ទៀត​ថា នៅ​ពេល​សហព័ន្ធ​ធ្វើការ​ជ្រើសរើស​ជើងឯក​ទូរទស្សន៍​រាល់​ឆ្នាំ គឺ​ស្វះ​ស្វែងរក​កីឡាករ​មក​ប្រកួត​បង្គ្រប់កិច្ច​ទម្រាំ​បាន​គឺ​ពិបាក ។ គ្រូបង្វឹក​ថា បើ​សហព័ន្ធ​មិន​បើក​ការ​ប្រកួត​ឱ្យ​ញឹកញាប់​ដើម្បី​ឱ្យ​អ្នក​ស្ម័គ្រចិត្ត​ហ្វឹកហាត់​មាន​ចំណូល​មាន​ទីផ្សារ​មិន​រង់​ចាំតែ​ការ​ប្រកួត​ថ្នាក់​ជាតិ​មួយ​ឆ្នាំ​ម្ដង គឺ​មិន​ខុស​ពី​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ រក​អ្នក​ចង់​ហាត់​មិនឃើញ​នោះ​ទេ ស្របគ្នា​ដែល​គ្រូបង្វឹក ដែល​ធ្លាប់​សកម្ម​ក្នុង​វិស័យ​មួយ​នេះ ក៏​ចូល​និវត្តន៍​ចង់​អស់​។

សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ត្រូវ​គេ​ឃើញ​ប្រកាស​ផ្អាក​មុនគេ បន្ទាប់​ពី​បើក​ប្រដាល់សាកល​បាន​តែ​មួយ​រយៈ ហើយ​អះអាង​ថា ខ្វះ​ការ​គាំទ្រ ។ លោក សេង ក​ដិ​កា ជា​អ្នក​រៀប ចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​មួយ​នេះ​បាន​បដិសេធ​ថា ហេតុផល​ដែល​លោក​បិទ​ចោលការ​ប្រដាល់​សាកល មិនមែន​ដូច​អ្វី​ដែល​បាន​ចោទប្រកាន់​ខាងលើ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ពាក់ព័ន្ធ​នឹង​កត្តា​ជុំវិញ​ប៉ុណ្ណោះ ។ លោក​បាន​ថ្លែង​បញ្ជាក់​ថា ស្ថាប័ន​ទាំងមូល​នៅ​តែ​ចង់​រៀបចំ​ការ​ប្រដាល់​សាកល​បង្អួត​ភ្នែក​មហាជន ប៉ុន្តែ​បណ្ដាល​មក​ពី​មាន​ហេតុផល​ទើប​សម្រេចចិត្ត​លុប​ចោល ។

លោក​ថា ប្រដាល់​សាកល​មិនសូវ​ទទួល​បានការ​គាំទ្រ​ណាស់ណា​នោះ​ទេ ដោយសារ​តែ​កីឡា​មួយ​នេះ តម្រូវ​ឱ្យ​ប្រកួត​ដោយ​ប្រើ​តែ​ដៃ ដែល​អ្នក​ទស្សនា​មិនសូវ​មើលឃើញ​ពី​ភាព​រស់​រវើក ។ លោក​ថា​ប្រដាល់សេរី ហាក់​ជាប់ចិត្ត​ជាង​នៅ​ក្នុង​ផ្នត់គំនិត​មហាជន ទើប​ធ្វើ​ឱ្យ​អ្នក​ស្នេហា​កីឡា​មួយ​នេះ មិន​ទទួលយក​កីឡាប្រដាល់​មួយ​ផ្សេង ដែល​លោក​ចង់​សំដៅលើ​ការ​ប្រដាល់​សាកល ដែល​មាន​ដង្ហើមរស់​ល្អ​តែ​មួយ​ឆាវ​ចុង​ក្រោយ​ក៏​ពិបាក​។

លោក​និយាយ​ថា​៖«​ខ្មែរ​យើង​ជាប់ចិត្ត​តែ​ប្រដាល់ សេរី​ប្រើ​ដៃ​ប្រើ​ជើង ដល់​ឱ្យមក​មើល​ប្រដាល់ សាកល​ប្រើ​តែ​ដៃ ហើយ​មាន​ដាក់​របាំង​ក្បាល​អី ការពារ​ផង មើល​មិន​ចូល​ភ្នែក​ទេ អ៊ីចឹង​ហើយ​ទើប​យើង​ដំណើរការ​ប្រដាល់​សាកល​មិន​បាន​ល្អ​»​។

លោក​ថា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​រំពឹង​តែ​ការ​គាំទ្រ​ប៉ុណ្ណោះ ដូច្នោះ​បើ​ការ​គាំទ្រ​មិន​មាន​នោះ​អ្នក​ផ្ដល់​កញ្ចប់​ប្រាក់​ឱ្យ​រៀបចំ​កម្មវិធី​ក៏​មិន​ចង់​បោះទុន​ទៀត​ដែរ ទើប​រឹតតែ​ជា​សម្ពាធ​មិន​អាច​ឱ្យ​ប៉ុស្តិ៍​លេខ​៥ បន្ត​ការ​ប្រកួត ។ លោក​នៅ​តែ​ចង់​ដំណើរការ​ប្រដាល់​សាកល ប៉ុន្តែ​បណ្ដាល មក​ពី​ឧបសគ្គ​មួយ​ចំនួន​មិន​អាច​ឱ្យ​បន្ត​ទៅ​កើត ទើបបាន​ត្រឹមតែ​ប៉ង​ចង់​បង្កើត​វិញ តែ​មិន​អាច​ទៅ​រួច ។ យ៉ាងណាមិញ លោក​ទទូច​ចង់ឱ្យ​ប្រដាល់​សាកល​មានការ​ប្រកួត​គគ្រឹកគគ្រេង​គ្រប់​បុ​ស្តិ៍ ទើប​អាច​សាប​ព្រួស​ផ្នត់គំនិត​អ្នក​មិន​ចូល​ចិត្តការ​ប្រដាល់​សាកល​ឱ្យ​ចាប់អារម្មណ៍​ច្រើន​ឡើង​។

មិន​ខុស​គ្នា​ដែរ លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ បាន​ច្រាន​ចោល​ដែរ​ថា បើ​ស្ថាប័ន​របស់​លោក​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​មួយ​នេះ មិនមែន​លោក​ខំ​រៀបចំ​កាលពី​គ្រា​មុន​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ក្នុង ពេល​បើក​ប្រដាល់ បណ្ដា​ក្លិប​ដែល​លោក​សហការ​រៀបចំ កីឡាករ​មិនដឹង​ឯណា​ឯ​ណី ហើយ​ក្លិប​ខ្លះ​អះអាង​ពី​សមត្ថភាព​របស់​កូនសិស្ស តែ​ពេល​មក​ដល់​រេញ គឺ​ប្រកួត​មិនកើត​ធ្វើ​ឱ្យ លោក​ត្រូវមាត់​ពី​ខាង​ស្ពុ​ន​ស័​រ ទើប​លោក តស៊ូ​មិនកើត ។

ស្ថាប័ន​របស់​លោក​ទើបតែ​សម្រេច​បិទ​ចោលការ​ប្រដាល់​កាលពី​ពេល​កន្លង​ទៅ​ប៉ុណ្ណោះ ដោយសារ​តែ​ហេតុផល​ខ្វះ​ការ​គាំទ្រ និង​ខ្វះ​អ្នក​ឧបត្ថម្ភ​កម្មវិធី​តែ​ម្ដង ដែល​ករណី​នេះ លោក​ថា​គឺ​បណ្ដាល​មក​ពី​ក្លិប និង​កីឡាករ​ខ្លួនឯង ។ លោក​បញ្ជាក់​ថា ការ​ប្រកួត​ប្រដាល់សេរី គឺ​ទោះជា​អ្នក​ប្រដាល់​ថ្មី ក៏​មាន​អ្នក​ចង់​ទស្សនា ជា​ពិសេស​ប្រសិនបើ​កីឡាករ​ទាំង​ពីរ​វាយ​គ្នា​បាន​ល្អ​នៅ​លើ​សង្វៀន ។

លោក​ថា ហេតុផល​បិទ​ចោលការ​ប្រដាល់​សាកល គឺ​ដោយសារ​តែ​ពេល​ដាក់​ប្រដាល់​សាកល​នៅ​ក្នុង​ការ​ប្រកួត​ប្រដាល់សេរី គឺ​ស្ងាត់​សម្រាប់​​ការ​គាំទ្រ​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​អ្នក​ឧបត្ថម្ភ​កម្មវិធី សម្រេច​កាត់​ចោលការ​ប្រដាល់​សាកល​ចេញ ខណៈ​ដែល​លោក​គ្រាន់តែ​ជា​អ្នកដឹកនាំ​កម្មវិធី ក៏​មិន​អាច​ធ្វើ​អ្វី​ដោយ​មិន​មើល​ទីផ្សារ​នោះ​ដែរ ទើប​ធ្វើ​ឱ្យ​ការ​ប្រដាល់​សាកល​មិន​អាចរ​ស់បាន​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ ។ លោក​បន្ត​ថា ប្រដាល់​សាកល​បើ​ទោះជា​ចង់​រៀបចំ​ជាប់លាប់ ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ ដោយសារ​តែ​ភាព​ជា​ក់ស្ដែង​កីឡាករ​ប្រដាល់​សាកល​ក៏​មិន​មាន​ច្រើន​នាក់​ដោយ​ក្នុង​ការ​ផ្គូផ្គង​ម្ដង​ៗ​គឺ​ពិបាក​ស្វែងរក​អ្នក​ប្រកួត​ឱ្យ​បាន​ល្អ​រៀង​រាល់​ស​ប្ដា​ហ៍ ហើយ​ថា​ទម្រាំ​តែ​បាន​ដំណើរការ​ការ​ប្រដាល់​សាកល​មួយ​អាទិត្យ​ៗ​នៅ​ក្នុង​ពេល​នោះ គឺ​មិន​ខុស​ពី​ដាក់​កីឡាករ​ឆិ​ន​ឆៃ​បង្គ្រប់កិច្ច ដែល​ធ្វើ​ឱ្យ​លោក​ស្មុគស្មាញ ។

លោក​និយាយ​ថា​៖«​ប្រដាល់​សាកល​ពិបាក​ដើរ​ណាស់​សម្រាប់​ស្ថាប័ន​ទូរទស្សន៍ ដោយសារ​ទី​១ អ្នក​ទស្សនា​មិនសូវ​មាន​អ្នក​ចូល​ចិត្ត ទី​២​អ្នក​ស្ពុ​ន​ស័​រ​ទាមទារ​មិន​ឱ្យ​ដាក់ និង​ទី​៣​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​កីឡាករ​ល្អ​ៗ​ដើម្បី​ប្រកួត​ទេ ទម្រាំ​បាន​ប្រកួត​រួច មួ​យស​ប្ដា​ហ៍​ៗ គឺ​ពិបាក​ណាស់ ពេល​ខ្លះ​រើស​អ្នក​ប្រកួត​ឱ្យ​តែ​បាន​ទើប​ចង់​បន្ត​ក៏​ពិបាក​»​។ លោក​ថា ប្រដាល់​សាកល​បើ​បើក​ការ​ប្រកួត យូរ​ៗ​ម្ដង ដូច​គណៈកម្មការ​ប្រដាល់​សាកល​រៀបចំ នោះ​ប្រកួត​បាន​ល្អ តែបើ​ឱ្យ​ប្រកួត​ល្អ​ប្រចាំ​ស​ប្ដា​ហ៍ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ម្យ៉ាង​មក​ពី​គ្រូបង្វឹក​ក្លិប​ខ្លះ មាន​បញ្ហា​លាប​ពណ៌​គ្នា​ចុះឡើង ខឹង​រឿង​សង្វៀន​លោក​មិន​ដាក់​សិស្ស​ឱ្យ​ប្រកួត​ញឹកញាប់​អ៊ីចេះ​អ៊ីចុះ​មិន​ចេះ​អស់​ផង ទើប​លោក​សម្រេច​បិទ​ចោល ហើយ​មិន​ច្បាស់​ពី​គម្រោង​បើក​ឡើង​វិញ ។ ទោះបី​យ៉ាងណា​លោក​ថា បើ​បរិយាកាស​អាច​ឱ្យ​លោក​ដំណើរការ​ឡើង​វិញ គឺ​លោក​នឹង​ធ្វើការ​ពិចារណា​។

ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​ទើប​គេ​កត់​សម្គាល់ថា កីឡាករ​ប្រដាល់​សាកល​មិនសូវ​មាន​ទីផ្សារ ហើយ​កាន់តែ​បណ្ដាល​ឱ្យ​ពួក​គេ​ខ្លះ​សម្រេចចិត្ត​បោះបង់​អាជីព ហើយ​វិស័យ​មួយ​នេះ​ហាក់​មិនសូវ​មាន​សកម្មភាព​ខ្លាំង បើ​ទោះជា​កីឡាករ ឃុន ឌី​ម៉ា ធ្លាប់​បាន​តំណាង​ផ្នែក​ប្រដាល់​សាកល ទៅ​ដណ្ដើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សុ​ី​ហ្គេ​ម នា​ពេល​កន្លង​មក​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ