សិង្ហបុរី ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃច័ន្ទកន្លងមកថា តម្លៃប្រេងបានធ្លាក់ចុះខណៈដែលមានកង្វល់ថាការអន់ថយសេដ្ឋកិច្ចអាចនឹងប៉ះពាល់ដល់តម្រូវការប្រេង ប៉ុន្តែទីផ្សារប្រេងឆៅនៅតែទទួលបានការជំរុញពីការកាត់បន្ថយការផ្គត់ផ្គង់ពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងការដាក់ទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់និងវ៉េណេស៊ុយអេឡាដដែល។
តម្លៃប្រេងរបស់ក្រុមហ៊ុន Brent បានធ្លាក់ចុះ ១៣សេន ឬ០.២%មកស្មើ ៦៧.០៣ដុល្លារក្នុងមួយធុង ខណៈដែលតម្លៃប្រេង West Texas Intermediate វិញបានធ្លាក់ចុះ ២០សេន ឬ០.៣% មកស្មើ ៥៨.៣២ដុល្លារក្នុងមួយធុងផងដែរ។
ក្រុមហ៊ុន Bernstein Energy បាននិយាយកាលពីថ្ងៃច័ន្ទកន្លងមកថា “ហានិភ័យធំជាងគេគឺការអន់ថយតម្រូវការព្រោះតែការធ្លាក់ចុះនៃការលូតលាស់សេដ្ឋកិច្ច។ ការសម្ម៉ត់របស់យើងគឺតម្រូវការប្រេងជុំវិញពិភពលោកនឹងកើនឡើង ១.៣លានធុងក្នុងមួយថ្ងៃក្នុងឆ្នាំ ២០១៩ នេះ… ការអន់ថយជុំវិញពិភពលោកស្របពេលនេះអាចនឹងជំរុញដល់តម្រូវការប្រេងឲ្យស្មើក្រោម ១លានធុងក្នុងមួយថ្ងៃវិញ”។
ទិន្នផលក្នុងវិស័យផលិតកម្មអាមេរិកបានធ្លាក់ចុះអស់២ខែជាប់ៗគ្នាមកហើយកាលពីខែកុម្ភៈ ដែលជាមុខសញ្ញាបង្ហាញថាសេដ្ឋកិច្ចធំជាងគេលើពិភពលោកនេះកំពុងតែជួបប្រទះនឹងការអន់ថយក្នុងត្រីមាសទី១។
ក្នុងអាស៊ីវិញ ការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះអស់៣ខែជាប់ៗគ្នាមកហើយកាលពីខែកុម្ភៈដែលបង្ហាញពីឥទ្ធិពលនៃការធ្លាក់ចុះនៃតម្រូវការជុំវិញពិភពលោក។ យ៉ាងណាក្តីតម្លៃប្រេងបានកើនឡើងប្រមាណ ១ភាគ៤ទៅហើយតាំងពីដើមឆ្នាំនេះខណៈដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់និងវ៉េណេស៊ុយអេឡា និងខណៈដែល OPEC និងដៃគូដូជជារុស្ស៊ីបានសន្យាថានឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងប្រមាណ១.២លានធុងក្នុងមួយថ្ងៃដើម្បីជួយបង្កើនតម្លៃប្រេង។
យ៉ាងណាក្តី ភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃសុក្រថាពួកគេមិនគិតថាទីផ្សារប្រេងមានការធ្លាក់ចុះច្រើនចាប់ពីទ្រីមាសទី២នាឆ្នាំនេះទេ។ កត្តាសំខាន់សម្រាប់ការផ្គត់ផ្គង់និងតម្រូវការប្រេងគឺសហរដ្ឋអាមេរិកដែលកំពុងមើលឃើញទិន្នផលប្រេងខ្លួនកើនឡើងប្រមាណ២លានធុងក្នុងមួយថ្ងៃក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។
ចែករំលែកព័តមាននេះ