ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីនភ្លើង​ត្រូវប៉ាន់ បន្ទាប់​ពី​កង្វះខាត​ថាមពល​អគ្គិសនី​ចោទ​ជា​បញ្ហា​ធំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ដាច់​ភ្លើង​បាន​ចោទ​ជា​បញ្ហា​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ធំ រហូត​ម្ចាស់​ទីតាំង​មួយ​ចំនួន​ធំ​បាន​សម្រេចចិត្ត​ជាវ ម៉ាស៊ីនភ្លើង​យក​មក​ផ្គត់ផ្គង់​ការ​ខ្វះខាត​ថាមពល​អគ្គិសនី ជាក់ស្តែង​ម៉ាស៊ីនភ្លើង​ពេល​នេះ​កំពុង​ត្រូវប៉ាន់ ជា​ពិសេស​កន្លែង​លក់​ម៉ាស៊ីនភ្លើង​ខ្លះ គឺ​លក់​អស់​ម៉ាស៊ីនភ្លើង​ពី​ឃ្លាំង​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ដាច់​ភ្លើង​បាន​ចោទ​ជា​បញ្ហា​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ធំ រហូត​ម្ចាស់​ទីតាំង​មួយ​ចំនួន​ធំ​បាន​សម្រេចចិត្ត​ជាវ ម៉ាស៊ីនភ្លើង​យក​មក​ផ្គត់ផ្គង់​ការ​ខ្វះខាត​ថាមពល​អគ្គិសនី ជាក់ស្តែង​ម៉ាស៊ីនភ្លើង​ពេល​នេះ​កំពុង​ត្រូវប៉ាន់ ជា​ពិសេស​កន្លែង​លក់​ម៉ាស៊ីនភ្លើង​ខ្លះ គឺ​លក់​អស់​ម៉ាស៊ីនភ្លើង​ពី​ឃ្លាំង​តែ​ម្តង ។

បុគ្គលិក​ផ្នែក​លក់​ម៉ាស៊ីនភ្លើង​មួយ​រូប​នៅ​ហាង​លក់​ម៉ាស៊ីនភ្លើង​មួយ​កន្លែង នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ការ​លក់​ម៉ាស៊ីនភ្លើង​មាន​កំណើន​ខ្លាំង​មិន​គួរ​អោយ​ជឿ ក្រោយ​ពី​មាន​បញ្ហា​នៃ​ការ​ខ្វះខាត​អគ្គិសនី​រហូត​ការ​ផ្គត់ផ្គង់​ត្រូវ​កាត់​ផ្តាច់​តាម​តំបន់​ជា​ច្រើន​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត ដែល​បណ្តាល​ឲ្យ​មានការ​ខឹងសម្បា​ពី​សំណាក់​អ្នក​ប្រើប្រាស់ ។

បុគ្គលិក​ផ្នែក​លក់​ដដែល​បាន​បញ្ជាក់​ថា «​ជាក់ស្ដែង​ពេល​នេះ មិន​មាន​ម៉ាស៊ីនភ្លើង​សម្រាប់​ទុក​ក្នុង​ឃ្លាំង​នោះ​ទេ ដូច្នេះ​បើសិនជា​អតិថិជន​ចង់​ទិញ​ម៉ាស៊ីនភ្លើង គឺ​ត្រូវការ​បញ្ជា​ទិញ​ជា​មុន ដើម្បី​អោយ​ក្រុមហ៊ុន​នាំ​ពី​ក្រៅប្រទេស​មក​ផ្គង់​ផ្គង់​វិញ​» ។ បុគ្គលិក​ផ្នែក​លក់​រូប​នេះ​បាន​បន្ត​ថា កាលពីមុន ភាគច្រើន​លក់ដាច់​តែ​ប្រភេទ​ម៉ាស៊ីនភ្លើង​ធំ​ៗ​តាម​សហគ្រាស និង​ក្រុមហ៊ុន តែ​ពេល​នេះ លក់ដាច់​ខ្លាំង​ទៅ​លើ​ប្រភេទ​ម៉ាស៊ីនភ្លើង​តូច​ៗ​សម្រាប់​ផ្គត់ផ្គង់​តាម​ផ្ទះ និង​តាម​ហាង​កាហ្វេ​តូច​ៗ​ជាដើម ដែល​ម៉ាស៊ីន​នេះ​សម្រាប់​ដាក់​បាន​តែ​ភ្លើង អំ​ពូ​ល និង​កង្ហារ ទូរទស្សន៍​ជាដើម ដោយ​មិន​អាច​ដាក់​បាន​ម៉ាស៊ីនត្រជាក់ ឬ​ទូរ​ទឹកកក​អី​បាន​នោះ​ទេ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ថ្មី​ៗ​នេះ បាន​សំណូមពរ​ជា​ច្រើន​លើក​ច្រើន​សារ ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​មួយ​រយៈ ហើយ​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​ជាវ​ម៉ាស៊ីនភ្លើង​យក​មក​ប្រើប្រាស់​បណ្តោះ អាសន្ន​សិន ដោយសារ​តែ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នា​រដូវក្តៅ​នេះ​មានការ​ខ្វះខាត​ដល់​ទៅ​ជាង ៤០០ មេ​ហ្គា
វ៉ា​ត់ ។ ជាក់ស្តែង ម្ចាស់​គ្លីនិក​មួយ​រូប​បាន​បង្ហាញ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​រាជ រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​នៃ​ការ​រអាក់រអួល​ការ​ផ្គត់ផ្គង់​ថាមពលអគ្គីសនី តាម​រយៈ​ការ​ជាវ​ម៉ាស៊ីន ភ្លើង​យក​មក​ប្រើប្រាស់​នៅ​គ្លីនិក​របស់​ខ្លួន ។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស ស៊ិ​ក ធី​រះ ម្ចាស់​គ្លីនិក​ឯកទេស​ឆ្អឹង បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ច័ន្ទ ថា«​ឆ្លើយ​តប​តាម​សំណូមពរ​របស់​សម្តេច​នាយករ​ដ្ធ​មន្ត្រី និង​ការ​អំពាវនាវ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ជា​ពិសេស​ដើម្បី​សុខ​សុវត្ថិភាព​របស់​អ្នកជំងឺ ការ​ចំណាយ​មួយ​ត្រូវ​បាន​ធ្វើ​ទ្បើ​ង​។ ម៉ាស៊ីនភ្លើង​បំរុង​ក្នុង​ពេល​ដាច់​ចរន្តអគ្គិសនី​មួយ​ត្រូវ​បាន​ទិញ​ស្មើ 7500$ ។ សៀង​ហើយ​ខែ​នេះ (​ជេរ ខឹងសម្បារ រិះគន់​បែប​ជាន់ពន្លិច មិន​បាន​ផ្តល់​អ្វី​មក​វិញ​ទេ​)» ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី ១៩ ខែមីនា ឆ្នាំ​២០១៩ នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស ស៊ិ​ក ធី​រះ មាន​ប្រសាសន៍​បញ្ជាក់​ថា «​ធម្មតា​ការ​រកស៊ី យើង​ត្រូវ​ចេះ​ទទួលខុសត្រូវ​លើ​អ្នកជំងឺ​របស់​យើង ។ នៅ​ក្នុង​ស្ថាន ភាព​នៃ​កំណើន​ប្រើប្រាស់​អគ្គិសនី កើនឡើង​ខ្ពស់ ហើយ​កម្តៅ​ក៏​ក្តៅ​ខ្លាំង ហើយ​ខ្វះខាត​ទឹក ដូច្នេះ បើ​យើង​បន្ទោស​ខាង​អគ្គី​ស​នី​ទាំងស្រុង ក៏​មិនកើត​ដែរ ។ ដើម្បី​សុ​វត្តិភាព​របស់​អ្នកជំងឺ ហើយ​យើង​ប្រកប​របរ​បើក​គ្លីនិក ជា​ធម្មតា​នៅ​ក្នុង​មុខរបរ​អី​ក៏​ដោយ យើង​ត្រូវ​ត្រៀម​សម្រាប់​ហានិភ័យ​ដោយ​ចៃដន្យ​ដែល​អាច​កើត​មាន ដូច្នេះ​យើង​ត្រូវ​រៀន​ចេះ​ដោះស្រាយ​បញ្ហា ជា​ជាង​យើង​ទៅ​អង្គុយ​រអ៊ូ យើង​ត្រូវ​បង្ហាញ​ទំនួល​ខុស​ត្រូវ​ចំពោះ​អ្នកជំងឺ ព្រោះ​ការ​ខ្វះខាត​អគ្គិសនី​នេះ​តែ​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ​» ។ យ៉ាងណាមិញ ម្ចាស់​គ្លីនិក​ខាងលើ​ទទួលស្គាល់​ថា​ការ​ចំណាយ​ជាវ​ម៉ាស៊ីនភ្លើង​នា​ពេល​នេះ​គឺជា​ចំណាយ​ក្រៅ​ខ្ទង់​ដែល​មិន​បាន​ត្រៀម​ទុក ។

សូម​រម្លឹក​ថា សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៨ ខែមីនា កន្លង​ទៅ​បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​អត់ធ្មត់ យោគយល់​ចំពោះ​បញ្ហា​ដាច់​ភ្លើង និង​ដាច់​ទឹក នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ផង​ដែរ ដូច្នេះ​ហើយ​ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ សម្ដេច​ស្នើ​ឲ្យ​អ្នក​ដែល​មាន​ម៉ាស៊ីនភ្លើង ត្រូវ​បញ្ចេញ​មក​ប្រើប្រាស់​បណ្ដោះអាសន្ន​សិន​។ ចំណែកឯ​ការ​ដាច់​ភ្លើង​តាម​តំបន់​ខ្លះ​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន គឺ​បណ្ដាល​មក​ពី​ការ​កើនឡើង​កម្តៅ ដែល​ធ្វើ​ឲ្យ​វា​រី​អគ្គិសនី​មិន​អាច​ដំណើរការ​បាន ហើយ​ខ្វះ​ថាមពល​រហូត​ដល់ ៤០០​មេ​ហ្គា​វ៉ា​ត់ និង​ត្រូវ​បង្ខំចិត្ត​ផ្អាក​អគ្គិសនី​នៅ​តំបន់​នេះ ។

សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​វា​រី​អគ្គិសនី​ទាំងអស់​របស់​យើង ដោយសារ​ទឹក​វា​ហួតហែង ធ្វើ​ឲ្យ​វា​រី​អគ្គិសនី​របស់​យើង ទាញ​តួប៊ីន​អត់​រួច ដែល​ត្រូវ​បិទ​មួយ​ចំនួន​ធ្វើ​ឲ្យ​យើង​កំពុង​ខ្វះ​អគ្គិសនី​រហូត​ដល់​៤០០​មេ​ហ្គា​វ៉ា​ត់ ដូច្នេះ​ហើយ​បាន​វា​ផ្គត់ផ្គង់​អគ្គិសនី​របស់​យើង មានការ​រអាក់រអួល​។ រហូត​ឈាន​ដល់​កន្លែង​ខ្លះ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​មានការ​កាត់​ផ្ដាច់ ផ្អាក​ការ​ផ្គត់ផ្គង់​ដើម្បី​ទៅ​ផ្គត់ផ្គង់​កន្លែង​នេះ រួច​ហើយ​បន្ទាប់​ទៅ​ផ្គត់ផ្គង់​កន្លែង​នោះ​»​។ សម្ដេច​តេ​ជោ​បន្ដ​ថា «​សូម​មេត្ដា​អត់ធ្មត់ ក្នុង​ស្ថានភាព​លំបាក ហើយ​កន្លែង​ណា​ដែល​មាន​លទ្ធភាព គឺ​បញ្ចេញ​ម៉ាស៊ីនភ្លើង​យក​មក​ប្រើប្រាស់​។ ពិត​ហើយ​តែ​បញ្ឆេះ​ម៉ាស៊ីន​ភ្លាម​វា​លឺ​សំឡេង វា​មាន​ផ្សែង ប៉ុន្ដែ​វា​ប្រសើរ​ជាង​យើង​ដុត​ចន្លុះ ដុត​ចង្កៀងប្រេងកាត […] ខ្ញុំ​សូម​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​មេត្ដា​យោគយល់​ការ​លំបាក​នេះ​» ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ