ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ពិសេសអ្នកស្រុកកំពង់លែង ពិតជាសប្បាយរីករាយក្រៃលែង ក្រោយពេលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានប្រកាសសម្រេចផ្ដល់ការអនុញ្ញាតសាងសង់ស្ពាន និងផ្លូវតភ្ជាប់រវាងកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដែលផ្លូវនេះមានចម្ងាយជាង៥៧គីឡូម៉ែត្រ និងស្ពានមានប្រវែង ៣៩០០ម៉ែត្រ សម្រាប់ជូនជាកាដូឆ្នាំថ្មី ជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ។ សេចក្តីប្រកាសនេះបានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋមកពីស្រុកកំពង់លែង ដែលបានមកចូលរូមទស្សនាការប្រណាំងទូក នៅមាត់ទន្លេផ្សារក្រោម កាលពីរសៀល ថ្ងៃទី១៧ ខែមីនា ដែលជាថ្ងៃទី៣នៃបុណ្យទន្លេ បានសម្តែងក្តីរីករាយ និងបានថ្លែងអំណរគុណ យ៉ាងធំធេង ចំពោះការសម្រេចចិត្តរបស់សម្តេចក្នុងការផ្តល់ការសាងសង់ស្ពាន និងផ្លូវ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ។
កាដូទាំងនេះនឹងសម្រួលដល់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ អ្នកស្រុកកំពង់លែង ដែលតែងជួបការលំបាក ក្នុងការដឹកជញ្ជូនកសិផលក៏ដូចជាទំនិញគ្រប់ប្រភេទ ឆ្លងកាត់ពីស្រុកកំពង់លែងទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង ដែលមានប្រវែងតែ៤គីឡូម៉ែត្រសោះ តែហាក់នៅសែនឆ្ងាយ ព្រោះត្រូវឆ្លងកាត់ទន្លេចំនួន៣ ។ ជាងនេះទៅទៀត សិស្ស មន្ត្រីរាជការ មានផ្ទះសំបែង នៅស្រុកកំពង់លែង ដែលត្រូវឆ្លងកាត់ទៅរៀន និងទៅធ្វើការនៅទីរួមខេត្តកំពង់ឆ្នាំង ក៏ត្រូវជួបការលំបាកផងដែរ ។
ក្រោយពីស្ពាននេះសាងសង់ហើយប្រជាពលរដ្ឋលែងជួបការលំបាកទៀតហើយ ស្ពាន និងផ្លូវតភ្ជាប់រវាងខេត្តទាំងពីរនឹងក្លាយជាសរសៃឈាមគមនាគមន៍សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូន កាត់បន្ថយការចំណាយពេលវេលា ថវិការ និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាពុំខាន ៕
ចែករំលែកព័តមាននេះ