ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំជួលចិត្តណាស់​…​ពេលដឹងពួកនាង​ខំរត់​ទៅ​​រកទឹកដែរ បែរអត់ទឹក​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ស្ថានីយប្រេងឥន្ធនៈ ​និង​លំនៅ​ឋាន​ចំនួន​៤​ខ្នង​យ៉ាង​សន្ធោរ​​សន្ធៅ ខណៈ​ព្រះអាទិត្យ​បាន​លិច​បាត់​នៅ​ទិស​ខាងលិច ហើយ​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​មានការ​រន្ធត់​ក្នុង​ចិត្តជា​ពន់ពេក​នោះ គឺ​យុវតី​ដ៏​ស្រស់​សោភា​ក្មេងខ្ចី​២​នាក់​បងប្អូន​ជីដូនមួយបាន​ស្លាប់​ក្នុង​ភ្លើង​ថ្ងៃ​ទី​១៨ មីនា វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​មេ​ប៉ៃ…

ខេត្តមណ្ឌលគិរី ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ស្ថានីយប្រេងឥន្ធនៈ ​និង​លំនៅ​ឋាន​ចំនួន​៤​ខ្នង​យ៉ាង​សន្ធោរ​​សន្ធៅ ខណៈ​ព្រះអាទិត្យ​បាន​លិច​បាត់​នៅ​ទិស​ខាងលិច ហើយ​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​មានការ​រន្ធត់​ក្នុង​ចិត្តជា​ពន់ពេក​នោះ គឺ​យុវតី​ដ៏​ស្រស់​សោភា​ក្មេងខ្ចី​២​នាក់​បងប្អូន​ជីដូនមួយបាន​ស្លាប់​ក្នុង​ភ្លើង​ថ្ងៃ​ទី​១៨ មីនា វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។ ក្នុង​ហេតុការណ៍​នេះ​ដែរ​ក៏​មាន​ស្ត្រី​២​នាក់​ផ្សេង​ទៀត បាន​រង​របួសស្រាល ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

លោក​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​ ដែល​មាន​វត្ត​មាននៅ​ក្នុង​ហេតុការណ៍​នោះ​មាន​ប្រសាសន៍​ថា ហេតុ​ការណ៍​​នេះ​ គឺ​បណ្តាល​មក​ពី​រថយន្ត​ស៊ីទែន​ដឹក​សាំង ​បាន​បើក​ចូល​ទៅ​ត​ទុយោ​បង្ហូរ​ប្រេងសាំង​ដាក់​ក្នុង​ស៊ី​ទែន​ក្រោយ​ផ្ទះ​ សម្រាប់​លក់រាយ​ជា​ប៊ីដុងដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ា​ង សុធី ហៅ​(​អុល​) ហើយ​ពេល​នោះ​ ក៏​បាន​ខ្ចាយ​ប្រេងសាំង​ចេញពី​ទុយោ​ជះ​សាច​ចូល​ដល់​ក្នុង​ផ្ទះបាយ ​ដែល​កំពុង​ធ្វើ​ម្ហូបអាហារ​ដោយ​ប្រើ​ចង្ក្រាន​ហ្គាស ​បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​តែ​ម្តង និង​រាលដាល​ដល់​ផ្ទះ​ចំនួន​៣​ខ្នង​ទៀត ។

លោក​អភិបាលខេត្ត​ឱ្យ​ដឹង​ទៀត​ថា យុវតី​រង​គ្រោះ​២​នាក់​ដែល​ស្លាប់ ម្នាក់​ជា​កូន​និង​ម្នាក់​ទៀត​ជា​ក្មួយ បាន​ស្លាប់​ក្នុងផ្ទះ​ឆេះ​នេះ​ដែល​ម្នាក់ ​គឺ​កូនស្រី​ឈ្មោះ ហ៊ា​ង សម្ផស្ស អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ក្មួយ​ស្រី​ឈ្មោះ ហ៊ា​ង ស្រី​លី​ន អាយុ​១៤​ឆ្នាំ ។ ចំណែក​ស្ត្រី​២​នាក់​ដែល​រង​របួស​ម្នាក់​ជា​ម្តាយ​យុវតី​ដែល​ស្លាប់ និង​ម្នាក់​ទៀត​ជា​អ្នក​ជិតខាង ។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ ដែល​បាន​ព្យាយាមចូល​ទៅ​ជួយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា ខណៈ​ជន​រង​គ្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ និង​មិន​អាច​ឱ្យ​ពួក​គេ​រក​ផ្លូវ​ចេញ​ក្រៅ​រួច ទាំង​ពីរ​នាក់​បាន​ព្យាយាម​រត់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ដោយ​ជ្រមុជ​ចូល​ទៅ​ក្នុង​អាង​ទឹក ព្រោះ​កម្តៅ​ក៏​បាន​កើនឡើង​ខ្លាំង ។ ប៉ុន្តែ​ជា​អកុសល​ទុយោ​ទឹកបាន​បែកធ្លាយ​ទឹក​អស់ ធ្វើ​ឲ្យ​ពួក​នាង​ត្រូវ​ឈ្លក់​នឹង​ផ្សែងភ្លើង​ស្លាប់​ក្នុង​អាង​ទឹក​គួរ​ឲ្យ​សង្វេគ​ណាស់ ។

ប្រភព​បាន​បញ្ជាក់​ថា ទម្រាំ​តែ​រក​សព​នារី​ទាំង​ពីរ​នាក់​នោះ​ឃើញ សាច់ញាតិ​នឹង​អ្នក​ជិតខាង រួម​នឹង​សមត្ថ​កិច្ច​គិត​ថា ពួក​គេ​ប្រហែលជា​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្លាយជា​ផេះ​ទៅ​ហើយ ព្រោះ​ការ​រុករក​ក្នុង​កម្ទេចកម្ទី​សល់​ពី​ភ្លើង​ឆេះ​មិនឃើញ​សោះ ។ លុះ​ទៅ​អើត​មើល​ក្នុង​អាង​ទឹក​ ទើប​ប្រទះ​ឃើញ​ពួក​នាង​តែ​ហួសពេល​អស់​ទៅ​ហើយ ។ លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អគ្គិភ័យ​នេះ​ចំនួន​៥​គ្រឿង ស្មើនឹង​២៥​ស៊ីទែន ហើយ​ចំពោះ​កន្លែង​ដែល​ឆេះ​នេះ​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ ។ ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ប្រេង​រាលដាល​ដល់​លំនៅ​ឋាន​៣​ខ្នង​នេះ ក៏​មានការ​យកចិត្តទុកដាក់ និង​ចូលរួម​ពី​សំណាក់​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ជួយ​ដល់​គ្រួសារ​សព​ចំនួន​៥០០​ដុល្លារ ។​

កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា លោកសុក សេ​រ៉ា លេខាធិការ​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ដល់​គ្រួសារ​សព និង​គ្រួសារ​ង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៤​គ្រួសារ ។ ក្នុងនោះ ក៏មានអំណោយ​ដែល​បាន​ឧបត្ថម្ភ​រួម​មាន​៖ ទី​១-​​សម្រាប់​ក្រុម​គ្រួសារ​សព​មាន​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​សាខា​កាកបាទក្រហម​ខេត្ត​២​លាន​រៀល ថវិកា​អនុ​សាខា​កាកបាទក្រហម​ស្រុក​ពេ​ជ្រា​ដា​១១​ម៉ឺន​រៀល ថវិកា​លោក មាន សុខ​ណា​ង ចំនួន​១​លាន​រៀល ។ ទី​២-​ក្រុម​គ្រួសារ​រង​គ្រោះ​៣​គ្រួសារ​ផ្សេង​ទៀត ក្នុង​១​គ្រួសារ​ទទួល​បាន​(​ឃី​ត​ដូច​គ្នា​) និង​ថវិកា​សាខា​កាកបាទក្រហម​២៥​ម៉ឺន​រៀល និង​ថវិកា​អនុ​សាខា​ស្រុក​១១​ម៉ឺន​រៀល​សម្រាប់​មួយ​គ្រួសារ ។

អត្ថបទសរសេរ ដោយ