ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខកចិត្ត​នឹង​ក្រុម​មន្ត្រី ដល់​ថ្ងៃ​កំណត់​បោះ​ព្រំ​ដី​ភ្នំ​ដោះ​ក្រមុំ​ អ្នកខ្លះ​…​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ដើម​ភាគតិច​បាន​សម្តែង​ការ​ខកចិត្ត​ក្រោយ​បរាជ័យ ក្នុង​ការ​ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​ភ្នំ​ដោះ​ក្រមុំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ក្រោយ​ពេល​រដ្ឋបាល​ខេត្ត​ប្រកាស​រំសាយ​ការ​ជួបជុំ ក្រោម​មូលហេតុ​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ​អវត្តមាន និង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ ។…

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ដើម​ភាគតិច​បាន​សម្តែង​ការ​ខកចិត្ត​ក្រោយ​បរាជ័យ ក្នុង​ការ​ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​ភ្នំ​ដោះ​ក្រមុំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ក្រោយ​ពេល​រដ្ឋបាល​ខេត្ត​ប្រកាស​រំសាយ​ការ​ជួបជុំ ក្រោម​មូលហេតុ​ស្ថាប័ន​ជំនាញ​ដែល​ពាក់ព័ន្ធ​អវត្តមាន និង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ ។

លោក សុក សេ​រ៉ា នាយករង​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​ថ្នាក់ដឹកនាំ​ចង់បាន​សមភាព​គណៈ​កម្មាធិការ​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ទាំងអស់​ចូលរួម ដើម្បី​ឲ្យ​បានដឹង​ឮ​ទាំងអស់​គ្នា ។ ដោយសារ​ថ្ងៃនេះ​សមាជិក​គណៈ​កម្មការ​មួយ​ចំនួន​ជាប់រវល់​មិន​បាន​ចូលរួម ដូច្នេះ​ត្រូវ​លើក​ទៅ​ធ្វើ​ពេល​ក្រោយ ។ រដ្ឋបាល​ខេត្ត​នឹង​ផ្តល់​ដំណឹង​ជូន​ពីរ​ថ្ងៃមុន ដើម្បី​រៀបចំ​ការងារ​ឲ្យ​បាន​រលូន ។

លោក ក្រើ​ង តុលា សមាជិក​គណៈកម្មការ​ភ្នំ​ដោះ​ក្រមុំ​បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​មានការ​សោកស្តាយ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខិតខំ​មក​ពី​ឆ្ងាយ​ដើម្បី​ចូលរួម​ពិនិត្យ​មើល​ការ​ចុះ​អនុវត្ត​របស់​អាជ្ញាធរ​ជុំវិញ​បញ្ហា​ដី​ភ្នំ​ដោះ​ក្រមុំ ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ។ លោក តុលា ថា ការ​ប្រកាស​រំសាយ​របស់​អាជ្ញាធរ គឺ​មិន​មាន​ហេតុផល​ជាក់លាក់​ទេ ។

អ្នកស្រី ភ្លឹក ភារ​ម្យ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ឡៅ​កា ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជា ជន​ពិតជា​ចង់​បញ្ចេញ​ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ ក្នុង​ការ​រក​ដំំ​ណោះ​ស្រាយ​ជុំវិញ​រឿងរ៉ាវ​ដីធ្លី​ភ្នំ​ដោះ​ក្រមុំ​នេះ ។ អ្នកស្រី​បន្ត​ថា អ្នក​ដែល​បាន​ចូលរួម​កាលពី​ព្រឹក​មិ​ញ មិន​សប្បាយចិត្ត​នោះ​ទេ ព្រោះ​អាជ្ញាធរ​បាន​អះអាង​ថា​នឹង​រៀបចំ​ការងារ​បោះបង្គោល​កំណត់​ព្រំ​ដី​នៅ​ថ្ងៃ​ទី​១៩ មីនា ប៉ុន្តែ​បែរជា​ត្រូវ​លើក​ទៅ​ថ្ងៃក្រោយ​ទៅ​វិញ ។

លោក ស្រូ​យ ខេត ប្រធាន​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​ជន ជាតិ​ដើម​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​រស់នៅខេត្តមណ្ឌល គិរី ពួក​គាត់​ចង់បាន​ដី​មជ្ឈមណ្ឌល​ជនជាតិ​ដើម​ភាគតិច​ត្រឡប់​មក​វិញ​ទាំងអស់ ទៅ​តាម ស​ជ​ណ ដែល​មិន​អាច​រំលោភ​បាន​ទេ ។ លោក ស្រូ​យ ខេត បាន​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​នៅ​ពេល​នេះ​ថា គឺ​មិន​សម​ហេតុផល ព្រោះ​បាន​ណាត់​គ្រប់​អង្គភាព មន្ទីរ​ជំនាញ​រួម​នឹង​ប្រជាពលរដ្ឋ​ផង​ដែរ បែរជា​ត្រូវ​រំសាយ​ទៅ​វិញ​ធ្វើ​ឱ្យ​ខកចិត្ត​ស្តូក ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ធ្លាប់​បាន​ឲ្យ​ដឹង​ថា​«​បញ្ហា​ដី​ភ្នំ​ដោះ​ក្រមុំ​នេះ​កន្លង​មក យើង
​ក៏​បាន​ខិតខំ​ដោះ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ចប់​សព្វគ្រប់​ដោយសារ​ភាគី​មួយ​ចំនួន​នៅ​តែ​តវ៉ា​នៅ​តែ​ជំទាស់​…​ហើយ​នៅ​ថ្ងៃមិញ​នេះ​(​ថ្ងៃ​ទី ២៨) ខេត្ត​ទទួល​បាន​បទបញ្ជា​ពី​សម្តេច​តេ​ជោ ដូច្នេះ​នៅ​ថ្ងៃ​ទី​១ មីនា​កន្លង​ទៅ គណៈ​អភិបាលខេត្ត​បាន​កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ចាត់ការ​រឿង​នេះ ហើយនឹង​មាន​នីតិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទៅ​តាម​អ្វី​ដែល​ជា​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​..» ។ តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​គឺ​ត្រូវ​ដកហូត​តំបន់​ភ្នំ​ដោះ​ក្រមុំ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។

លោក​អភិបាលខេត្ត​បន្ត​ថា​«​ករណី​ដី​ភ្នំ​ដោះ​ក្រមុំ​នេះ​មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី មាន​តាំងពី​អភិបាលខេត្ត​មុន​…​ហើយ​វា​ពាក់ព័ន្ធ​នឹង ស ជ ណ ចំនួន​ពីរ​ដែល ស ជ ណ ដំបូង​រក្សា​ដី​ភ្នំ​ដោះ​ក្រមុំ​នេះ​ទុក ហើយ ស ជ ណ មួយទៀត​សម្រេច​ផ្តល់​ដី​មួយ​ផ្នែក​ដល់​អង្គភាព​ទឹក​ស្អាត​…​ហើយ​ឥឡូវនេះ​ការ​ជំទាស់​គឺ​ទី​១​ជំទាស់ ស​ជ ណ លើក​ក្រោយ​ដែល​កាត់​ដី​ឲ្យ​កន្លែង​ទឹក​ស្អាត​២​ហិ​កតា នោះ​គឺជា​ការ​ជំទាស់​របស់​ក្រុម​អ្នក​ផ្សេង​ក្រៅពី​គណៈ កម្មាធិការ​ជនជាតិ​ដើម​ភាគតិច​គ្រប់គ្រង​តំបន់​ម​ជ្ឍ​មណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​»​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១ មីនា ២០១៩ អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​សម្រេច​ដកហូត​ដី​នៅ​តំបន់​ជុំវិញ​ជើងភ្នំ​ដោះ​ក្រមុំ មក​ធ្វើ​ជា​សម្បត្តិ​សាធារណៈ​វិញ និង​ត្រូវ​បោះបង្គោល​កំណត់​ព្រំ​ដី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ