ប្រទេសម៉ាលី ៖ ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី១៨មីនា កងទ័ពម៉ាលីអះអាងថា តុល្យការនៃការវាយប្រហារជំរំយោធាមួយ របស់កងទ័ពម៉ាលីកាលពីចុងសប្ដាហ៍កន្លងមកនេះ មានទាហាទស្លាប់ដល់ទៅ២៣នាក់។
កុំម៉ង់ដូប្រដាប់អាវុធមួយកង បានវាយប្រហារហើយកាន់កាប់រយៈពេលខ្លីកាលពីយប់ថ្ងៃទី១៦មក១៧មីនា ជំរំយោធាម៉ាលីនៅឌីអ៊ូរ៉ា ក្នុងតំបន់MOPTIភាគកណ្ដាលប្រទេស។ ការវាយប្រហារនោះត្រូវបានគេនិយាយថា ជាស្នាដៃរបស់ពួកជីហាដនិយម។
រដ្ឋមន្ត្រីការពារប្រទេសម៉ាលី លោកTIEMOKO SANGARE ពេលចុះមកសាកសួរសុខទុក្ខកងទាហាននៅឌីអ៊ូរ៉ាថ្លែងថា ពួកអ្នកពុំនៅឯកោឡើយ ពលរដ្ឋម៉ាលីដែលស្នេហាសន្តិភាពទាំងមូលគាំទ្រលោកអ្នក។ ពួកអ្នកវាយប្រហារមានទិសដៅតែមួយគឺ បង្កអស្ថេរភាពក្នុងប្រទេស។
សន្តិសុខនៅភាគខាងជើងនិងភាគកណ្ដាលម៉ាលី មានគ្រោះថ្នាក់ខ្លាំងព្រោះតំបន់ទាំងនោះមានសកម្មភាពរបស់បណ្ដាក្រុមជីហាដ និងពួកបះបោរក្រុមTOUAREGS៕
ចែករំលែកព័តមាននេះ