តាមប្រភពពីShanghaiist បានឱ្យដឹងថា ស្ត្រីចំណាស់អាយុ៥១ឆ្នាំម្នាក់ ដែលមានជំនឿជឿជាក់លើគុណប្រយោជន៍របស់អាហារបំប៉នសុខភាពធម្មជាតិ បានចម្រាញ់ទឹកផ្លែឈើដោយខ្លួនឯង ហើយយកទៅចាក់ចូលក្នុងសរសៃឈាម មុនពេលដឹងថា ក្បែរនឹងបាត់បង់ជីវិតដោយសារទង្វើរបស់ខ្លួន ។ អ្នកស្រីត្រកូល Zeng នៅក្នុងទីក្រុង Chenzhou ខេត្ត Hunan ជឿថា សារធាតុចិញ្ចឹមនៅក្នុងផ្លែឈើអាចជ្រាបចូលក្នុងរាងកាយបាន លុះត្រាតែយកទៅចាក់ក្នុងសរសៃឈាម ។
គាត់ក៏បានធ្វើជាទឹកផ្លែឈើដោយខ្លួនឯង យកចេញពីផ្លែឈើជាង២០មុខ ហើយចាក់ចូលក្នុងសរសៃវ៉ែន ។ ក្រោយពីចាក់ភ្លាមៗ គាត់ក៏មានអារម្មណ៍ថាក្តៅខ្លួន ហើយរមាស់ពេញរាងកាយ។ ថ្វីបើដូចនេះក៏ដោយ គាត់មិនបានប្រាប់នរណាម្នាក់នោះទេ ពីអ្វីដែលគាត់បានធ្វើ។ ទាល់តែប្តីរបស់គាត់ដឹងដំនើររឿងដោយខ្លួនឯង ទើបប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យ។
ករណីរបស់គាត់ គឺពិតជាធ្ងន់ធ្ងរមែនទែន ដែលមន្ទីរពេទ្យល្មមៗ មិនហ៊ានទទួលព្យាបាលនោះទេ ។ គេបានបញ្ជូនទៅដល់មន្ទីរពេទ្យថ្នាក់ជាតិ ហើយដាក់ឱ្យព្យាបាលនៅក្នុងផ្នែកសង្គ្រោះជំងឺធ្ងន់ ។ គ្រូពេទ្យបានរកឃើញថា គាត់បានបង្កការខូចខាតដល់ថ្លើម តម្រងនោម និងបេះដូង ហើយអាចនឹងស្លាប់បាន ។
ក្រោយពីបានសម្រាកព្យាបាល៥ថ្ងៃ ជីវិតរបស់អ្នកស្រីបានរួចផុតពីសេចក្តីស្លាប់ ដោយរង់ចាំការចេញពីផ្នែកសង្គ្រោះជំងឺធ្ងន់ ទៅកាន់ផ្នែកផ្សេង ៕
ចែករំលែកព័តមាននេះ