ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ក្បែរគល់ស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ មីនា ដោយគេសន្និដ្ឋានថា មូលហេតុនៃការស្លាប់ គឺដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១០ និង១៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានបុរសម្នាក់ដេកស្លាប់នៅលើថ្នល់ក្បែរគល់ស្ពានអ្នកលឿង ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់តែម្នាក់ឯង ដោយរាងកាយប្រឡាក់សុទ្ធតែឈាមនៅត្រង់ក្បាលមានស្នាមដាច់ និងបែកជាច្រើនកន្លែង ហើយនៅក្បែរសពមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប ១AA- ៨៨០១ ផ្នែកខាងមុខនៃម៉ូតូខូចខាតស្ទើរទាំងស្រុង ទើបសន្និដ្ឋានថា ជនរងគ្រោះទំនងជាស្រវឹងស្រា ហើយបើកម៉ូតូទៅបុកអ្វីមួយ ទើបបណ្តាលអោយដួលបោកក្បាលស្លាប់បែបនេះតែម្តង ។
ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ មីនានេះសមត្ថកិច្ចបានដឹកយកសពជនរងគ្រោះទៅរក្សាទុក នៅក្នុងវត្តឧត្តមខេមរារាម ក្បែរផ្សារអ្នកលឿងសិន រង់ចាំសាច់ញាតិទៅទទួលយកសពយកទៅធ្វើបុណ្យ ចំណែកម៉ូតូយកទៅរក្សាទុកនៅប៉ូស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ក) ដូច្នេះបើក្រុមគ្រួសារនៃសពបានដឹងហើយសូមមកទទួលយកសព និងម៉ូតូផង ៕
ចែករំលែកព័តមាននេះ