ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​កូន​ក្រពើ​សម្រាប់​នាំ​ចេញ​ធ្លាក់​ចុះ កសិករ​ហាក់​បាក់ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប្រមាណ​ពីរ ឬ​បី​ឆ្នាំ​នេះ តម្លៃ​កូន​ក្រពើ​បាន​ធ្លាក់​ចុះ​គួរ​អោយ​កត់​សម្គាល់ ដែល​ធ្វើ​អោយ​កសិករ​ចិញ្ចឹម​ក្រពើ​មួយ​ចំនួន បាន​បង្ហាញ​ពី​ការ​ធ្លាក់​ទឹកចិត្ត​ក្នុង​ការ​បន្ត​ចិញ្ចឹម​ក្រពើ​ខណៈ​ទីផ្សារ​អន្តរជាតិ​បាន​បាត់បង់​បន្តិច​ម្ដង​ៗ​គួរ​ឲ្យ​ព្រួយ បារម្ភ​។ បើ​តាម​លោក កាំ​ង…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប្រមាណ​ពីរ ឬ​បី​ឆ្នាំ​នេះ តម្លៃ​កូន​ក្រពើ​បាន​ធ្លាក់​ចុះ​គួរ​អោយ​កត់​សម្គាល់ ដែល​ធ្វើ​អោយ​កសិករ​ចិញ្ចឹម​ក្រពើ​មួយ​ចំនួន បាន​បង្ហាញ​ពី​ការ​ធ្លាក់​ទឹកចិត្ត​ក្នុង​ការ​បន្ត​ចិញ្ចឹម​ក្រពើ​ខណៈ​ទីផ្សារ​អន្តរជាតិ​បាន​បាត់បង់​បន្តិច​ម្ដង​ៗ​គួរ​ឲ្យ​ព្រួយ បារម្ភ​។

បើ​តាម​លោក កាំ​ង សា​រិ​ន អ្នក​ចិញ្ចឹម​ក្រពើ​មួយ​រូប​នៅ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សព្វ​ថ្ងៃនេះ តម្លៃ​កូន​ក្រពើ​បាន​ធ្លាក់​ចុះ​ច្រើន​ហើយ ដោយសារ​តែ​តម្រូវការ​ទីផ្សារ​នៅ​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ នៅ​តែ​ប្រទេស​វៀតណាម​មួយ​ប៉ុណ្ណោះ​ដែល​នៅ​មាន​តម្រូវការ និង​បញ្ជា​ទិញ​ពី​កសិករ​កម្ពុជា ។

លោក កាំ​ង សា​រិ​ន បញ្ជាក់​ថា «​តម្លៃ​ក្រពើ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ​១៥​ដុល្លារ ទៅ​១៨​ដុល្លារ​ប៉ុណ្ណោះ ទៅ​តាម​ប្រភេទ​ក្រពើ ខណៈ​ពី​មុន​តម្លៃ​វា​បាន​ឡើង​ដល់​ជាង​២០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ក្បាល ។ ដូច្នេះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កូន​ក្រពើ​ពិតជា​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​ក្រពើ​ណាស់ »​។

កសិករ​ចិញ្ចឹម​ក្រពើ​រូប​នេះ បន្ត​ថា ទន្ទឹម​នឹង​តម្លៃ​ធ្លាក់​ចុះ​បែប​នេះ លោក​បាន​កាត់​បន្ថយ​ការ​ចិញ្ចឹម​មួយ​ចំនួន ដោយសារ​តែ​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​លើ​ចំណី​ក្រពើ​ប្រចាំ​ថ្ងៃ​បាន​នោះ​ឡើយ ហើយ​សព្វ​ថ្ងៃនេះ​លោក​បាន​យក​ចំណូល​ដែល​បាន​ពី​អាជីវកម្ម​ផ្សេង​មក​ទប់ទល់​នឹង​ចំណី​ក្រពើ​វិញ ជាក់ស្ដែង​លោក​ក៏​បាន​រកស៊ី​លើ​វិស័យ​ដីធ្លី​ដែរ ដូច្នេះ​លោក​យក​ផល​ចំណេញ​ពី​ដីធ្លី មក​ទិញ​ចំណី​សម្រាប់​ក្រពើ​វិញ ។

លោក​បន្ថែម​ថា កាលពីមុន​លោក​បាន​ផលិត ផល​ក្រពើ​ក្នុង​មួយ​ឆ្នាំ ប្រមាណ​១​ម៉ឺន​ក្បាល តែ​ពេល​នេះ វា​បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​៥​ពាន់​ទៅ ៦​ពាន់​ក្បាល​ប៉ុណ្ណោះ សម្រាប់​លក់​ចេញ​ទៅ​កាន់​កសិក​ដ្ឋា​ន​ក្រពើ​យក​ស្បែក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

លោក កាំ​ង សា​រិ​ន បន្ថែម​ថា « បើសិនជា​តម្លៃ​ក្រពើ​នៅ​តែ​មិន​ឡើង​វិញ​នោះ​ទេ ខ្ញុំ​ពិបាក​និយាយ​ថា​នឹង​រក្សា​អាជីវកម្ម​នេះ បាន​ទ្រង់ទ្រាយ​ធំ​ប៉ុនណា​នោះ​ទេ ដូច្នេះ​ខ្ញុំ​រំពឹង​ថា​ទីផ្សារ​ក្រពើ​នឹង​ឡើងថ្លៃ​វិញ​នៅ​ពេល​ឆាប់​ៗ » ។

លោក អ៊ិ​ន ហ៊ុ​ល អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បានអោយ​ដឹង​ថា តម្លៃ​ក្រពើ​បាន​ធ្លាក់​ចុះ​មិនមែន​រឿង​ចំឡែក​នោះ​ទេ ពីព្រោះ ដូច​បានឃើញ​ស្រាប់​ហើយ ទីផ្សារ​កសិកម្ម​ស្ទើរតែ​គ្រប់​ប្រភេទ បាន​ធ្លាក់​ចុះ​ដូច​គ្នា ហើយ​វា​មិនមែន​កើតឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ គឺ​បាន​ធ្លាក់​ចុះ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ដែល​មាន​សក្ដានុពល​លើ​កសិកម្ម ។

លោក បន្ត​ថា « ទីផ្សារ​កសិកម្ម​ក្នុង​វិស័យ​ជលផល យើង​ឃើញ​ថា​វា​បាន​ធ្លាក់​ចុះ​គ្រប់មុខ​គ្រប់​ប្រភេទ ពីព្រោះ​តែ​មិន​មាន​តម្រូវការ​ខ្ពស់​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន » ។ លោក​បន្ត​ថា សម្រាប់​ទីផ្សារ​ក្រពើ​ក៏​ដូច​គ្នា​ដែរ ក៏​ប៉ុន្តែ​កសិករ​នៅ​អាច​ទប់ទល់​បាន ព្រោះតែ​តម្លៃ​ក្រពើ​មិន​ធ្លាក់​ខ្លាំង​រហូត​ដល់​ទប់​រួច​មិន​នោះ​ឡើយ ។ តម្លៃ​ក្រពើ​បច្ចុប្បន្ន​នេះ គឺ​នៅ​អោយ​កសិករ​បាន​ប្រាក់​កម្រៃ​ខ្លះ​ដើម្បី​ទប់​ជាមួយនឹង​ចំណី តែ​បើសិនជា​ពួក​គាត់​ខាត​ខ្លាំង ប្រហែលជា​ពួក​គាត់​មិន​បន្ត​ចិញ្ចឹម​ទៀត​នោះ​ទេ ។

មន្ត្រី​ជលផល​រូប​នេះ​បានអោយ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​កសិក​ដ្ឋា​ន​ចិញ្ចឹម​ក្រពើ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែល​បាន​ចុះបញ្ជី មាន​ចំនួន ៥៦១​កសិដ្ឋាន ដែល​អាច​ផលិត​កូន​ក្រពើ​បាន​ប្រមាណ​ពី​២០​ម៉ឺន ទៅ​៣០​ម៉ឺន​ក្បាល ក្នុង​មួយ​ឆ្នាំ​ៗ ។ ក្នុង​ចំណោម​កសិដ្ឋាន​ទាំង​ជាង​៥០០​កសិដ្ឋាន​នេះ​ដែរ ក៏​មាន​កសិដ្ឋាន​មួយ​ចំនួន​បាន​ផលិត​ក្រពើ​យក​ស្បែក ដើម្បី​លក់​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ក៏​ប៉ុន្តែ​បើ​ប្រៀបធៀប​គុណភាព​ស្បែក​ក្រពើ​ទៅ​នឹង​ប្រទេស​ជិតខាង ឃើញ​ថា​គុណភាព​ស្បែក​ក្រពើ​នៅ​កម្ពុជា មិន​ទាន់​ស្រប​ទៅ​តាម​ស្ដង់ដារ ដែល​គេ​ចង់បាន​នៅឡើយ​ទេ ។

លោក​បញ្ជាក់​ថា ដើម្បី​អោយ​វិស័យ​ចិញ្ចឹម ក្រពើ​នៅ​កម្ពុជា បាន​ទទួលផល​កាន់តែ​ច្រើន និង​រីក​ចម្រើន​នោះ មន្ត្រី​ជលផល របស់​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​អប់រំ​បណ្ដុះបណ្ដាល កម្មវិធី​ចិញ្ចឹម​ក្រពើ អោយ​បាន​ល្អ​និង​បង្ហាញ​ពី​បច្ចេកទេស​ចិញ្ចឹម​ក្រពើ សម្រាប់​យក​កូន និង​ក្រពើ​សម្រាប់​យក​ស្បែក ធ្វើ​យ៉ាងណា​អោយ​ទទួល​បាន​ក្រពើ​ដែល​មាន​ស្បែក​ល្អ សម្រាប់​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ប្រទេស​ជិតខាង​។

យ៉ាងណាមិញ ឯកសារ​ផ្លូវការ​មួយ​របស់​ក្រសួងកសិកម្ម​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បានអោយ​ដឹងផង​ដែរ​ថា មានការ​ចិញ្ចឹម​ក្រពើ​រហូត​ដល់​ចំនួន​ជាង ៤១០ ០០០ ក្បាល កាលពី​ឆ្នាំ​២០១៨ ដោយ​មានការ​កើនឡើង​បន្តិច​ពី​ឆ្នាំ​២០១៧ ។ ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ការ​ចិញ្ចឹម​ក្រពើ​ជា​ផ្នែក​មួយ​នៃ​វារី​វប្បកម្ម​ដែល​ក្រសួង​យកចិត្តទុកដាក់​ជំរុញ ។ កាលពី​ឆ្នាំ​២០១៨ ផល​វារីវប្បកម្ម​មាន​ចំនួន​២៥៤០០០​តោន ដោយ​កើនឡើង​ចំនួន​ជាង​២២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ។ នៅ​ឆ្នាំ​២០១៨ កម្ពុជា​ក៏​ផលិត​បានកូន​ត្រី​ពូជ​ចំនួន​២១០​លាន​ក្បាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ