ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបានប៉ូលិសស្រុកទ្រាំងបានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់យុវជនម្នាក់ ដែលបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០០-១០១ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជារលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
លោកប៉ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំងបានអោយដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនខាងលើនេះ ឈ្មោះ ម៉ុន មុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ និងដកហូតបានម៉ូតូ២គ្រឿង ដែកបំពង់ទីប២កំណាត់ ដែលជនសង្ស័យប្រើប្រាស់ក្នុងពេលធ្វើសកម្មភាព ចំណែកឯបក្ខពួកចំនួន៧នាក់ទៀត បានរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ ថន សុខថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចំបក់ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ កិល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (គ្មានរបួស) ដោយបានរត់គេចខ្លួនរួចពីកន្លែងកើតហេតុ។
លោកអធិការការងនគរបាលស្រុកបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ជិះម៉ូតូម្នាក់មួយគ្រឿងធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានជួបក្រុមជនសង្សយ័ដែលមានគ្នា៨នាក់ ជិះម៉ូតូចំនួន៤គ្រឿង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា រួចក្រុមជនសង្ស័យក៏បានធ្វើសកម្មភាពដេញវាយជនរងគ្រោះម្នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែកជនរងគ្រោះម្នាក់ទៀតបានបើកម៉ូតូរត់គេចខ្លួនទាន់ កុំអីត្រូវក្រុមជនសង្ស័យវាយសម្លាប់ទាំង២នាក់ទៅហើយ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យបានឆ្លើយសារភាពថា មុនឈានដល់ការវាយសម្លាប់នេះ គឺដោយសារខឹងជនរងគ្រោះជិះម៉ូតូប៉ះក្រុមខ្លួន ហើយក្រុមខ្លួនបានជិះម៉ូតូដេញវាយសម្លាប់តែម្តង។
លោកវរសេនីយ៍ឯកសែម សុជាតិ នាយការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ខេត្តបានអោយដឹងថានៅពេលនេះសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី១៩ មីនា ២០១៩ នេះ ចំណែកក្រុមជនសង្ស័យដែលរត់គេចខ្លួននោះ និងបន្តស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីចាប់ខ្លួនយកមកដាក់ទោសទៅតាមច្បាប់៕
ចែករំលែកព័តមាននេះ