កុំបណ្តោយឲ្យសុខភាពរាងកាយប្រព្រឹត្តទៅតាមយថាកម្ម ត្រូវថែរក្សាសុខភាពរាងកាយឱ្យបានល្អ ព្រោះអ្នកដែលមានសុខភាពល្អរមែងមានឱកាសបាននូវអាយុវែង និងមិនមានរោគភ័យ ច្រើនដូចអ្នកដែលមិនបានមើលថែសុខភាពនោះឡើយ ។
កាលបើយើងមានសុខភាពល្អហើយ ឈ្មោះថាមាននូវដើមទុនក្នុងដំណើរជីវិត គឺអាចធ្វើអ្វីបានដោយខ្លួនឯង រឹងប៉ឹង មាំមួន រហ័សរហួនក្នុងការងារចិញ្ចឹមជីវិត ការធ្វើបុណ្យសន្សំកុសល និងលើកទឹកចិត្តក្នុងការប្រព្រឹត្តល្អបន្តទៀត។ ផ្ទុយទៅវិញ បើសុខភាពរាងកាយទន់ខ្សោយ មួយថ្ងៃកាត់ មួយថ្ងៃកោរ គឺជាឧបសគ្គនៃជីវិតដោយពិត ព្រោះមិនអាចតស៊ូជាមួយនឹងការងារបាន រហូតពេលខ្លះបាក់ទឹកចិត្តអស់សង្ឃឹម មិនចង់រស់ទៀតផង ភ្លេចអស់បុណ្យបាប ។
ការថែរក្សាសុខភាពរាងកាយបានល្អជានិច្ចរមែងធ្វើឲ្យអ្វីៗបានចម្រើនទៅមុខ ទោះជាមានឬក្រក៏រស់នៅដោយសុភមង្គល ។
បើតាមទ្រឹស្តីព្រះពុទ្ធសាសនាការរក្សាសីល៥ ឬបកតិសីលឱ្យបានល្អហ្នឹងហើយជាដើមហេតុនាំឱ្យមានសុខភាពល្អ បានអាយុវែង ព្រោះសិក្ខាបទនីមួយៗសុទ្ធតែផ្តល់ផលប្រយោជន៍ដល់ការរស់របស់មនុស្សសត្វ និងសង្គមយ៉ាងទូលំទូលាយ ត្រង់ការមិនបៀតបៀន មិនឈ្នានីស និងមិនចងកម្មចងពៀរនឹងគ្នា នេះជាសុខភាពផ្លូវចិត្តយ៉ាងសំខាន់ ។
ចែករំលែកព័តមាននេះ