ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងបន្ថែម លើករណីរថយន្តឈ្នួលមួយគ្រឿង បានក្រឡាប់ផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅនៅភ្នំសំពៅនោះ អ្នកដែលរងគ្រោះទាំង១៥នាក់នោះ គឺមិនមានជនបរទេសណាម្នាក់ទេ គឺសុទ្ធតែពលរដ្ឋខ្មែរទាំងអស់ ហើយក៏ជាក្រុមគ្រួសារសាច់ញាតិគ្នាផងដែរ ដែលមានលំនៅក្នុងស្រុករតនមណ្ឌល ហើយក្រោយពួកគាត់ត្រឡប់ពីពិធីមង្គលការគេរួច ក៏បានឱ្យរថយន្តនេះ ដឹកឡើងទៅលេងលើភ្នំសំពៅ ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចប្រាប់កោះសន្តិភាពនាថ្ងៃទី១៩ មីនា នេះ ។
គួររំលឹកថា ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ មីនា ស្ថិតនៅតាមផ្លូវលើខ្នងភ្នំសំពៅ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។ រថយន្តឆេះ គឺម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ សេង សុភាព ហៅអ៊ូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរបើកបរ និងរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សេចក្តីរាយការណ៍បន្តថា ក្រោយពេលរថយន្តឡើងទៅលេងហើយ ក៏បើកចុះពីលើភ្នំសំពៅវិញ ប៉ុន្តែត្រូវតៃកង់មានការធ្វេសប្រហែស ហ៊ានឱ្យមនុស្ស២នាក់ជិះនៅកៅអីខាងមុខក្បែរតៃកុងនោះ ដែលជាតានិងយាយ ។ ខណៈតៃកុងកំពុងបើកអបហ្វ្រាំងចុះពីលើភ្នំ ស្រាប់តែតាបានច្រឡំដាក់ជើង ទៅខាងតៃកុងក៏ប៉ះលើហ្គែរទើបបណ្តាលឱ្យមានល្បឿនលឿន ស្ទុះរហូតដល់ក្រឡាប់ផ្ទុះឆេះនេះតែម្តង ។
ប្រភពបន្តថា នេះចាត់ជាសំណាងមួយដែលក្នុងហេតុការណ៍នេះឆេះរថយន្តខាងលើ មិនបណ្តាលឱ្យអ្នកជិះទាំងអស់រួមតៃកុង រងគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែម្នាក់ៗបានរងរបួសស្រាលប៉ុណ្ណោះ ។ ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ហេតុការណ៍នេះគឺបានដាក់បន្ទុកទៅលើតៃកុងរថយន្តតែម្តង ដែលបើកបរមានការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ។ ហើយជាងនេះទៅទៀត បានដឹកមនុស្សលើសចំណុះទៀតផង ទើបកើតរឿងអកុសលនេះឡើង ។
បច្ចុប្បន្ន តៃកុងកំពុងត្រូវបានឃុំខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ