ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានចេញវិធានការណ៍ជាបន្ទាន់ក្នុងការទប់ស្កាត់ការនាំចូលជ្រូកពីវៀតណាមព្រោះខ្លាចឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក ខណៈវៀតណាមកំពុងតែមានការផ្ទុះជំងឺនេះ ។
លោក ម៉ែន វិបុល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា «ត្រូវទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកគ្រប់ប្រភេទតាមគ្រប់រូបភាពមធ្យោបាយដឹកជញ្ជូនពីវៀតណាមដែលគ្មានច្បាប់អនុញ្ញាត និងជាពិសេសដែលពុំបានត្រួតពិនិត្យត្រឹមត្រូវពីសុខភាពសត្វ» ។
សូមបញ្ជាក់ថា ជម្ងឺប៉េសជ្រូកអាហ្វ្រិកជាជម្ងឺឆ្លងដ៏កាចសាហាវ ពិបាកលុបបំបាត់បំផុត និងបន្តឲ្យសត្វឈឺ និងងាប់ក្នុងអត្រាខ្ពស់ ហើយមេរោគបង្កជម្ងឺជាវិរុសមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ដោយឡែកនៅចិនបាននឹងកំពុងផ្ទុះរាលដាលចំនួន២៥ខេត្ត និងថ្មីៗនេះវៀតណាមបានផ្ទុះជម្ងឺផងដែរនៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន៣កន្លែងក្នុងខេត្ត២គឺខេត្តហ៊ុងយេន និងខេត្តបៃប៊ិញ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយ ។
ដើម្បើទប់ស្កាត់ និងបង្ការនូវការឆ្លងជម្ងឺប៉េសជ្រូកនេះលោក ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្តស្វាយរៀងបានចេញសេចក្តីណែនាំនូវវិធាការបន្ទាន់ឲ្យមន្ត្រីជំនាញសហការជាមួយសមត្ថកិច្ចឈរជើងតាមច្រករបៀងច្រកតំបន់ និងច្រកទ្វេភាគីទប់ស្កាត់ និងបង្ក្រាបបញ្ឈប់ឲ្យនាំចូលជ្រូករស់ និងផលិតផលជ្រូកគ្រប់ប្រភេទតាមគ្រប់រូបភាពដឹកជញ្ជូនពីប្រទេសវៀតណាមចូលមកកម្ពុជាដែលគ្មានច្បាប់អនុញ្ញាតិ និងមិនបានត្រួតពិនិត្យត្រឹមត្រូវពីសុខភាពសត្វ ។ ក្នុងនោះផងដែរប្រជាពលរដ្ឋខេត្តស្វាយរៀងបានអបអរសាទរនិងគាំទ្រនូវចំណាត់ការនេះជាខ្លាំង ៕
ចែករំលែកព័តមាននេះ