ការរាប់អាន ការសេពគប់មនុស្សជារឿងសំខាន់ និងត្រូវចេះសម្លឹង មើលចិត្តបុគ្គលនោះឱ្យបានម៉ត់ចត់បំផុត តែមិនត្រូវសម្លឹងឃើញតែផ្នែកអាក្រក់របស់គេទេ គួរមើលឃើញក្នុងផ្នែកល្អរបស់គេខ្លះផង ព្រោះចំណុចល្អនិងអាក្រក់តែងកើតមានដល់មនុស្សគ្រប់រូប ។
ប្រសិនបើយើងចេះសម្លឹងមើលដោយយកចិត្តទុកដាក់ទៅលើលក្ខណៈរបស់អ្នកដទៃឱ្យល្អិតល្អន់នោះ យើងនឹងបាននូវប្រយោជន៍ជាពិតប្រាកដ ព្រោះបុគ្គលខ្លះទោះបីមានចំណែកអាក្រក់ ខូចកាចដ៏ច្រើនក៏ពិតមែន តែក៏គេគង់មាននូវចំណែកល្អខ្លះ ហើយចំណុចល្អហ្នឹងហើយជាគុណវិសេសសម្រាប់យើងយកមកធ្វើជាគតិនោះ ។
ដើមឈើទាំងឡាយរមែងមានប្រយោជន៍មិនដូចគ្នាទេ អ្នកណាដឹងនូវប្រយោជន៍នៃដើមឈើនោះ ត្រង់ចំណែកណា ក៏នាំយកនូវចំណែកត្រង់នោះឯងមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ដើមឈើខ្លះមានប្រយោជន៍ស្ទើរតែគ្រប់ចំណែកគឺ ទាំងឫស ទាំងដើម ទាំងសំបក ទាំងស្រាយ ទាំងខ្លឹម ទាំងផ្កា ទាំងស្លឹក និងទាំងផ្លែ ដែលសុទ្ធតែជាប្រយោជន៍សំខាន់ៗទៀតផង។ ប៉ុន្តែចំណែកណាត្រូវបានជាប្រយោជន៍ក្នុងផ្នែកណានោះ ក៏គឺស្រេចហើយតែការយល់ដឹងរបស់យើងម្នាក់ៗ ។
យ៉ាងណាមិញមនុស្សខ្លះ ពិតហើយថាគេជាមនុស្សអាក្រក់ស្ទើរតែទាំងស្រុង ទាំងកាយទាំងវាចាចិត្ត តែគេក៏គង់មានចំណុចល្អក្នុងខ្លួនខ្លះដែរ ចំណុចល្អហ្នឹងហើយដែលយើងគួរចាប់យកមកទុកដាក់ឱ្យបានល្អ ឯចំណុចអាក្រក់ត្រូវចៀសវាងចេញឱ្យឆ្ងាយ ។
ដូច្នេះដើម្បីឱ្យការសេពគប់មនុស្សប្រសព្វតែនឹងសេចក្តីសុខ យើងត្រូវចេះសម្លឹងមើលលក្ខណៈរបស់មនុស្សទាំងផ្នែកល្អ និងអាក្រក់ឱ្យបានម៉ត់ចត់ជារឿងប្រពៃពិត ។
ចែករំលែកព័តមាននេះ