ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ត្រូវធ្វើ​ដូច​ម្តេច​ទើប​កសិករ​ដាំ​ម្រេច​ខ្មែរ​អាច ងាក​ចេញពី​ការ​ដាំ​ម្រេច​បែប​បុរាណ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ដាំ​ដុះ​ម្រេច​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ប្រើ​លក្ខណៈ​បែប​លក្ខៈ​ប្រពៃណី​និង​បុរាណ​នៅឡើយ​នេះ ក្រុមហ៊ុន​បញ្ជា​ទិញ​ម្រេច​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​បង្ហាញ​ពី​បច្ចេកទេស​ថ្មី​សម្រាប់​កសិករ ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ម្រេច ហើយនឹង​ប្រមូល​ទិញ​ពី​កសិករ​វិញ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ បើ​តាម…

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ដាំ​ដុះ​ម្រេច​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ប្រើ​លក្ខណៈ​បែប​លក្ខៈ​ប្រពៃណី​និង​បុរាណ​នៅឡើយ​នេះ ក្រុមហ៊ុន​បញ្ជា​ទិញ​ម្រេច​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​បង្ហាញ​ពី​បច្ចេកទេស​ថ្មី​សម្រាប់​កសិករ ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ម្រេច ហើយនឹង​ប្រមូល​ទិញ​ពី​កសិករ​វិញ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

បើ​តាម កញ្ញា សឹង សុ​ផា ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​បញ្ជា​ទិញ​ម្រេច​ពី​កសិករ Sela pepper បានអោយ​ដឹង​ថា បច្ចេកទេស​ថ្មី​ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​សម្រាប់​អោយ​កសិករ ធ្វើ​នោះ​មានឈ្មោះ​ថា Science and Technology ហើយ​បច្ចេកទេស​ថ្មី​នេះ នឹង​ត្រូវ​បានអោយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ដាំ​ម្រេច ក្រៅពី​ម្រេច​កំពត អាច​មក​សួរ​រក និង​ស្នើ​សុំ​ពី​ក្រុមហ៊ុន​ដើម្បី​យក​ទៅ​អនុវត្តន៍​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​ផល​ច្រើន​ជាង​មុន សម្រាប់​ផ្គត់ផ្គង់​មក​ក្រុមហ៊ុន​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

កញ្ញា សឹង សុ​ផា បាន​បន្ត​ថា « ក្រុមហ៊ុន​បញ្ជា​ទិញ​ម្រេច​របស់​យើង មើលឃើញ​ថា ដោយសារ​តែ​ពលរដ្ឋ​ដាំ​ម្រេច​ភាគច្រើន​នៅ​តែ​ប្រើប្រាស់​វិធី​បុរាណ​ក្នុង​ការ​ដាំ​ដុះ និង​ពឹង​លើ​អាកាសធាតុ​ទាំងស្រុង ដូច្នេះ​យើង​ក៏​បង្កើត​នូវ​គម្រោង​ដាំ​ដុះ​ម្រេច​តាម​បច្ចេកទេស​ថ្មី សម្រាប់​ផ្ដល់​ជូន​កសិករ ដែល​ជា​ដៃគូរ​របស់​ពួក​យើង ក្នុង​ការ​អនុវត្តន៍​វិធីសាស្ត្រ​ថ្មី » ។
កញ្ញា​បន្ត​ថា គម្រោង​ថ្មី​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​នេះ ក៏​ជា​គម្រោង​ដែល​ទទួលស្គាល់​ពី​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​នៅ​ក្រៅប្រទេស​ផង​ដែរ ដែល​វា​ធានា​បាន​នូវ​ទីផ្សារ​សម្រាប់​កសិករ​ដាំ​ដុះ​ម្រេច ។ ហើយ​យើង​នឹង​បញ្ជូន​ផលិតផល​ម្រេច​របស់​យើង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ការ​ពិនិត្យ គុណភាព ថា​តើ​គេ​ទទួល​បាន​ដែរ​ឬទេ នៅ​ពេល​នោះ​យើង​នឹង​បង្កើន​ការ​ទិញ​បន្ថែម​ពី​កសិករ ហើយ​កសិករ​ក៏​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​គម្រោង​នេះ​ដែរ ។
កញ្ញា​បន្ថែម​ថា ក្រុមហ៊ុន​សិលា​ភេ​ប​ភើ ពិតជា​ត្រូវការ​កសិករ​ខ្លាំង​ណាស់ ក្នុង​ការ​សហការ ដើម្បី​ផលិត ផលិតផល​ម្រេច​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ ហើយ​ម្រេច​ដែល​ក្រុមហ៊ុន​នឹង​នាំ​ចេញ​ទៅ​នោះ ជា​ម្រេច​ដែល​មិនមែន​ជា​ម្រេច​ខេត្តកំពត ពីព្រោះ​ម្រេច​ខេត្តកំពត មាន​អ្នក​ជួយ​គាំទ្រ និង​សហការ​រួច​ហើយ ដូច្នេះ​យើង​ក៏​ងាក​មក​រក​ផលិតផល​ម្រេច​ដែល​មិន​ទាន់​មាន​អ្នក​ជួយ​គាំទ្រ​សហការ ។

ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា « បច្ចុប្បន្ន​នេះ យើង​ក៏​មាន​រោងចក្រ សម្រាប់​ចាប់​យក​កំទេចកំទី និង​សម្លាប់​មេរោគ​ដោយ​ប្រើ​ចំហាយ​ទឹក និង​កំ​ដៅ ព្រមទាំង​មន្ទីរពិសោធន៍​ដើម្បី​ធ្វើតេស្ត សារធាតុ​គីមី និង​ពពួក​បាក់តេរី ។ ក្នុង​ការ​ផលិត រោងចក្រ​យើង​មាន​សមត្ថភាព​អាច​ផលិត​បាន ផលិតផល​សម្រេច ១,៥​តោន​ក្នុង​មួយ​ម៉ោង ធានា​នូវ​គុណភាព សុវត្ថិភាព​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន » ។
កញ្ញា​បញ្ជាក់​ថា សព្វថ្ងៃ​សិលា​ភេ​ប​ភើ បាន​នាំ​ចេញ​ផលិតផល​ម្រេច​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ជា​ច្រើន នៅ​លើ​ពិភពលោក ដែល​មាន​តម្រូវការ​ម្រេច ជាក់ស្ដែង​កាលពី​ឆ្នាំ​មុន​នេះ សិលា​ភេ​ប​ភើ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នូវ​ផលិតផល​ម្រេច​ប្រមាណ​ជាង​១០០​តោន ហើយ​ក៏​គ្រោង​នឹង​បន្ថែម​បរិមាណ​ជា​បន្តបន្ទាប់ ទៅ​តាម​អ្វី​ដែល​បាន​ប្រមូល​ទិញ​ពី​កសិករ ។ នៅ​ឆ្នាំ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ក៏​នឹង​ព្យាយាម​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត នៅ​តំបន់​អាស៊ី និង អឺរ៉ុប ។

បើ​តាម​កញ្ញា ផលិតផល​ម្រេច​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន ក្នុង​នោះ​ប្រទេស​ជិតខាង​ដែល​ជា​អ្នក​ដាំ​ម្រេច​ផង​ដែរ​នោះ ក៏​ទទួលស្គាល់​ពី​គុណភាព​ម្រេច​របស់​កម្ពុជា​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​អោយ​តម្រូវការ​ម្រេច​កម្ពុជា​នៅ​លើ​ពិភពលោក​បាន​កើន​ឡើងជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ដោយសារ​តែ​កសិករ មិន​ទាន់​យល់​ដឹង​ពី​ការ​ផលិត​ម្រេច​អោយ​បាន​ច្បាស់លាស់ និង​មិន​ទាន់​ដឹង​ពី​បច្ចេកវិទ្យា​ដាំ​ដុះ​នោះ ទើប​ធ្វើ​អោយ​គុណភាព​ម្រេច​មាន​បញ្ហា ដោយសារ​តែ​ការ​ប្រើប្រាស់​ថ្នាំ​គីមី សម្រាប់​ព្យាបាល​លើ​ជំងឺ​ដែល​វាយ​លុយ​ដាំ​ណាំ ម្រេច ។ ហេតុផល​នេះ​ដែល​ធ្វើ​អោយ​ខូច​ឈ្មោះ​ម្រេច​កម្ពុជា ប៉ុន្តែ​បើសិនជា​កសិករ​មាន​ក្បួនខ្នាត​ត្រឹមត្រូវ នោះ​ទីផ្សារ​ម្រេច​របស់​កម្ពុជា នឹង​កាន់តែ​កើនឡើង​ថែម​ទៀត ។

គួរ​បញ្ជាក់​ថា ដំណាំ​ម្រេច​ត្រូវ​បាន​គេ​ដាំ​ដុះ​នៅ​តាម​តំបន់​ខ្ពស់​រាប​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះ​ដូច​ជា​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម រតនគីរី មណ្ឌល​គី​រី ពោធិ៍សាត់ ខេត្តកំពត​ជាដើម ប៉ុន្តែ​ក្នុង​ចំណោម​ដំណាំ​ម្រេច​ដែល​នៅ​លើ​ទឹកដី​កម្ពុជា មាន​តែ​ខេត្តកំពត​មួយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ស្គាល់​ថា​ជា​ម្រេច​មានគុណ​ភាព​ខ្ពស់​ជាងគេ និង​ត្រូវ​បាន​ចុះ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI ផង​ដែរ ដែល​ធ្វើ​អោយ​ម្រេច​ដាំ​ដុះ​ក្នុង​ខេត្ត​នេះ​ទទួល​បាន​តម្លៃ​ខ្ពស់​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ