រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា ការផ្គត់ផ្គង់អគ្គិសនីនៅក្រុងភ្នំពេញ ឬនៅតាមបណ្តាខេត្ត មានការដាច់ចរន្តអគ្គិសនី ជាញឹកញាប់ខុសប្រក្រតីក្នុងមួយថ្ងៃៗ ជាហេតុធ្វើឱ្យពលរដ្ឋ ម្ចាស់សហគ្រាស ជាពិសេសម្ចាស់រោងម៉ាស៊ីនកិនស្រូវមានការរអ៊ូរទាំថា ការដាច់ចរន្តអគ្គិសនីបែបនេះបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្ម ហើយបើបន្តដាច់រយៈពេលយូរខែ សម្រាប់វិស័យស្រូវអង្ករនឹងជួបបញ្ហាប្រឈមខ្លាំង។ ខណៈប្រមុខដឹកនាំប្រទេសបានបញ្ជាក់ថា កម្ពុជានាពេលនេះ កំពុងខ្វះខាតថាមពលអគ្គិសនីដល់ទៅ ៤០០មេហ្កាវ៉ាត់ឯណោះ ។
បើតាមអគ្គនាយករង ក្រុមហ៊ុន អេមរុ រាយស៍ បានឱ្យដឹងនាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ នេះថា ការដាច់ចរន្តអគ្គិសនី នៅប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យប៉ះពាល់គ្រប់វិស័យ មិនថាតែវិស័យស្រូវអង្ករនោះទេ វិស័យកាត់ដេរ និងវិស័យឯកជនផ្សេងទៀតក៏ប៉ះពាល់ខ្លាំងផងដែរ។ អ្វីដែលកាន់តែប្រឈមមុខខ្លាំងនោះ គឺម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសម្ងួតកសិផលរបស់កសិករខ្មែរ នារដូវច្រូតកាត់នេះតែម្តង ។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន អេមរុ រាយស៍មានប្រសាសន៍ថា « ការដាច់ចរន្តអគ្គិសនីកន្លងមកនេះវាបានធ្វើឱ្យប៉ះពាល់ខ្លាំង គេស្រែកគ្រប់គ្នាៗ ព្រោះប៉ះពាល់សង្វាក់ ផលិតកម្ម ។ អគ្គិសនីដាច់ និងមានភាពរអាក់ រអួល នៅគ្រប់កន្លែងទាំងអស់ ដូចជានៅខេត្តបាត់ដំបងក៏ដាច់, ត្បូងឃ្មុំក៏ដាច់, កំពង់ចាមក៏ដាច់ គេស្រែកគ្រប់តែគ្នា»។ បើតាមលោកអគ្គនាយករង បានឲ្យដឹងផងដែរថា ពេលអគ្គិសនីដាច់ចុះឡើងៗ វាធ្វើឱ្យប៉ះពាល់គ្រឿងម៉ាស៊ីន បើអាយុកាលគ្រឿងម៉ាស៊ីនអាចប្រើបាន១០ឆ្នាំ វាអាចថយអាយុកាលប្រើប្រាស់, ឬការដាច់អគ្គីសនី បណ្តាលឲ្យគាំងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនពុំហ៊ានចុះទៅទិញស្រូវពីកសិករដោយសារគ្មានអគ្គិសនីសម្ងួតស្រូវ ។ លើសពីនេះ វាធ្វើប៉ះពាល់ដល់ការផ្គត់ផ្គង់អង្ករទៅដល់ដៃគូទិញអង្ករនៅខាងក្រៅប្រទេសទៀតផង ។
លោក កាន់ គន្ធី បន្តថា « បញ្ហាដាច់ចរន្តអគ្គិសនីនេះ យើងបានផ្តល់ដំណឹងទៅខាងរាជរដ្ឋាភិបាលរួចហើយតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ ប៉ុន្តែមិនទាន់ដឹងថាអាជ្ញាធរមានយន្តការដោះស្រាយបែបណានោះទេ។ បញ្ហានេះអាចជួបប្រទះរហូតដល់ដាច់ខែ៥ អីចឹងយើងអាចប្រឈមជាខ្លាំងបើសិនអត់មានដំណោះស្រាយ នៅក្នុងអន្តរៈកាលក្នុងខែ៣ ឬខែ៤ ឬនៅតែដាច់អគ្គិសនីរហូតវានឹងប៉ះពាល់ខ្លាំង»។
ពាក់ព័ន្ធការដាច់ចរន្តអគ្គិសនីនេះ បើតាម លោកកាន់ គន្ធី រឿងដាច់ភ្លើងនៅក្នុងវិស័យស្រូវអង្ករនេះ វាជួបស្ទើតែរាល់ឆ្នាំ ។ ប៉ុន្តែនៅឆ្នាំនេះវាមានការដាច់អគ្គិសនីលក្ខណៈទូទាំងប្រទេស ខុសពីឆ្នាំមុនៗ វាដាច់ដោយឡែកៗពីគ្នា បើបាត់ដំបងដាច់ភ្លើង ខាងកំពង់ធំអត់ដាច់ភ្លើង តែឥឡូវវាដាច់ភ្លើងជារួម វាប៉ះពាល់មិនត្រឹមរោងម៉ាស៊ីនទេ វាប៉ះពាល់ដល់ខាងរោងចក្រនិងវិស័យឯកជនច្រើនផ្សេងទៀត។
ក្នុងនោះផងដែរមានគណនីហ្វេសប៊ុកមួយឈ្មោះថា Andy Lay ដែលគេស្គាល់ថាជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ មួយកន្លែង បានសរសេរក្នុងហ្វេសប៊ុកផ្លូវការលោកថា « ខ្ញុំសូមសំណូមពរខាងអគ្គិសនីបាត់ដំបងពិនិត្យបញ្ហានេះ ព្រោះវាប៉ះពាល់ដល់ការសម្ងួតស្រូវនិងកិននាំចេញ។ សូមមេត្តាផ្តល់អាទិភាពដល់រោងម៉ាស៊ីនកិនស្រូវដែលកំពុងសម្ងួតកសិផលកសិករ នារដូវច្រូតកាត់ »។
ដោយឡែក លោក Vuthy Thov បានសំណូមពរលោកប្រធានអគ្គិសនីខេត្តបាត់ដំបង និងបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការរអាក់រអួលភ្លើងយ៉ាងខ្លាំងបណ្តាលឱ្យរោងម៉ាស៊ីនកិនស្រូវមិនអាចដំណើរការបានពេញមួយថ្ងៃទេ ឡសម្ងួតស្រូវក៏មិនអាចសម្ងួតបានជាហេតុធ្វើឱ្យរាំងស្ទះដល់ការទិញស្រូវពីកសិករ ។ ក្នុងនាមខ្ញុំជាអាជីវករម៉ាស៊ីនស្រូវសំណូមពរឱ្យលោកប្រធានមេត្តាជួយសម្រួលពីបញ្ហានេះដោយក្តីអនុគ្រោះផង»។ ចំណែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះថា Yin Veng An បានសរសេរថា «ក្នុងរយៈពេល៣ ឬ៤ថ្ងៃនេះ មានបញ្ហាដាច់ភ្លើងជាញឹកញាប់ ដូចនេះវាបណ្តាលឱ្យប៉ះពាល់ដល់រោងម៉ាស៊ីន កិនស្រូវនឹងការទិញកសិផលរបស់កសិករ យ៉ាងខ្លាំង។ រោងម៉ាស៊ីនពុំហ៊ានទិញកសិផលរបស់គាត់ ព្រោះខ្លាចខូចដោយសារការដាច់ភ្លើងនេះ។ ហេតុដូចនេះសូមលោកប្រធានអគ្គិសនីខេត្តបាត់ដំបងជួយមើលបញ្ហានេះផង» ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនា នាឱកាសអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យទន្លេ នៅឯខេត្តកំពង់ឆ្នាំងថាសព្វថ្ងៃនេះប្រទេសកម្ពុជាកំពុងខ្វះខាតអគ្គិសនីដល់ទៅ ៤០០មេហ្កាវ៉ាត់ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាកខ្ពស់ក្នុងការដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងនេះ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «មកដល់ពេលនេះ ម៉ោងនេះ យើងចាប់ផ្ដើមខ្វះអគ្គិសនីរហូតទៅដល់ ៤០០មេហ្កា វ៉ាត់តែម្ដង ដែលនេះយើងកំពុងរកដំណោះ ស្រាយ ដើម្បីដោះស្រាយបញ្ហានេះ»។ សម្តេចបានបន្តថា កង្វះខាតអគ្គិសនីនាពេលសព្វថ្ងៃនេះ បណ្ដាលមកពីកង្វះទឹកផ្គត់ផ្គង់នៅតាមទំនប់វារីអគ្គិសនីជាច្រើននៅទូទាំងប្រទេស ព្រោះថាប្រទេសរបស់យើងមួយភាគធំប្រើប្រាស់វារីអគ្គិសនី ប៉ុន្តែវារីអគ្គិសនីប្រើដោយទឹក ឥឡូវទឹកនោះវារីង ជាពិសេសវារីអគ្គិសនីបញ្ចេញថាម ពលបានកម្រិតទាប» ៕
ចែករំលែកព័តមាននេះ