ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ស្ត្រី​មិន​មក​រដូវ?

5 ឆ្នាំ មុន

ស្ត្រី​ដែល​មិន​បាន​មក​រដូវ​យ៉ាង​ហោច​ណាស់ បី​ខែ​ជាប់​គ្នា​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​មក​រដូវ ដែល​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ស្ត្រី​ពេញវ័យ​អាយុ​១៥​ឆ្នាំ មិន​ទាន់​ចាប់ផ្តើម​មក​រដូវ​ដែរ ។ មូលហេតុ​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​ដែល​ធ្វើ​អោយ​ស្ត្រី​មិន​មក​រដូវ​នោះ​គឺ​ការ​មាន​ផ្ទៃពោះ​តែ​ម្តង​។ មូលហេតុ ផ្សេង​ៗ​ទៀត​មាន​ដូច​ជា បញ្ហា​ទាក់ទង​នឹង​សរីរាង្គ​ប្រដាប់​ភេទ ឬ​ក្រពេញ​ដែល​ជួយ​សម្រួល​ដល់​កម្រិត​អ៊័​រ​ម៉ូ​ន​។…

ស្ត្រី​ដែល​មិន​បាន​មក​រដូវ​យ៉ាង​ហោច​ណាស់ បី​ខែ​ជាប់​គ្នា​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​មក​រដូវ ដែល​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ស្ត្រី​ពេញវ័យ​អាយុ​១៥​ឆ្នាំ មិន​ទាន់​ចាប់ផ្តើម​មក​រដូវ​ដែរ ។

មូលហេតុ​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​ដែល​ធ្វើ​អោយ​ស្ត្រី​មិន​មក​រដូវ​នោះ​គឺ​ការ​មាន​ផ្ទៃពោះ​តែ​ម្តង​។ មូលហេតុ ផ្សេង​ៗ​ទៀត​មាន​ដូច​ជា បញ្ហា​ទាក់ទង​នឹង​សរីរាង្គ​ប្រដាប់​ភេទ ឬ​ក្រពេញ​ដែល​ជួយ​សម្រួល​ដល់​កម្រិត​អ៊័​រ​ម៉ូ​ន​។ ការ​ព្យាបាល​លើ​មូលហេតុ​ច្រើន​តែ​ដោះស្រាយ​លើ​បញ្ហា​មិន​មក​រដូវ​នេះ​បាន ។

១- រោគ​សញ្ញា ៖ សញ្ញា​ដ៏​សំខាន់​នៃ​ការ​មិន​មក​រដូវ​គឺ​អត់​មានការ​មក​រដូវ ឬ​ធ្លាក់​ឈាមរដូវ​សោះតែ​ម្តង​។ បើ​យោង​ទៅ​តាម​មូលហេតុ​នៃ​ការ​មិន​មក​រដូវ​នោះ គឺថា អ្នក​ប្រហែលជា​ធ្លាប់​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ជាមួយនឹង​ការ​មិន​មក​រដូវ​ហើយ​ដូច​ជា​៖ •​ហូរ​ទឹក​ដូច​ទឹកដោះ​តាម​ក្បាល​សុដន់ •​ជ្រុះ​សក់ •​ឈឺក្បាល •​ប្រែប្រួល​គំហើញ •​ដុះ​រោម​មុខ​ច្រើន •​ឈឺចាប់​ក្នុង​អាង​ត្រគាក •​កើត​មុន។

២-ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ ៖ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើសិនជា​អ្នក​បាត់​រដូវ​យ៉ាង​ហោច​ណាស់ បី​ខែ​ជាប់​គ្នា ឬ​មិន​ធ្លាប់​មក​រដូវ​សោះ​នៅ​ពេល​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើង​ទៅ ។

៣-មូលហេតុ ៖ ការ​មិន​មក​រដូវ​អាច​កើតឡើង​ដោយសារ​តែ​ហេតុផល​ច្រើន​ប្រភេទ​។ អ្នក​កើត​មាន​បញ្ហា​នេះ​ដោយ​ខ្លួនឯង តែ​ខ្លះ​ទៀត​អាច​ដោយសារ​តែ​ផល​រំខាន​របស់​ថ្នាំ ឬ​សញ្ញា​នៃ​ជំងឺ​ណាមួយ ។

៤-ការ​មិន​មក​រដូវ​ដោយសារ​តែ​ធម្មជាតិ ៖ ក្នុង​ពេល​ធម្មតា​នៃ​ជីវិត អ្នក​ប្រហែលជា​ធ្លាប់​មាន​បញ្ហា​មិន​មក​រដូវ​ដោយសារ​តែ​ហេតុផល​ធម្មជាតិ​ហើយ​ដូច​ជា​៖ •​ការ​មាន​ផ្ទៃពោះ •​បំបៅ​ដោះ​កូន •​រាំងរដូវ ។

៥-ការ​ពន្យារកំណើត ៖ ស្ត្រី​ខ្លះ​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រហែលជា​មិន​មក​រដូវ​នោះ​ទេ​។ ទោះបីជា​ក្រោយ​​ឈប់​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ក៏​ដោយ វា​ប្រហែលជា​មាន​ពេល​ខ្លះ​មុន​ពេល​ផ្ទុះ​អូវុល​ជា​ទៀងទាត់ និង​ការ​មក​រដូវ​ត្រឡប់​មក​វិញ​ដែរ​។ ចំណែកឯ​ការ​ពន្យារកំណើត​ដោយ​ការ​ចាក់​ថ្នាំ ឬ​ដាក់​ឧបករណ៍​ក្នុង​ស្បូន​ក៏​អាច​ធ្វើ​អោយ​មិន​មក​រដូវ​បាន​ដែរ ។

៦-ការ​ប្រើប្រាស់​ថ្នាំ ៖ ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​អោយ​រដូវ​លែង​មក​បាន​ដូច​ជា​៖ •​ថ្នាំ​សរសៃប្រសាទ •​ថ្នាំ​ព្យាបាល​ជំងឺមហារីក •​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត •​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម •​ថ្នាំ​អា​ឡែ​ហ្ស៊ី ។

៧-កត្តា​ទាក់ទង​នឹង​របៀប​រស់នៅ ៖ ពេល​ខ្លះ​កត្តា​ទាក់ទង​នឹង​របៀប​រស់នៅ​ក៏​នាំ​អោយ​មិន​មក​រដូវ​ដែរ​ដូច​ជា​៖

​ស្គម​៖ ការ​ដែល​ស្គម​ពេក ឬ​មាន​ទម្ងន់​ទាប​ជាង​ទម្ងន់​ធម្មតា ១០​ភាគរយ អាច​នឹង​រំខាន​ដល់​មុខងារ​អ៊័​រ​ម៉ូ​ន​ជា​ច្រើន​ក្នុង​រាង​កាយ ជា​ពិសេស​ដំណើរ​ការណ៍​នៃ​ការ​ផ្ទុះ​អូ​វ៉ុល​តែ​ម្តង​។ ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​ទទួលទាន​ដូច​ជា មិន​ឃ្លាន​អាហារ ឬ​ញ៉ាំ​ច្រើន​តែ​ក្អួត​មក​វិញ ច្រើន​តែ​មាន​បញ្ហា​មិន​មក​រដូវ​ដោយសារ​តែ​ការ​ប្រែប្រួល​អ៊័​រ​ម៉ូ​ន​មិនធម្មតា​។

​ហាត់ប្រាណ​ច្រើន​ពេក​៖ ស្ត្រី​ដែល​ចូលរួម​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ត្រូវការ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ពេក​ដូច​ជា ការ​រាំ​របាំ​បា​ឡេ ប្រហែលជា​យល់​ថា​រដូវ​របស់​ពួក​គេ​រង​ការ​ប៉ះពាល់​ហើយ​។ មាន​កត្តា​ច្រើន​ណាស់​ដែល​នាំ​អោយ​មិន​មក​រដូវ​ក្នុង​ពេល​លេង​កីឡាអត្តពលកម្ម​ដូច​ជា ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​តិច​, ស្ត្រេ​ស និង​ប្រើ​កម្លាំង​ខ្លាំង​ពេក​។

​ស្ត្រេ​ស​៖ ការ​ដែល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​អាច​ធ្វើ​អោយ​ប្រែប្រួល​មុខងារ​របស់ Hypothalamus ដែល​ជា​កន្លែង​មួយ​ក្នុង​ខួរក្បាល​សម្រាប់​គ្រប់គ្រង​លើ​អ៊័​រ​ម៉ូ​ន​ធ្វើ​ឲ្យ​មាន​រដូវ ជា​បណ្តោះអាសន្ន​បាន​។ ការ​ផ្ទុះ​អូ​វ៉ុល និង​ការ​មក​រដូវ​ប្រហែលជា​ត្រូវ​ឈប់ ប៉ុន្តែ​វា​នឹង​មក​ធម្មតា​វិញ​ពេល​ដែល​លែង​មាន​ស្ត្រេ​ស ។

៨-អ​តុល្យភាព​អ៊័​រ​ម៉ូ​ន ៖ ជំងឺ​ច្រើន​ប្រភេទ​ណាស់​ដែល​អាច​ធ្វើ​ឱ្យ​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​បាន​ដូច​ជា​៖

​ចង្កោម​រោគ​សញ្ញា​ពងទឹក​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ (Polycystic Ovary Syndrome, PCOS)៖ ជំងឺ​មួយ​នេះ​នឹង​ធ្វើ​អោយ​កម្រិត​អ៊័​ររ​ម៉ូ​ន​ឡើង​ខ្ពស់​ជាង​ធម្មតា ជា​ពិសេស​ដំណើរការ​វដ្ត​រដូវ​តែ​ម្តង ។

​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​មិន​បាន​ល្អ​៖ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំង​ពេក (Hyperthyroidism) ឬ ធ្វើការ​មិនល្អ (Hypothyroidism) អាច​បណ្តាល​ឲ្យ​ការ​មក​រដូវ​មិន​ទៀងទាត់ ហើយ​ក៏​មិន​មក​រដូវ​ទៀត​ក៏​មាន​ដែរ ។

​ដុំ​សាច់​ក្នុង​ក្រពេញ Pituitary៖ ដុំ​សាច់​មិនមែន​មហារីក (Benign) ក្នុង​ក្រពេញ Pituitary អាច​នឹង​រំខាន​ដល់​ការ​សម្របសម្រួល​អ៊័​រ​ម៉ូ​ន​សម្រាប់​មក​រដូវ​បាន ។

​ឆាប់​រាំងរដូវ​ពេក​៖ ការ​រាំងរដូវ​ច្រើន​តែ​ចាប់ផ្តើម​នៅ​អាយុ​ជាង ៥០​ឆ្នាំ​។ ប៉ុន្តែ​មាន​ស្ត្រី​ខ្លះ ក៏​អាច​រាំងរដូវ​មុន​អាយុ ៤០​ឆ្នាំ​បាន​ដែរ​។

៩-បញ្ហា​រចនាសម្ព័ន្ធ ៖ បញ្ហា​ដែល​ទាក់ទង​នឹង​សរីរាង្គ​ភេទ​ក៏​អាច​ធ្វើ​ឲ្យ​រាំងរដូវ​បាន​ដែរ​ដូច​ជា​៖ •​ការ​មាន​ស្លាកស្នាម​នៅ​ស្បូន​៖ ចង្កោម​រោគ​សញ្ញា Asherman’s Syndrome ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​មាន​សន្លាក​ជាលិការ​ក្នុង​ស្បូន ហើយ​ពេល​ខ្លះ​អាច​កើតឡើង​ក្រោយ​ពី​ការ​កៀរ​ក្នុង​ស្បូន​, សម្រាល​ដោយ​ការ​វះកាត់ ឬ​ព្យាបាល​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ។

•​កង្វះ​សរីរាង្គ​ភេទ​៖ ពេល​ខ្លះ បញ្ហា​អាច​កើត​មាន​ក្នុង​ពេល​វិ​វ​ឌ្ឍ​របស់​កូន​ដែល​ធ្វើ​ឲ្យ​កូនស្រី​កើតមក​គ្មាន​ផ្នែក​សំខាន់​ណាមួយ​នៃ​ប្រដាប់បន្តពូជ​ដូច​ជា ស្បូន​, មាត់ស្បូន ឬ​ទ្វារមាស​។ ដោយសារ​តែ​ប្រព័ន្ធ​ប្រដាប់​ភេទ​របស់​នាង​មិន​លូតលាស់​ដូច​ធម្មតា នាង​ក៏​មិន​អាច​មាន​រដូវ​ដូច​ស្ត្រី​ធម្មតា​បាន​ដែរ ។

•​រចនាសម្ព័ន្ធ​មិនធម្មតា​របស់​ទ្វារមាស​៖ ការ​ស្ទះ​ណាមួយ​របស់​ទ្វារមាស​ប្រហែលជា​មិន​អាច​ឲ្យ​មើល​ឃើញ​លំហូរ​ឈាមរដូវ​បាន​ទេ ។ ភ្នាស ឬ​ជញ្ជាំង​ប្រហែលជា​អាច​កើត​មាន​ក្នុង​ទ្វារមាស និង​បណ្តាល​ឲ្យ​ស្ទះ​ដល់​លំហូរ​ឈាម​ចេញពី​ស្បូន និង​មាត់ស្បូន​បាន ។

១០-កត្តា​ប្រឈម​មុខ ៖ កត្តា​ប្រឈម​មុខ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​រាំងរដូវ​នោះ​មាន​ដូច​ជា •​ប្រវត្តិ​គ្រួសារ​៖ បើសិនជា​ស្ត្រី​ណា​ផ្សេង​ក្នុង​គ្រួសារ​របស់​អ្នក​ធ្លាប់​មាន​បញ្ហា​មិន​មក​រដូវ អ្នក​ប្រ​ហេ​ល​ជា​ត្រៀមខ្លួន​នឹង​មាន​បញ្ហា​នេះ​ដែរ​ហើយ ។ •​ការ​ទទួលទាន​អាហារ​មិនធម្មតា​៖ បើសិនជា​អ្នកមាន​បញ្ហា​ញ៉ាំ​អាហារ​មិនធម្មតា​ដូច​ជា មិន​ឃ្លាន​អាហារ ឬ​ញ៉ាំ​អាហារ​ច្រើន​ស្រាប់​ក្អួត​មក​វិញ មាន​ន័យ​ថា​អ្នក​មានការ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​មិន​មក​រដូវ​ហើយ ។ •​ការ​ហាត់ប្រាណ​បែប​អត្តពលកម្ម​៖ ការ​ហាត់ប្រាណ​បែប​អត្តពលកម្ម​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ពេក​អាច​នឹង​បង្កើន​ការ​ប្រឈម​នឹង​ការ​មិន​មក​រដូវ​បាន ។

១១-ផលវិបាក ៖ •​មិន​អាច​មានកូន​បាន​៖ បើសិនជា​អ្នក​មិន​មានការ​ផ្ទុះ​អូ​វ៉ុល​ទេ ហើយ​ក៏​មិន​មក​រដូវ​ទៀត​នោះ មាន​ន័យ​ថា អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បាន​ឡើយ ។ •​ជំងឺ​ពុក​ឆ្អឹង​៖ បើសិនជា​ការ​មិន​មក​រដូវ​របស់​អ្នក​មិន​បណ្តាល​មក​ពី​ការ​ចុះ​ទាប​របស់​អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​ទេ អ្នក​ក៏​ប្រហែលជា​ប្រឈម​មុខ​នឹង​ជំងឺ​ពុក​ឆ្អឹង​ហើយ ។

១២-តេស្ត និង​ការ​ធ្វើ​រោគវិនិច្ឆ័យ ៖ ការ​មិន​មក​រដូវ​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​អ៊័​រ​ម៉ូ​ន​ដ៏​ច្រើន ។ ការ​ស្វែងរក​មូលហេតុ​របស់​វា​អាច​ប្រើ​ពេល​យូរ ហើយ​ប្រហែលជា​ត្រូវធ្វើ​តេស្ត​ច្រើន​ផង​ដែរ ។

១៣-តេស្ត​ក្នុង​មន្ទីរពិសោធន៍ ៖ តេស្ត​ឈាម​ជា​ច្រើន​ដែល​សំខាន់​នោះ​មាន​ដូច​ជា​៖ •​តេស្ត​រក​មើល​ការ​មាន​ផ្ទៃពោះ​៖ នេះ​ប្រហែលជា​តេស្ត​ដំបូង​គេ​ដែល​គ្រូពេទ្យ​សុំ​ឲ្យ​អ្នក​ធ្វើ​ដើម្បី​ទាត់​ចោល​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ​ចេញ ។ •​តេស្ត​មើល​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​៖ ការ​វាស់​ចំនួន​អ៊័​រ​ម៉ូ​ន Thyroid-stimulating Hormone (TSH) ក្នុង​ឈាម​អាច​កំណត់​បាន​ថា​តើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​អ្នក​កំពុង​តែ​ធ្វើការ​ល្អ​ឬ​ក៏​អត់ ។

•​តេស្ត​មើល​មុខងារ​ក្រពេញ​អូ​វ៉ែ​៖ ការ​វាស់​ចំនួន​អ៊័​រ​ម៉ូ​ន Follicle-stimulating Hormone (FSH)​ក្នុង​ឈាម​អាច​កំណត់​បាន​ថា​តើ​ក្រពេញ​អូ​វ៉ែ​អ្នក​កំពុង​តែ​ធ្វើការ​ល្អ​ឬ​អត់​។ •​តេស្ត​មើល​អ៊័​រ​ម៉ូ​ន​ប្រូ​ឡាក់​ទី​ន​៖ ការ​ថយ​ចុះ​របស់​អ័រម៉ូន​ប្រូ​ឡាក់​ទី​ន​ប្រហែលជា​សញ្ញា​នៃ​ដុំ​សាច់​ក្នុង​ក្រពេញ Pituitary ។ •​តេស្ត​រក​មើល​អ័រម៉ូន​មនុស្ស​ប្រុស​៖ បើសិនជា​អ្នក​កំពុង​តែ​មាន​បញ្ហា​ដុះ​រោម​មុខ​ច្រើន និង​សម្លេង​មិនសូវ​បាន​នោះ គ្រូពេទ្យ​ប្រហែលជា​ចង់​ពិនិត្យ​ទៅ​លើ​អ៊័​រ​ម៉ូ​ន​មនុស្ស​ប្រុស​ក្នុង​ឈាម​អ្នក​ហើយ ។

១៤-តេស្ត​អ៊័​រ​ម៉ូ​ន ៖ សម្រាប់​តេស្ត​មួយ​នេះ អ្នក​នឹង​ត្រូវ​លេបថ្នាំ​ជា​ប្រភេទ​អ៊័​រ​ម៉ូ​ន​រយៈពេល​៧ ទៅ​១០​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​ហូរ​ឈាមរដូវ​តែ​ម្តង​។ ចំពោះ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នេះ​អាច​ប្រាប់​ដល់​គ្រូពេទ្យ​ថា​តើ​រដូវ​របស់​អ្នក​ឈប់​មក​ដោយសារ​តែ​កង្វះ​អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​ឬ​ក៏​អត់ ។

១៥-តេស្ត​ដោយ​ថតរូប​ភាព​វេជ្ជសាស្ត្រ ៖ អាស្រ័យ​ទៅ​លើ​រោគ​សញ្ញា​របស់​អ្នក និង​លទ្ធផល​នៃ​ការ​ធ្វើតេស្ត គ្រូពេទ្យ​អាច​នឹង​ណែនាំ​អោយធ្វើ​តេស្ត​ដោយ​ថតរូប​ភាព​វេជ្ជសាស្ត្រ​មួយ ឬ​ច្រើន​បន្ថែម​ទៀត​ដូច​ខាងក្រោម​៖

​ថត​អេកូ​៖ តេស្ត​មួយ​នេះ​គឺជា​ការ​ប្រើ​រលក​សម្លេង​ដើម្បី​បង្កើត​ជា​រូបភាព​នៃ​សរីរាង្គ​ក្នុង​ពោះ​មនុស្ស​។ បើសិនជា​អ្នក​មិន​ធ្លាប់​មក​រដូវ​សោះ គ្រូពេទ្យ​នឹង​ធ្វើតេស្ត​នេះ​ដើម្បី​ពិនិត្យ​រក​មើល​ភាព​មិនធម្មតា​ក្នុង​សរីរាង្គ​បន្ត​ពូជ​របស់​អ្នក ។

​ថត Computerized Tomography (CT)៖ ការ​ថតរូប​ភាព​វេជ្ជសាស្ត្រ​មួយ​នេះ​គឺជា​ការ​ផ្សំគ្នា​នៃ​រូបភាព​កាំរស្មីអ៊ិច​ជា​ច្រើន​ដែល​បាន​មក​ពី​កន្លែង​ខុស​ៗ​គ្នា​ដើម្បី​បង្កើត​បានជា​រូបភាព​កាត់​ទទឹង​នៃ​សរីរាង្គ​ក្នុង​ខ្លួន​។ វា​អាច​បញ្ជាក់​ឲ្យ​ដឹង​ថា​តើ​ស្បូន​, ក្រពេញ​អូវែរ និង​តម្រងនោម​មាន​លក្ខណៈ​ធម្មតា​ឬ​ក៏​អត់ ។

​ការ​ថត Magnetic Resonance Imaging (MRI)៖ MRI គឺជា​ការ​ប្រើប្រាស់​រលក​វិទ្យុសកម្ម​ដែល​មាន​ដែន​ម៉ា​ញ៉េ​ទិច​ខ្លាំង​ដើម្បី​បង្កើត​បានជា​រូបភាព​ដ៏​ច្បាស់​ជា​ច្រើន​នៃ​ជាលិការ​ទន់​ៗ​ក្នុង​រាង​កាយ​មនុស្ស​។ គ្រូពេទ្យ​អាច​នឹង​ធ្វើតេស្ត​បែប​នេះ​ដើម្បី​ពិនិត្យ​រក​មើល​ដុំ​សាច់​ក្នុង​ក្រពេញ Pituitary ។

១៦-ការ​ព្យាបាល ៖ ការ​ព្យាបាល​អាស្រ័យ​ទៅ​លើ​មូលហេតុ​នៃ​ការ​មិន​មក​រដូវ​។ ករណី​ខ្លះ ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ការ​ព្យាបាល​ដោយ​អ៊័​រ​ម៉ូ​ន ផ្សេង​ៗ ទៀត​អាច​ជួយ​អោយ​វដ្ត​រដូវ​អ្នក​ត្រឡប់​មក​ធម្មតា​វិញ​បាន​។ ការ​មិន​មក​រដូវ​អាច​បណ្តាល​មក​ពី​ភាព​មិនធម្មតា​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឬ​ក្រពេញ Pituitary​។ បើសិនជា​មាន​ដុំ​សាច់ ឬ​ការ​ស្ទះ​ក្នុង​រចនាសម្ព័ន្ធ​ណាមួយ ការ​វះកាត់​ប្រហែលជា​ត្រូវធ្វើ​ក្នុង​ករណី​ចាំបាច់។

១៧-របៀប​រស់នៅ និង​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​ដោយ​ខ្លួនឯង ៖ កត្តា​របៀប​រស់នៅ​មួយ​ចំនួន​ដូច​ជា ការ​ហាត់ប្រាណ​ច្រើន​ពេក ឬ​ញ៉ាំ​អាហារ​តិច​ពេក​ក៏​អាច​ធ្វើ​ឲ្យ​មិន​មក​រដូវ​បាន​ដែរ​។ ដូច្នេះ ចូរ​ធ្វើ​យ៉ាងណា​ផ្តល់​តុល្យភាព​ដល់​រឿង​នេះ ។ ចូរ​ធ្វើការ​ដោះស្រាយ​ទៅ​លើ​អ្វី​ដែល​នាំ​អោយ​អ្នក​ស្ត្រេ​ស និង​ជម្លោះ​នានា​ក្នុង​ជីវិត​។ បើសិនជា​អ្នក​មិន​អាច​បន្ថយ​ស្ត្រេ​ស​ដោយ​ខ្លួនឯង​ទេ ចូរ​សុំ​ជំនួយ​ពី​គ្រួសារ​, មិត្តភក្តិ ឬ​គ្រូពេទ្យ ។

ចូរ​យល់​ដឹង​អំពី​ការ​ប្រែប្រួល​ចំពោះ​វដ្ត​រដូវ​របស់​អ្នក និង​ឲ្យ​ពេទ្យ​ពិនិត្យ​បើសិនជា​អ្នក​មានការ​ព្រួយបារម្ភ​។ ចូរ​ធ្វើការ​កត់ត្រា​ទុក​ថា​តើ​ពេល​ណា​អ្នក​មក​រដូវ​។ ចូរ​ធ្វើការ​សម្គាល់​ទៅ​លើ​ថ្ងៃខែ​ដែល​អ្នក​ចាប់ផ្តើម​មក​រដូវ​ដូច​ជា តើ​វា​មាន​រយៈពេល​យូរ​ប៉ុណ្ណា និង​មាន​រោគ​សញ្ញា​ធ្វើទុក្ខ​អ្វីខ្លះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ