ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីខែមករាកន្លងមកនេះនៅទីក្រុងប៉ាដាងឥណ្ឌូណេស៊ី ពួកទាហានបានដើរប្រមូលតាមហាង បណ្ដាសៀវភៅក្រហម របស់បក្សកុំមុយនីស្តមុនការបោះឆ្នោតមកដល់ ព្រោះលទ្ធិកុំមុយនីស្តនៅតែតាមលងក្នុងប្រទេសនោះ។
កាលពីសម័យសង្គ្រាមត្រជាក់ កងទ័ពរបស់ ឧត្ដមសេនីយស៊ូហារតូ បានធ្វើការបង្ក្រាបយ៉ាងចាស់ដៃបំផុត ពួកអ្នកមានសមានចិត្តនឹងពួកកុំមុយនីស្ត ដែលបណ្ដាលឲ្យមនុស្សស្លាប់ដល់យ៉ាងតិច៥០០.០០០នាក់ក្នុងទូទាំងប្រទេស។
គណបក្សកុំមុយនីស្តឥណ្ឌូណេស៊ី PKI ដែលចាត់ទុកថាជាបក្សកុំមុយនីស្តធំទី៣លើពិភពលោក បន្ទាប់ពីបក្សកុំមុយនីស្តចិននិងសូវៀត ត្រូវកម្ទេចដោយការបង្ហូរឈាម នាំឲ្យសហរដ្ឋអាមេរិក ដែលតស៊ូប្រឆាំងការឃោសនា របស់លទ្ធិកុំមុយនីស្តនៅអាស៊ីមានការពេញចិត្តយ៉ាងខ្លាំង។ ជាងកន្លះសតវត្សបានកន្លងផុតទៅហើយ តែឥទ្ធិពលកុំមុយនីស្តក្នុងប្រទេសនេះនៅតែតាមលង។ ការដាក់តាំងរូបភាពCHE GUEVARAឬបណ្ដានិមិត្តរូបដូចជារូបកណ្ដៀវញញួរជាដើម អាចត្រូវគេចាប់ដាក់គុក។
យោងតាមពួកអ្នកសង្កេតការណ៍ថា ការចូលឆ្មក់ក្នុងទីតាំងលក់សៀវភៅកាលពីខែមករា នៅទីក្រុងប៉ាដាង ជាផ្នែកមួយនៃប្រតិបត្តិការ របស់អាជ្ញាធរឥណ្ឌូណេស៊ី មុនការបោះឆ្នោតប្រធានាធិបតីនាខែមេសា ដែលសំដៅបំភ័យពួកក្រហម ក្នុងការទាញយកចំណេញពីនយោបាយ។
ពួកអ្នកលក់សៀវភៅនិយាយថា គេបាននិយាយមកកាន់យើងថា បណ្ដាសៀវភៅដែលរឹបអូសសរសេរពីបក្សកុំមុយនីស្តឥណ្ឌូណេសីុPKI។ ប៉ុន្តែតាមពិតទៅយើងពុំគិតពីរឿងនេះ យើងគ្រាន់ជាអ្នកលក់។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាងលក់សៀវភៅជាច្រើនសិបកន្លែងត្រូវ គេលុកចូលឆែកឆេររឹបអូសយកសៀវភៅក្រហាម។ បណ្ដាអង្គការសិទិ្ធមនុស្ស បានអំពាវនាវដល់ប្រធានាធិបតី លោកJODO WIDONO ឲ្យបញ្ចប់ប្រតិបត្តិការទាំងនេះរបស់ប៉ូលិសនិងទាហាន។ លោកASVI WARWAN ADAM សាស្ត្រាចារ្យ ប្រវត្តិវិទ្យានយោបាយនៃវិទ្យាស្ដានវិទ្យាសាស្ត្រឥណ្ឌូណេស៊ីនិយាយថា ការឆែកឆេររឹបអូសបែបនោះ បង្ហាញពីការនៅតែខ្លាចស្រមោលនៃការវិលត្រឡប់ លទ្ធិកុំមុយនីស្តមុនពេលបោះឆ្នោត៕
ចែករំលែកព័តមាននេះ