ប្រទេសវៀតណាម ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីថ្ងៃសៅរ៍ កន្លងមកបានឲ្យដឹងថា ផ្លែឈើគឺជាផលិតផលដ៏សំខាន់សម្រាប់ខេត្តវៀតណាមដែលនៅជុំវិញតំបន់ដីសណ្តទន្លេមេគង្គ ។ ប៉ុន្តែការដាំដុះទ្រង់ទ្រាយតូច និងកង្វះការតភ្ជាប់ផលិតកម្មទៅកាន់ការទិញ ការវេចខ្ចប់ទៅការនាំចេញ កំពុងតែប៉ះពាល់ដល់ការអភិវឌ្ឍន៍ក្នុងវិស័យនេះ ។
យោងទៅតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ខេត្តខាងត្បូងនៃប្រទេសវៀតណាមមានការដាំដុះដំណាំយកផ្លែប្រមាណ៥៩៦,៣៣០ហិចតា ដែលស្មើ ៦០%នៃដីដាំដុះក្នុងប្រទេសទៅហើយ ។ ជារៀងរាល់ឆ្នាំ ពួកគេប្រមូលទិន្នផលបានប្រមាណ៦.៦លានតោន ឬស្មើ ៦៧%នៃទិន្នផលសរុបក្នុងប្រទេស ។ ប្រសិទ្ធិភាពក្នុងការផលិតបានកើនឡើង ៦១%ផងដែរបើធៀបនឹងឆ្នាំ២០១០ ។
ព្រោះតែមានការដាំដុះនៅឆ្ងាយពីគ្នា វិនិយោគិនជួបការលំបាកក្នុងការវិនិយោគក្នុងការអភវិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បង្កើតតំណភ្ជាប់ក្នុងផ្នែកផលិតកម្ម និងគ្រប់គ្រងគុណភាពផលិតផលជាដើម ។ ប្រទេសវៀតណាមមានកន្លែងវេចខ្ចប់ផ្លែឈើប្រមាណ៧១កន្លែងក្នុងខេត្តខាងត្បូង ប៉ុន្តែរោងចក្រទាំងនេះភាគច្រើនខ្វះសម្ភារ ។
យោងទៅតាមលោក Cao Van Hoa ដែលជាអនុប្រធាននាយកដ្ឋានកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅខេត្ត Tien Giang បានឲ្យដឹងថា ខេត្តនេះមើលឃើញទំហំដីដាំដុះផ្លែឈើកើនឡើង ៩ពាន់ហិចតាមកស្មើ ៧៧,៧០០ហិចតាកាលពីឆ្នាំមុន ។ ទិន្នផលបានកើនឡើង០.៣៤តោន មកស្មើ ១.៥ទ្រីលានដុល្លារ ប៉ុន្តែការអភិវឌ្ឍន៍ចម្ការដាំដុះប្រហែលជាមិនអាចកើតមានឡើងទេ។
លោកបានបន្ទោសការដាំដុះទ្រង់ទ្រាយធំ និងកង្វះការតភ្ជាប់ក្នុងផ្នែកវិនិយោគ និងជំនាញ ។ លោកបានបន្តថា បម្រែបម្រួលអាកាសធាតុក៏ជាបញ្ហាមួយដែរ ដូច្នេះវាពិតជាសំខាន់ណាស់សម្រាប់វិស័យនេះក្នុងការទទួលបានជំនួយពីរដ្ឋាភិបាល។
លោក Pham Van Canh ដែលជាអនុប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្ត Long An បានស្នើដល់ភ្នាក់ងារដែលជាប់ពាក់ព័ន្ធឲ្យខិតខំលើកតម្កើងការធ្វើពាណិជ្ជកម្មក្នុងទីផ្សារក្នុងស្រុកនិងនៅបរទេសបន្ថែម ផ្តល់ព័ត៌មានពីតម្លៃលើទីផ្សារ និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីជួយដល់ទិន្នផលកសិករ ៕
ចែករំលែកព័តមាននេះ