ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រង្វាន់​សំបូរ សុ​ភ័​ណ្ឌ ត្រូវ​បាន​ក្រសួង​អប់រំ​ឆ្លើយ​តប បន្ទាប់​ពី​ធ្លាយ​រឿង​មិនឃើញ​ប្រាក់​ឧបត្ថម្ភ​របស់​សម្ដេច​តេ​ជោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ករណី​ផ្ទុះ​ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហាប្រាក់​រង្វាន់​ របស់​ម្ចាស់​មេដាយមាស​កីឡា​កាយ​វប្បកម្ម​ពិភពលោក សំបូរ សុ​ភ័​ណ្ឌ នៅ​តែបន្ត​ឡើង​កម្ដៅ ខណៈ​ដែល​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​សម្ដេច​តេ​ជោ​១​មុ​ឺ​ន​ដុល្លារ​ក៏​មិន​ទាន់ ឃើញ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ករណី​ផ្ទុះ​ភាព​ចម្រូងចម្រាស​ជុំវិញ​បញ្ហាប្រាក់​រង្វាន់​ របស់​ម្ចាស់​មេដាយមាស​កីឡា​កាយ​វប្បកម្ម​ពិភពលោក សំបូរ សុ​ភ័​ណ្ឌ នៅ​តែបន្ត​ឡើង​កម្ដៅ ខណៈ​ដែល​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​សម្ដេច​តេ​ជោ​១​មុ​ឺ​ន​ដុល្លារ​ក៏​មិន​ទាន់ ឃើញ ក្នុង​ពេល​ប្រាក់​រង្វាន់​ចំនួន​១២០​លាន​រៀល​ដែល​កីឡាករ សំបូរ សុ​ភ័​ណ្ឌ និង​សហព័ន្ធ​ទាមទារ​ក៏​នៅ​មិន​ទាន់​ដោះស្រាយ​។

កីឡាករ សំបូរ នន់

ទោះបី​យ៉ាងណា​យោង​តាម​ការ​ឆ្លើយ​តប​របស់មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡាទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​១​មុ​ឺ​ន​ដុល្លារ​របស់សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ប្រគល់​ជូន​ក្រោយ​ពេល​សំណើ​ទៅ​កាន់​ថ្នាក់លើ​ត្រូវ​បាន​ទម្លាក់​មក លើកលែងតែ​ប្រាក់​រង្វាន់​១២០​លាន​រៀល​ដែល​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។
តំណាង​ក្រសួង​អប់រំ​បាន​ឆ្លើយ​តប​ត្រឹម​ថា ប្រាក់​ឧបត្ថម្ភ​១​មុ​ឺ​ន​ដុល្លារ​ដែល​ជា​ការ​លើកទឹកចិត្ត​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ដាក់​សំណើ​ទៅ​ហើយ ដោយ​គម្រោង​ប្រគល់​ថវិកា​នេះ នឹង​កំណត់​នៅ​ពេល​ណាមួយ​ក្នុង​ពេល​ខាង​មុខ ដោយសារ​តែ​ទឹកប្រាក់​១​មុ​ឺ​ន​ដុល្លារ​ទើបតែ​ត្រូវ​បាន​ស្នើ​ឡើង ។ ស្ថានការណ៍​ចុង​ក្រោយ កីឡាករ សំបូរ សុ​ភ័​ណ្ឌ បាន​ឈាន​ដល់​ការ​ប្រកាស​ឈប់​ចូលរួម​ប្រកួត​ស្របគ្នា​ដែល​កីឡាករ​ផ្នែក​កាយ​វប្បកម្ម​ចំនួន​២​រូប​ផ្សេង​ទៀត​បាន​ប្រកាស​ជំហរ​បោះបង់​ការ​ប្រកួត​ដូច​គ្នា​ដែរ ដោយសារ​ឈឺឆ្អាល​រឿង​ទឹកប្រាក់​មេដាយមាស​១២០​លាន​រៀល​របស់​កីឡាករ សំបូរ សុ​ភ័​ណ្ឌ មិន​ត្រូវ​បាន​ដោះស្រាយ ។

កីឡាករ ណុំ សុបិន្ត

សំបូរ ន​ន់ ដែល​ជា​កីឡាករ​កាយ​វប្បកម្ម​តាំងពី​ឆ្នាំ​២០១២​មក បាន​ប្រកាស​ជា​សាធារណៈ​ថា​៖“​ខ្ញុំបាទ​សំបូរ ន​ន់​ជា​អ្នកកីឡា​កាយ​វប្បកម្ម​តំណាង​ជាតិ​តាំង​តែ​ពី​ឆ្នាំ​២០១២​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​ក៏​សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​ឈប់​ប្រកួត​ជា​កីឡាករ​តំណាង​ជាតិ​ទៀត​ហើយ ពីព្រោះ​ក្រសួង​អបរំ យុវជន និង​កីឡា មិន​បានឱ្យ​តម្លៃ​ដល់​កីឡា​មួយ​នេះ​សូ​ម្បី​តែ​បន្តិច អរគុណ​បងប្អូន​ដែល​បាន​គាំទ្រ​ខ្ញុំបាទ​រហូត​មក​”​។ ស្រ​ដៀង​គ្នា​ដែរ កីឡាករ ណុំ សុ​បិ​ន្ត ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ធនធាន​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​នា​ពេល​កន្លង​មក ក៏​បាន​ប្រកាស​លាឈប់​ដូច​គ្នា​ផង​ដែរ ដោយ​លោក​បង្ហោះ​សារ​ជា​ច្រើន​បញ្ជាក់​ជំហរ​មិន​ត្រឡប់​ក្រោយ ប្រសិនបើ​ប្រាក់​រង្វាន់​របស់​កីឡាករ សំបូរ សុ​ភ័​ណ្ឌ មិន​ត្រូវ​បាន​ដោះស្រាយ ។ លោក​បង្ហោះ​ថា “​ខ្ញុំបាទ ណុំ សុ​បិ​ន្ត ( Ra James ) ជា​កីឡាករ​តំណាង​ជាតិ​និង​ជា​គ្រូបង្វឹក​ផ្នែក​កីឡា​កាយ​វប្បកម្ម សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​សុំ​បញ្ចប់​នូវ​អាជីព​មួយ​នេះ ហើយនឹង​មិន​ចូលរួម​ប្រកួត​តំណាង​ជាតិ​ទៀត​នោះ​ទេ ។ សូម​មេត្តា​ជួយ​ចែករំលែក​ផង សូម​អគុណ​!”​។ ការ​ប្រកាស​របស់​កីឡាករ ទាំង​ពីរ​កំពុង​ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រឡាំងកាំង ជា​ពិសេស គឺ​ជំហរ​របស់​កីឡាករ ណុំ សុ​បិ​ន្ត ដោយសារ​តែ​លោក​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នកតស៊ូ​ក្នុង​វិស័យ​នេះ​យូរអង្វែង​មក​ហើយ និង​ធ្លាប់​ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​អាគ្នេយ៍​កន្លង​ទៅ​។ ណុំ សុ​បិ​ន្ត គឺជា​អ្នកចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក ជាមួយ​លោក សំបូរ ន​ន់ ទើប​ក្រោយ​កីឡាករ​រូប​នេះ​ប្រកាស​ថា​នឹង​លាឈប់​ក៏​ក្លាយជា​រឿង​រសើបមិន​អន់​ដែរ ព្រោះ​មាន​ន័យ​ថា សហព័ន្ធ​កីឡាកាយ​វប្បកម្ម​កំពុង​បាត់បង់​ធនធាន​កីឡាករ​ល្អ ឬ​អាច​មាន​ន័យ​ថា កីឡា​មួយ​នេះ នឹង​បាត់​មុខ​ពីលើ​ឆាក​អន្តរជាតិ ព្រោះ​មិន​ងាយ​រក​តំណាង​ឱ្យ​ចេញ​ប្រកួត​ហើយ​ឈ្នះ​មេដាយ​ដូច​សមាសភាព​កីឡាករ​២-៣​រូប​នេះ​ទេ​។

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខេមរៈ​សហព័ន្ធកីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​- CBBFF ក៏​បាន​ប្រកាស​ជំហរ​ដែរ​ថា សហព័ន្ធ​នឹង​ផ្អាក​ការ​ចូលរួម​រាល់​ការ​ប្រកួត​គ្រប់​កម្រិត​ទាំងអស់ ទាំង​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍ (​មាន​ពី​៨-១០​ប្រទេស​ចូលរួម​) កម្រិត​ទ្វីបអាស៊ី​(​មាន​ពី​៣០-៣២ ប្រទេស​ចូលរួម​) និង​ពិភពលោក​(​មាន​ពី​៤៥-៥២​ប្រទេស​ចូលរួម​)​រហូត​ដល់​មាន​ដំណោះ​ស្រាល​លើ​ករណី​ប្រាក់​រង្វាន់​១២០​លាន​រៀល​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ត្រូវ​គេ​អះអាង​ថា​ស្នើ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។
សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ បាន​បង្ហោះ​ថា​៖ “​គណៈកម្មការ​ប្រតិបត្តិ និង​សមាជិក​នៃ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ មិន​អាច​ទទួលយក​បាន​ចំពោះ​ការ​បកស្រាយ​របស់​ឯកឧត្តម​អ៊ុ​កសិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សំដី
និង​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​ថា កីឡាករ សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន​មេដាយមាស​ពី​ប្រទេស​ថៃ គឺ​មាន​វិញ្ញាសា​ច្រើន​រហូត​ដល់​ទៅ​៥១​វិញ្ញាសា ហើយ​វិញ្ញាសា​ខ្លះ​ប្រកួត​តែ​ពីរ​ទៅ​បី​ប្រកួត​ក៏​ទទួល​បាន​មេដាយ​ដែរ ។

ហេតុនេះ​ក្រសួង​មិន​បាន​ចាត់​មេដាយ​នេះ​ជា​មេដាយមាស​ពិភពលោក​ពេញលេញ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​១២០​លាន​រៀល​នោះ​ទេ ដោយ​ក្រសួង​បាន​ប្រជុំ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ដោយ​ផ្តល់​ប្រាក់​រង្វាន់​ប្រមាណ​ជា​២០​លាន​រៀល​តែ​ម្តង ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​។​” សហព័ន្ធ​បង្ហោះ​បន្ថែម​ថា​៖“​បើ​តាមតែ​ការ​បកស្រាយ​របស់​ឯកឧត្តម ស្តាប់​មើលទៅ​ហាក់ដូចជា​ឯកឧត្តម​មិន​បាន​សិក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​របៀប​នៃ​ការ​ប្រកួត​របស់​កីឡា​កាយ​វប្បកម្ម និង​ធ្វើការ​តាម​អារម្មណ៍​នឹកឃើញ​របស់​បុគ្គល​ខ្លួនឯង មិន​យល់​ពី​របៀបឱ្យ​ពិន្ទុ​ហើយ​ហ៊ាន​វាយតម្លៃ​មេដាយមាស​ពិភពលោក​ដែល​យើង​ទទួល​បាន​ថា​មិន​ពេញលេញ ចុះ​ហេតុ​អ្វី​បាន​ប្រទេស​៥០​ផ្សេង​ទៀត​គេ​ឱ្យ​តម្លៃ បែរជា​ក្រសួង​អប់រំ​កម្ពុជា​យើង​វាយតម្លៃ​ថា​មេដាយ​របស់​យើង​មាន​លក្ខណៈ​មិន​ពេញលេញ ហើយ​ទៅ​ជា​យក​កីឡា​មួយ​ទៅ​រៀបធៀប​ជាមួយ​កីឡា​មួយទៀត ពិត​ណាស់​កីឡា​ប្រភេទ​នីមួយ​ៗ ពួក​គាត់​មាន​ផល​ពិបាក​រៀង​ៗ​ខ្លួន​…”​។

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា នៅ​មិន​ទាន់​មាន​ចម្លើយ​តប​ជុំវិញ​ការ​ចោទ​ថា​បាត់ប្រាក់​រង្វាន់​របស់​កីឡាករ សំបូរ សុ​ភ័​ណ្ឌ និង​គូ​គន​នោះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​ថា ករណី​ប្រកួត​របស់​កីឡាករ​កាយ​វប្បកម្ម​រូប​នេះ មិន​ស្ថិត​ក្នុង​លក្ខខណ្ឌ​ត្រូវ​ទទួល​បាន​ទឹកប្រាក់​១២០​លាន​រៀល​សម្រាប់​មេដាយមាស​នោះ​ទេ​។ ស្រ​ដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិអូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា ក្នុង​ការងារ​ដឹកនាំ​កីឡាករ​កន្លង​មក លោក​ដឹង​ត្រឹម​ថា អ​ន្រុ​កឹ​ត្យ​របស់​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​១២០​លាន​រៀល តែ​សម្រាប់​ការ​ប្រកួត​កម្រិត​ហ្គេ​មដូច​ជា Olympic Games, Asian Games​ឬ ការ​ប្រកួត​ថ្នាក់​តំបន់​ណាមួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែសម្រាប់​ការ​ប្រកួត​ប្រភេទ​ជើងឯក ឬ​Championship គឺ​បាន​តែ​ប្រាក់​រង្វាន់​ពី​ក្រសួង​អប់រំ​ចំនួន​២០​លាន​រៀល​ដូច​សំបូរ សុ​ភ័​ណ្ឌ បាន​ទទួល​ប៉ុណ្ណោះ ។ ទោះបី​យ៉ាងណា​លោក​ថា ករណី​តវ៉ា​របស់​កីឡាករ សំបូរ សុ​ភ័​ណ្ឌ ពេល​ខ្លះ​អាច​ស្ថិត​ក្នុង​ករណី​ពិសេស និង​អាច​មានការ​ប្រជុំ​ពិភាក្សា​រវាង​ក្រសួង និង​រវាង​រាជរដ្ឋាភិបាល​ផង​ដែរ​។

លោក​ថា ប្រាក់​រង្វាន់​ដែល​លោក​ធ្លាប់​ដឹង ហើយ​មាន​ចែង​ក្នុង​អនុក្រឹត្យ គឺ​មាន​ពីរ​ប្រភេទ​គឺ​ប្រភេទ​មេដាយ​ដែល​បាន​ពី​ការ​ប្រកួត​ហ្គេ​ម និង​មេដាយ​ដែល​បាន​ពី​ការ​ប្រកួត​ជើងឯក ។ លោក​ថា​មេដាយមាស​របស់​កីឡាករ សំបូរ សុ​ភ័​ណ្ឌ គឺជា​មុខ​មាត់ធំ​របស់​កម្ពុជា ប៉ុន្តែ​មេដាយ​ដែល​បាន​ប្រកួត​ឈ្នះ​នោះ មិនមែន​ជា​ប្រភេទ​ហ្គេ​ម​ដែល​បាន​ចែង​ក្នុង​ច្បាប់​ទេ តែ​គឺជា​ការ​ប្រកួត​ជើងឯក ឬ​Championship ទើប​មាន​បញ្ហា​ជុំវិញ​រឿងរ៉ាវ​ប្រាក់​រង្វាន់ ។ លោក​ថា មេដាយ​ហ្គេ​ម គឺ​សំដៅ​ទៅ​លើ​េ​មេដាយដែល​ប្រកួត​បាន​ពី​ព្រឹត្តិការណ៍​ហ្គេ​ម​ធំ​ៗ​ដែលបាន​ចែង​រួច​ជា​ស្រេច​ដូច​ជា កីឡា​អូ​ឡាំ​ពិ​ក​ហ្គេ​ម កីឡា​សុ​ី​ហ្គេ​ម កីឡា​អាស៊ាន​ហ្គេ​ម និង​ហ្គេ​ម​ធំ​ៗផ្សេង​ទៀត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ទៀងទាត់ហើយ​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​តំណាង​ប្រទេស​ដោយ​គណៈកម្មការ​អូ​ឡាំ​ពិ​ក ។ ប៉ុន្តែ​ករណី​ការ​ប្រកួត​ជើងឯក​ដែល​ខាង​បរទេស​គេ​បើក​ការ​ប្រកួត​ហើយ​អញ្ជើញ​កម្ពុជា​ចូល​ប្រកួត គឺ​ច្បាប់​ស្ដី​ពី​ប្រាក់​រង្វាន់​នោះ​មិន​ទាន់​ច្បាស់​ថា​មាន​ចែង​នឹង​ផ្ដល់​ជូន​១២០​លាន​រៀល​ដូច​គ្នា​នឹង​មេដាយ​ដែល​កីឡាករ​ផ្សេង​ទៀត​បាន​ពី​ការ​ប្រកួត​ហ្គេ​ម​នៅឡើយ​ទេ​។

ជាមួយនឹង​រឿងរ៉ាវ​ចម្រូងចម្រាស​ជុំវិញ​ប្រាក់​រង្វាន់​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នឹង​មាន​ដំណោះស្រាយ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​មន្ត្រី​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​កីឡាករ ប្រកាស​ជំហរ​ថា បើ​មិន​បាន​១២០​លាន​រៀល​ជូន​ដល់​សំបូរ សុ​ភ័​ណ្ឌ នោះ​នឹង​ប្រកាស​ផ្អាក​សកម្មភាព​បញ្ជូន​តំណាង​ប្រទេស​ឱ្យ​ចេញ​ប្រកួត ឯ​មន្ត្រី​ក្រសួង​អប់រំ​ដែល​ជា​អ្នក​ទទួល​បន្ទុក បាន​អះអាង​ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​លោក វ៉ា​ត់ ចំរើន ថា ករណី​មេដាយ​ដែល​សំបូរ សុ​ភ័​ណ្ឌទទួល​បាន គឺ​តាម​ច្បាប់​ទទួល​បាន​ត្រឹមតែ​ប្រាក់​រង្វាន់​២០​លាន​រៀល​ដែល​បាន​ប្រគល់​ជូន​រួច​ហើយ មិន​ចូល​ករណី​ត្រូវ​បាន​១២០​លាន​រៀល​នោះ​ទេ ។ មន្ត្រី​ពាក់ព័ន្ធ​លើក​ឡើង​បន្ថែម​ថា បើ​ការ​ប្រកួត​ឈ្នះ​ពី​ការ​ប្រកួត​ជើងឯក​អន្តរជាតិ​មិនមែន​ហ្គេ​ម ក៏​ទទួល​បាន​ដូច​គ្នា​នឹង​មេដាយ​ហ្គេ​ម នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​នឹង​ប្រឈម​កង្វះ​ទឹកប្រាក់​រង្វាន់​ប្រគល់​ឱ្យ​បែប​នេះ​ជាក់​ជា​មិន​ខាន ដោយសារ​តែ​ការ​ប្រកួត​ជើងឯក​គឺ​កើត​មាន​ញឹកញាប់​លើ​ឆាក​អន្តរជាតិ ហើយ​កីឡាករ​ក៏​ងាយស្រួល​មិន​ដូច​ការ​ប្រកួត​ហ្គេ​ម​ធំ​ៗ​។ មន្ត្រី​មួយ​រូប​បង្ហើប​ថា ការ​ប្រកួត​ជើងឯក​ឱ្យ​តែ​សហព័ន្ធ​មាន​លទ្ធភាព​បញ្ជូន​កីឡាករ​ចេញ​ប្រកួត ឬ​មានការ​ប្រកួត​ជា​ប្រចាំ គឺ​គ្រប់​ប្រភេទ​កីឡា ហើយ​ការ​ប្រកួត​កម្រិត​ជើងឯក ឬ Championship កម្រិត​នៃ​ការ​ចូលរួម​មិន​ទូលំទូលាយ​ដូច​គ្នា​នឹង​ការ​ប្រកួត​ហ្គេ​ម​ឡើយ ទើប​អ្នក​ឈ្នះ​មេដាយ​រដ្ឋាភិបាល​ចែង​ឱ្យ​ត្រឹមតែ​ប្រាក់​លើកទឹកចិត្ត​២០​លាន​រៀល មិន​អាច​ផ្ដល់​ឱ្យ​ដល់​១២០​លាន​រៀល ដូច​គ្នា​នឹង​មេដាយ​ដែល​ឈ្នះ​ពី​កីឡាហ្គេ​ម ដែល​ចែង​ក្នុង​ច្បាប់​ទេ ។

យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា ក្រោយ​ការ​បកស្រាយ​ពី​មន្ត្រីពាក់ព័ន្ធ​ខាងលើ តើ​ស្ថានភាព​ចម្រូងចម្រាស​នេះនឹង​ឈាន​ដល់​ចំណុច​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កាយ​វប្បកម្ម និង​សហព័ន្ធ​សុទ្ធតែ​ប្រកាស​ថា លុះត្រាតែ​ដោះស្រាយ​ប្រាក់​រង្វាន់​ឱ្យ​សំបូរ សុ​ភ័​ណ្ឌ ១២០​លាន​រៀល​ទើប​បន្តសកម្មភាព​របស់​ខ្លួន​ក្នុង​វិស័យ​មួយ​នេះ​ទៀត​បែប​នេះ ។ មហាជន​ភាគច្រើន​លើក​ឡើង​ថា ក្រសួង​គួរ​ផ្ដល់​ករណី​ពិសេស​មួយ​នេះ លើកទឹកចិត្ត​ដល់​កីឡាករ​ផ្នែក​កាយ​វប្បកម្ម ប៉ុន្តែ​តំណាង​ក្រសួង​មួយ​រូប​បង្ហើប​ថា បើ​ករណី​មេដាយ​របស់​សំបូរ សុ​ភ័​ណ្ឌ អាច​ទទួល​បាន​១២០​លាន​រៀល​ដូច​ហ្គេ​ម នោះ​ការ​ប្រកួត​ប្រភេទ​នេះ​របស់​កីឡាករ​ក្រោយ​ៗ ក៏​មិន​អាច​បំបិទប្រាក់​រង្វាន់​ដូច​គ្នា​នេះ​បាន​ដែរ ទើប​ជា​បញ្ហា​ចោទ ដែល​ក្រសួង​ពិបាក​រក​ដំណោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ