ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្ថិត​នៅ​ដំណាក់កាល​ចាប់ផ្តើម​លូតលាស់​នៃ​សេដ្ឋកិច្ច ឌី​ជី​ថ​ល តែ​គ្មាន​គោលដៅ​វិវត្តន៍​ទៅ​ជា​ក្រុមហ៊ុន Unicorn​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ឲ្យ​ដឹង​ថា ប​ចេ្ច​ក​វិទ្យា​ឌី​ជី​ថ​ល ដើរតួ​នាទី​សំខាន់​ក្នុង​រួមចំណែក​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ ព្រោះ​បច្ចេកវិទ្យា​ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​កំពុង​ក្លាយជា​កាតាលីករ​ថ្មី​សម្រាប់​ជម្រុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​ការ​ចូលរួម​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ព្រមទាំង​ផ្តល់​លទ្ធភាព​ឲ្យ​សហគ្រាស​ធុន​តូច…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ឲ្យ​ដឹង​ថា ប​ចេ្ច​ក​វិទ្យា​ឌី​ជី​ថ​ល ដើរតួ​នាទី​សំខាន់​ក្នុង​រួមចំណែក​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ ព្រោះ​បច្ចេកវិទ្យា​ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​កំពុង​ក្លាយជា​កាតាលីករ​ថ្មី​សម្រាប់​ជម្រុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​ការ​ចូលរួម​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ព្រមទាំង​ផ្តល់​លទ្ធភាព​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​និង​សកល ក៏​ដូច​ជា​ស្វែងរក​ភាព​ច្នៃប្រឌិត​ក្នុង​ផលិតកម្ម​ទំនិញ និង​សេវាកម្ម ។ សំខាន់​ជាង​នេះ​ទៅ​ទៀត បច្ចេកវិទ្យា​ឌី​ជី​ថ​ល ផ្តល់​លទ្ធភាព​ឲ្យ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង រីក​លូតលាស់​អាច​ចាប់​យក​ប​ចេ្ច​ក​វិទ្យា​ថ្មី និង​លោត​ផ្លោះ​ពី​ឧស្សាហកម្ម​ប្រពៃណី​ទៅ​ជា​ឧស្សាហកម្ម​ទំនើប ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី «​គោលនយោបាយ និង​ទិស​ដៅ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កម្ពុជា​» កាលពី​ថ្ងៃ​ទី ១២ ខែមីនា ថា​កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដែល​ជា​មធ្យម​គឺ​ក្នុង​រង្វង់ ៧,៧% ក្នុង​មួយ​ឆ្នាំ ហើយ​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ​២០១៥ ។ លោក​បន្ត​ថា​កម្ពុជា​មិន​ត្រឹមតែ​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​សម្រេច​ផង​ដែរ​នូវ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម ។

លោក​បាន​បន្ត​ថា « ជា​ទិស​ដៅ​ទៅ​មុខ ដើម្បី​ធានា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​បរិ​យា​ប័ន្ន ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​មាន​ចំណូល​ធ​ម្យ​ម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ២០៥០ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ​ធ្វើ​ពិពិធ​កម្ម លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចជាតិ ក្នុង​នោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល គឺជា​មុខសញ្ញា​ដ៏​សំខាន់ » ។ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​បន្ថែម​ថា ទោះបីជា​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍ​ក៏​ដោយ តែ​កម្ពុជា​ជា​ប្រ​ទស​មួយ​ដែល​មាន​សក្តានុពល​ខ្ពស់ ក្នុង​ការ​ក្តាប់​យក​នូវ​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧ​ស្សហកម្ម​ទី ៤ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដោយ​ឈរ​លើ​កត្តា ៤ គឺ​៖ ទី​១ – ភាព​អំណោយផល​ប្រជាសាស្ត្រ ដោយសារ​តែ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​ដែល​មានការ​អប់រំ​ខ្ពស់ និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​យ៉ាង​ឆាប់រហ័ស​, ទី ២- ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​និង​ឧបករណ៍​ឆ្លាត (smart devices), ទី​៣- ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ផ្នែក​បច្ចេកវិទ្យា តាម​រយៈ​លំហូរ​នៃ​កា​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ទី ៤- ឥទ្ធិពល​ដ៏​លឿន​នៃ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ដែល​កំពុង​លេច​រូបរាង​ជា​បណ្តើរ​ៗ ស្រប​ពេល​ដែល​មានការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មី​ៗ ដូច​ជា ការ​ប្រើប្រាស់​ការ​ទូទាត់​ឌី​ជី​ថ​ល ការ​កើនឡើង​នូវ​សកម្មភាព​កំសាន្ត​អន​ឡាញ សកម្មភាព​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ជាដើម​។

ដោយសារ​តែ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ផ្សារ​ភ្ជាប់​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា សម្រាប់​ការ​ចូលរួម​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ក៏​ដូច​ជា​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​និង​សកល កម្ពុជា​បាន​ត្រៀម​ខ្លូ​ន​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​នឹង​កា​រវិ​វត្ត​ផ្នែកបច្ចេកវិទ្យា ដោយ​បង្កើត​បរិយាកាស​គាំទ្រ និង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​បន្ត​ទ្រទ្រង់​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋ​កិ​ច​ជាតិ ។ ថ្លែង​ចំពោះ​មុខ​ភ្ញៀវ​ជាតិ អន្តរជាតិ​ដែល​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី «​គោលនយោបាយ និង​ទិស​ដៅ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កម្ពុជា​» នោះ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​បញ្ជាក់​ថា​កិច្ច​ពិ​ភា​គ្សា​នោះ​នឹង​អាច​ជួយ​ផ្តល់​ចម្លើយ​ទៅ​នឹង​សំណួរ​គោលដៅ​មួយ​ចំនួន​ដូច​ជា តើ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​តួនាទី​ដូច​ម្តេច​ក្នុង​ការ​ជ្រោមជ្រែង និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កម្ពុជា​ក្នុង​រយៈពេល​វែង ? តើ​វិសាលភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​ឌី​ជី​ថ​ល ត្រូវ​កំណត់​ត្រឹម​កម្រិត​ណា និង​ត្រូវ​ចាប់ផ្តើម​ពី​កិច្ចការ​ណា​មុនគេ ?

យ៉ាងណាមិញ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​គួ​សបញ្ជាក់​យ៉ាង​ច្បាស់​ថា «​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កម្ពុជា​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ចាប់ផ្តើម​លូតលាស់​។ កម្ពុជា​អាច​នឹង​ត្រូវការ​រយៈពេល ៥ ឆ្នាំ​ទៀត ដើម្បី​បង្កើត​នូវ​មូលដ្ឋាន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​មួយ ឬ​ដើម្បី​ត្រៀមខ្លួន​រួចរាល់​នូវ​ផ្នែក​ឌី​ជី​ថ​ល ហើយ​ត្រូវការ​រយៈពេល ៥ ទៅ ១០ ឆ្នាំ​បន្ទាប់ ឬ​ច្រើន​ជាង​នេះ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ពេល​លេញ​មួយ និង​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ដឹកមុខ​ដោយ​ប​ចេ្ច​ក​វិទ្យា​ព័ត៌មាន​» ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន មាន​ប្រសាសន៍​បន្ថែម​ថា «​ក្នុង​ន័យ​នេះ ខ្ញុំ​ចង់​គូសបញ្ជាក់​ថា កម្ពុជា មិន​មាន​គោលដៅ​ប្រែក្លាយ​ខ្លួន​ទៅ​ជា ស៊ី​លី​ខន​-​វែ​លី (Silicon Valley) ឬ បង្កើត​ក្រុមហ៊ុន យូ​នី​ខន (Unicorn) សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​កម្ពុជា គឺ​បង្កើត​នូវ​បរិយាកាស​ឌី​ជី​ថ​ល​មួយ​ប្រកបដោយ​ជវភាព និង​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន ទាំង​តូច ទាំង​ធំ នៅ​ក្នុងស្រុក អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ច្រវាក់​តម្លៃ​សាកល​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល នៅ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក និង​អាច​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ហានិភ័យ​ផ្សេង​ៗ» ។
ក្នុង​ន័យ​នេះ​សេដ្ឋកិច្ច ក្រុមហ៊ុន យូ​នី​ខន (Unicorn) គឺ​សំដៅ​ដល់​ក្រុមហ៊ុន​ចាប់ផ្តើម ដំបូង​ដែល​មាន​តម្លៃ​ជាង 1 ពាន់​លាន​ដុល្លារ​។ ភាគច្រើន​នៃ​ផលិតផល​ដែល unicorns ធ្វើ​គឺជា​កម្មវិធី​កុំព្យូទ័រ (software) ខណៈ​ដែល​ជនជាតិភាគតិច​គួរតែ​ធ្វើ​ឱ្យ​ផ្នែក​រឹង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ មីនា នេះ​បាន​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល សម្រាប់​រៀបចំ​ឯកសារ​ទស្សនទាន និង​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។ សិក្ខាសាលា​នេះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​និង​ចែករំលែក​ទស្សន​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ ដូច​ជា Microsoft, Alibaba, Ali Pay, ក្រុមហ៊ុន Facebook ជាដើម​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ