ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជ្រូក​រស់​កម្ពុជា​នៅ​ខ្ពស់ តែ​ហាក់​ប្រឈម​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​កំពុង​រាលដាល​នៅ​ប៉ែក​ខាងជើង​នឹង​ត្រូវ​បាន​ហាមឃាត់​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នោះ ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដដែល ដោយ​ក្នុង​មួយ​គីឡូក្រាម​នៃ​ជ្រូក​រស់ អាច​លក់​បាន ក្នុង​តម្លៃ​រហូត​ដល់​ជាង​១​ម៉ឺន​រៀល ខណៈ​តម្លៃ​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៨…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​កំពុង​រាលដាល​នៅ​ប៉ែក​ខាងជើង​នឹង​ត្រូវ​បាន​ហាមឃាត់​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នោះ ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដដែល ដោយ​ក្នុង​មួយ​គីឡូក្រាម​នៃ​ជ្រូក​រស់ អាច​លក់​បាន ក្នុង​តម្លៃ​រហូត​ដល់​ជាង​១​ម៉ឺន​រៀល ខណៈ​តម្លៃ​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៨ មាន​ចន្លោះ​ពី ៦ ០០០ ទៅ ៧០០០ រៀល​តែ​ប៉ុណ្ណោះ​។ តែ​យ៉ាងណា​ក៏​ដោយ ទីផ្សារ​ជ្រូក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ពេល​នេះ​ហាក់​កំពុង​មាន​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​វៀតណាម ។

លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែល​ជា​គេ​ដឹង​ថា​ជា​ស្ដេច​កសិកម្ម​មួយ​រូប​នៅ​កម្ពុជា បានអោយ​ដឹង​ថា តម្លៃ​សាច់​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អាស្រ័យ​លើ​ការ​ទប់​បាន ឬ​មិន​បាន​ពី​ការ​ឆ្លង​ជំងឺ​ពី​វៀតណាម ។ បើសិនជា​ទប់​បាន តម្លៃ​ជ្រូក​រស់ ក្នុងស្រុក​នឹង​នៅ​តែ​ល្អ​ប្រសើរ តែ​បើសិនជា​ទប់​មិន​បាន​ទេ​នោះ ហើយ​បណ្ដោយ​អោយ​ជ្រូក​វៀតណាម​ចូល​មក​ចរាចរណ៍​លើ​ទីផ្សារ វា​នឹង​ឆ្លង​មក​កាន់​ជ្រូក​ខ្មែរ ហើយ​តម្លៃនឹង​ធ្លាក់​ចុះ​មិន​ខាន​ទេ ។ លោក​ឧកញ៉ា​បន្ត​ថា កសិករ និង​ម្ចាស់​កសិដ្ឋាន ដែល​កំពុង​ទទួលផល​ពី​ការ​ឡើងថ្លៃ នៃ​តម្លៃ​ជ្រូក គួរតែ​ហ៊ាន​ចំណាយ​លើ​ការ​ទិញ​ឧបករណ៍​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ជុំវិញ​ទ្រុង រឺ​កសិដ្ឋាន ថែទាំ​អោយ​មែន ។ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កុំ​ស្ដាយ​លុយ​ទិញ ឧបករណ៍ ហើយ​ទុក​ជ្រូក​ឆ្លង​ជំងឺ​ងាប់​ចោល​អត់​ប្រយោជន៍ ចឹ​ង​ហើយ​ចំណាយ​លុយ​ខ្លះ​ទិញ​ឧបករណ៍ បាញ់ថ្នាំ​វា​ប្រសើរ​ជាង​ទុក​អោយ​ជ្រូក​ឆ្លង​ជំងឺ​ងាប់​ចោល​នោះ »​។ លោក​បន្ថែម​ថា ជ្រូក​ក្នុងស្រុក​ឡើងថ្លៃ​នៅ​ពេល​នេះ ក៏​ដោយសារ​តែ​កត្តា​មួយទៀត​ផង​ដែរ គឺ​ត្រី​ក្នុងឆ្នាំនេះ​អត់​ត្រូវ អ​ញ្ចឹ​ង​ហើយ​ពលរដ្ឋ​អត់​មាន​ជម្រើស​អ្វី​សម្រាប់​ធ្វើ​ម្ហូប​មាន​តែ​ទិញ​សាច់​ជ្រូក​មក​ធ្វើ​ម្ហូប បើ​ឆ្នាំ​មុន​ៗ ត្រី​ត្រូវ​ច្រើន ពលរដ្ឋ​នាំ​គ្នា​យក​លុយ​ទៅ​ទិញ​ត្រី​មក​ធ្វើ​ប្រហុក​និង​ទិញ​ត្រូវ​ធំ​ៗ​មក​ធ្វើ​ម្ហូប ទើប​ធ្វើ​អោយ​សាច់​ជ្រូក​ឆ្នាំ​មុន​ៗ ទាប​ជាង​ឆ្នាំ​នេះ ។

បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានអោយ​ដឹង​ថា យើង​បាន​សុំ​អោយ​ឈ្មួញ​បញ្ឈប់​នាំ​ចូល​ជ្រូក​ពី​វៀតណាម ហើយ​ងាក​ទៅ​នាំ​ចូល​ជ្រូក​ពី​ថៃ​មក​ផ្គត់ផ្គង់​វិញ ពីព្រោះ​នៅ​ប្រទេស​ថៃ មិន​ទាន់​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅឡើយ​ទេ ដូច្នេះ​ឈ្មួញ​អាច​នាំ​ចូល​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន បើ​ទោះបីជា​ជ្រូក​មក​ពី​ប្រទេស​ថៃ​រាង​ថ្លៃ​ជាង​មក​ពី​វៀតណាម​ក៏​ដោយ ។ លោក​បន្ត​ថា ពេល​នេះ អ្នក​ចិញ្ចឹម​ជ្រូក​គាត់​ពេញចិត្ត​នឹង​តម្លៃ​ជ្រូក​ខ្លាំង​ណាស់ ព្រោះ​វា​ឡើងថ្លៃ​ខ្ពស់​ហើយ តែ​ត្រូវ​រក្សា​តម្លៃ​នេះ​អោយ​បាន​យូរ​បន្ថែម​ទៀត ដោយ​ត្រូវ​ការពារ​មិន​អោយ​ជំងឺ​នេះ​ឆ្លង​រាលដាល​មក​ដល់​កម្ពុជា ។ លោក បន្ត​ថា « ជំងឺ​នេះ​បើសិនជា​វា​ឆ្លង​ទៅ​កាន់​កសិដ្ឋាន​ណាមួយ​ហើយ វា​នឹង​សម្លាប់​ជ្រូក​ក្នុង​កសិដ្ឋាន​នោះ ទាំងអស់ ហើយ​ជ្រូក​ដែល​ងាប់​នោះ ក៏​មិន​ត្រូវ​យកសា​ច់ម​កល​ក់លើ​ទីផ្សារ​ដែរ យក​ល្អ​ត្រូវ​តែ​ដុត​កម្ទេច​ចោល​នៅ​ក្នុង​កសិដ្ឋាន​ទាំងនោះ​តែ​ម្ដង ដើម្បី​កុំអោយ​ឆ្លង​រាលដាល​ដល់​ជ្រូក​ដទៃ​ទៀត » ។

លោក តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ចាប់តាំងពី​ប្រទេស​វៀតណាម ផ្ទុះ​ជំងឺប៉េស្ត​អាហ្វ្រិក​លើ​សត្វ​ជ្រូក ពី​ប៉ុន្មាន​ខែ​មុន ក្រសួង​ពាក់ព័ន្ធ​នានា បាន​ចេញ​សេចក្តី​ប្រកាស​អោយ​ទប់ស្កាត់​ពី​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អោយ​ឈ្មួញ​បង្វែ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​ផ្គត់ផ្គង់​វិញ ។ លោក​បន្ត​ថា ក្រសួង​បាន​បញ្ជូន​មន្ត្រី នៅ​នាយកដ្ឋាន​ទាំង​ពីរ គឺ​នាយកដ្ឋាន សុខភាព​សត្វ និង ផលិតកម្ម​សត្វ ទៅ​កាន់​ព្រំដែន ដើម្បី​ត្រួតពិនិត្យ​មើល​ពី​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ត្រូវ​ធានា​ថា ជ្រូក​ដែល​នាំ​ចូល​ពី​វៀតណាម​ជា​ជ្រូក​ដែល​ល្អ មិន​មាន​ផ្ទុក​ជំងឺ តែ​យ៉ាងណា​នាយកដ្ឋាន​នឹង​ជំរុញ​អោយ​ឈ្មួញ ងាក​ទៅ​នាំ​ចូល​ពី​ប្រទេស​ថៃ​វិញ ដើម្បី​ធានា​បាន​ថា​ជ្រូក​ខ្មែរ នឹង​មិន​ឆ្លង​ជំងឺ​នេះ​។កន្លង​មក​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​កំណត់​ជាក់លាក់​នូវ​ការ​នាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស​មក​កាន់​ទីផ្សារ​កម្ពុជា​ប្រមាណ​តែ ១ ២៥០ ក្បាល​ក្នុង​មួយ​ថ្ងៃ​មក​កាន់​ទីផ្សារ​កម្ពុជា​។

គួរ​បញ្ជាក់​ថា ទីផ្សារ​ជ្រូក​រស់​កម្ពុជា ទើបតែ​មាន​ហាងឆេង ក្នុង​រយៈពេល​ប្រមាណ​កន្លះ​ឆ្នាំ​មកនេះ​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នោះ ។ ក្នុង​ពេល​តម្លៃ​ជ្រូក​ធ្លាក់​ចុះ កសិករ និង​ម្ចាស់​កសិដ្ឋាន បាន​បិទ​កសិដ្ឋាន​ចោល​បោះបង់​ការ​ចិញ្ចឹម​ជ្រូក ដោយសារ​តែ​មិន​អាច​ទប់ទល់​នឹង​ការ​ខាតបង់ តែ​ក្រោយមក​វា​ក៏​បាន​ងើបឡើង​វិញ តែ​កសិករ​និង​ម្ចាស់​កសិដ្ឋាន​មួយ​ចំនួន នៅ​មិន​ទាន់​ហ៊ាន​សម្រេចចិត្ត​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ដោយ​ខ្លាច​មាន​បញ្ហា​ទីផ្សារ​ដូច​កាល​មុន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ