ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់ព័ន្ធ​បញ្ហា EBA កម្ពុជា​មិន​យក​ប្រទេស​សមាជិក​អ៊ឺ​រ៉ុ​ប​ណាមួយ ជាស​ត្រូវ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះ អាង​ប្រាប់​អនុប្រធាន​ក្រុមប្រឹក្សា​ផ្លាស់​ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​សហភាព​អឺរ៉ុប ចាប់ផ្ដើម​នីតិវិធី​ដែល​ឈាន​ទៅ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​»…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះ អាង​ប្រាប់​អនុប្រធាន​ក្រុមប្រឹក្សា​ផ្លាស់​ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​សហភាព​អឺរ៉ុប ចាប់ផ្ដើម​នីតិវិធី​ដែល​ឈាន​ទៅ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ឬ​ហៅ​ថា (EBA) ពី​កម្ពុជា​នោះ កម្ពុជា​នឹង​មិន​យក​ប្រទេស​សមាជិក​អ៊ឺ​រ៉ុ​ប​ណាមួយ​ជាស​ត្រូវ​ទេ តែ​កម្ពុជា​ត្រូវ​តែ​ខិតខំ​ពង្រឹង​សេដ្ឋកិច្ច តាម​រយៈ​បន្ត​បើក​ទីផ្សារ​នៅ​ក្រៅប្រទេស​អោយ​កាន់តែ​ច្រើន​។

សម្តេច​តេ​ជោ ហ៊ុន សែន នា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Norio Yamaguchi អនុប្រធាន​ក្រុមប្រឹក្សា​ផ្លាស់​ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន នៅ​ថ្ងៃ​ទី ១២ ខែមីនា ឆ្នាំ ២០១៩ នេះ បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់​អ​ទិ​ភាព​របស់​កម្ពុជា​គឺ​នៅ​ដដែល​ទេ ប៉ុន្តែ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​គឺជា​អាទិភាព​ចម្បង អ្វី​ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ​គឺ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា ធ្វើ​យ៉ាងណា​ឲ្យ​កំណើន​បន្ត​កើនឡើង​ជាង ៧% ។ ទន្ទឹម​នឹង​នេះ តាម​រយៈ​ការ​ខិតខំ​ប្រឹ​ប្រែង​របស់​រាជរដ្ឋាភិបាល គឺ​បាន​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កម្មករ ជាមួយ​គ្នា​នេះ​ទៀត រាជរដ្ឋាភិបាល កំពុង​តែ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មានការ​ប្រកួតប្រជែង ពិសេស​តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​និង​គោរព​តាម​បាវចនា​របស់​រាជរដ្ឋាភិបាល​គឺ កែទម្រង់​ផ្ទៃក្នុង និង​ពង្រឹង​ទំនាក់ទំនង​ខាងក្រៅ ជាមួយ​អភិក្រម​ទាំង​៥ ជាមួយនឹង​កំណែទម្រង់សេដ្ឋកិច្ច សម្អាត​បញ្ហា​ទាំងឡាយ​ដើម្បី ដែល​ផ្តល់​ភាព​អនុគ្រោះ​ច្រើន ដែល​ជា​ប្រយោជន៍​ម្រា​ប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​។

ចំពោះ​ស្ថានភាព EBA គឺ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ភាគី​ជប៉ុន​ថា «​ទោះបី​កម្ពុជា​មាន ឬ​គ្មាន EBA គឺ​កម្ពុជា​ត្រូវ​តែ​ខិតខំ​ពង្រឹង​សេដ្ឋកិច្ច តាម​រយៈ​បន្ត​បើក​ទីផ្សារ​នៅ​ក្រៅប្រទេស​អោយ​កាន់តែ​ច្រើន​។ ទោះបី​យើង​នៅ​មាន EBA ពេល​នេះ តែ​ពេល​ក្រោយ​ក៏​គង់តែ​នឹង​បាត់​ទៅ​វិញ​ដែរ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ចេះ​រស់​ដោយ​ដង្ហើម​ខ្លួនឯង​អោយ​ខាន​តែ​បាន​។ កម្ពុជា​មិន​យក​ប្រទេស​សមាជិក​អ៊ឺ​រ៉ុ​ប​ណាមួយ​ជាស​ត្រូវ​ទេ ប៉ុន្តែ​នៅ​តែ​ជា​មិត្ត​ល្អ មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ និង​ចាត់ទុកជា​ដៃគូ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ល្អជា​មួយ​គ្នា​» ។ សម្តេច​បន្ត​ថា នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ កម្ពុជា​មាន​មោទនៈភាព ក្នុង​រៀបចំ​វេទិកា​ប្រជុំ​កំពូល​ដ៏​ធំ​មួយ​អាស៊ី​អ៊ឺ​រ៉ុ​ប -The Asia-Europe Meeting (ASEM) ដែល​ប្រទេស​ជា​សមាជិក​អ៊ឺ​រ៉ុ​ប​ទាំងអស់​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ទៀតផង​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១១ កុម្ភៈ កន្លង​មក សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ខ្លួន​បាន​និង​កំពុង​ដំណើរការ​នីតិវិធី​ក្នុង​ការ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​លើកលែង​អាវុធ​(EBA)​ពី​កម្ពុជា ដែល​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​និង​សោកស្ដាយ​មជ្ឈដ្ឋាន​មួយ​ចំនួន បើ​ទោះបីជា​ការ​ដកហូត​នេះ មិន​ទាន់​ចាប់ផ្ដើម​ជា​ផ្លូវការ​ក៏​ដោយ ។ បើសិន​កម្ពុជា​ពិតជា​ត្រូវ​បាត់បង់ EBA នោះ​កម្ពុជា​ត្រូវ​បង់ពន្ធ​ជាង​៥០០​លាន​ដុល្លារ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ។ ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ចំនួន​ប្រហែល ៤០ ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​។ ជាក់ស្តែង​រវាង​ឆ្នាំ ២០១៤ និង ២០១៦ ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​កើនឡើង ២២៧​ភាគរយ​, ឈាន​ដល់ $ 5,77 ពាន់​លាន​នៅ​ក្នុង​ឆ្នាំ 2017 ។

សេដ្ឋវិទូ​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ធ្លាប់​ថ្លែងប្រាប់​កោះសន្តិភាព​ថា ប្រសិនជា​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា មែន​នោះ កម្ពុជា​អាច​រង​ផល​ប៉ះពាល់ ប៉ុន្តែ​វា​ក៏​ជា​ពេល​ដែល​កម្ពុជា​ត្រូវ​ផ្លាស់​ប្តូរ​ផ្នត់គំនិត ពី​ការ​ពឹងផ្អែក​លើ​គេ​ខ្លាំង​ពេក និង​ត្រូវ​ខិតខំ​ប្រឹង​ខ្លួនឯង ។ លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ថា ៖« រឿង​EBA មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​បញ្ហា​សេដ្ឋកិច្ច​វា​ពាក់ព័ន្ធ​នយោបាយ​កា​ទូត ហេតុនេះ​ការ​ដែល​គេ​ដក​EBA​យើង មក​ពី​យើង​មាន​បញ្ហា ហើយ​តែ​ការ​ដក​EBA​ពិតជា​កើត​មាន គ្រាន់តែ​មុន​និង​ក្រោយ ដូច្នេះ​យើង​ត្រូវ​តែ​ពឹងផ្អែក​ខ្លួនឯង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​យើង »​។

ប្រភព​ព័ត៌មាន​ពី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​មន្ដ្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ការងារ​ការទូត និង​នយោបាយ​ការ​បរទេស និង​មន្ដ្រីជាន់ខ្ពស់​ទទួល​បន្ទុក​ការងារ​ពាណិជ្ជកម្ម គ្រោង​នឹង​មក​ដល់​កម្ពុជា​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ដើម្បី​ពិនិត្យ​តាមដាន​រឿង EBA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ