ទីក្រុងឡុងដ៍៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ កន្លងមកនេះបានឲ្យដឹងថា ភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយមកថា សហរដ្ឋអាមេរិកនឹងជំរុញដល់កំណើនការផ្គត់ផ្គង់ប្រេងពិភពលោកក្នុងរយៈពេល៥ឆ្នាំមុខនេះ ដោយបន្ថែមប្រេង៤លានធុងក្នុងមួយថ្ងៃ ។
ទិន្នផលក្នុងសហរដ្ឋអាមេរិកនឹងកើនឡើងមកស្មើ ១៩.៦លានធុងក្នុងមួយថ្ងៃនៅឆ្នាំ ២០២៤ ដែលខ្ពស់ជាងឆ្នាំមុនយ៉ាងខ្លាំងដែលស្មើតែ ១៥.៥លានធុងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ការនាំចេញប្រេងឆៅក៏នឹងកើនឡើងទ្វេដងដែរ ដែលនឹងបង្កឲ្យមានភាពប្រកួតប្រជែងកាន់តែខ្លាំង ជាពិសេសក្នុងទីផ្សារអាស៊ី។ ទិន្នផលប្រេងឆៅក្នុងសហរដ្ឋអាមេរិកនឹងកើនឡើងជិត ២.៨លានធុងក្នុងមួយថ្ងៃ។
ស្ថានការនេះបង្ហាញពីសម្ពាធលើតម្រូវការប្រេងឆៅពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ខណៈដែលសហរដ្ឋអាមេរិកនិងដៃគូប្រកួតប្រជែងដទៃបង្កើនទិន្នផល ប៉ុន្តែIEA គិតថាតម្រូវការប្រេងមិនកើនបានច្រើនទេ។
កំណើននៃការផ្គត់ផ្គង់ប្រេងពីសហរដ្ឋអាមេរិកគឺមកពីប្រេងថ្ម និងបានប្រឆាំងនឹងការខិតខំប្រឹងប្រែងរបស់ OPEC និងដៃគូដទៃដូចជារុស្ស៊ីក្នុងការកាត់បន្ថយការផ្គត់ផ្គង់។ ក្រុមនេះបានចាប់ផ្តើមការកាត់បន្ថយការផ្គត់ផ្គង់ប្រេងសាជាថ្មីម្តងទៀតនៅឆ្នាំនេះដើម្បីជួយបង្កើនតម្លៃប្រេង។
IEA បាននិយាយថា ការនាំចេញប្រេងឆៅអាមេរិកនឹងកើនហួសការនាំចេញរបស់រុស្ស៊ី និងជិតស្មើការនាំចេញរបស់អារ៉ាប៊ីសាអូឌីតផងដែរនៅឆ្នាំ ២០២៤។
យ៉ាងណាក្តី តម្រូវការប្រេងពិភពលោកនឹងមានការអន់ថយព្រោះសេដ្ឋកិច្ចប្រទេសចិនជួបនឹងការអាក់អន់ ប៉ុន្តែវានឹងបន្តកើនឡើងប្រមាណ ១.២លានធុងមួយថ្ងៃក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០២៤ដែរពេលដែលតម្រូវការសរុបស្មើ ១០៦.៤លានធុងក្នុងមួយថ្ងៃ។
លើសពីនេះទៅទៀត IEA មិនគិតថាកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនឹងប៉ះពាល់ដល់តម្រូវការប្រេងទេ។ Goldman Sachs បាននិយាយថាតម្រូវការប្រេងអាចនឹងកើនដល់កម្រិតខ្ពស់ជាងគេក្នុងឆ្នាំ ២០២៤ក្រោមលក្ខខណ្ឌមួយចំនួន។
តម្រូវការប្រេងពី OPEC នឹងកើនឡើងផងដែរប៉ុន្តែព្រោះតែកំណើននៃការផ្គត់ផ្គង់ប្រេងពីសហរដ្ឋអាមេរិក និងប្រទេសមិនមែនជាសមាជិក OPEC ដទៃ អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តប្រហែលជាត្រូវបន្តខិតខំកាត់បន្ថយទិន្នផលប្រេង។
IEA ព្យាករណ៍ថាតម្រូវការប្រេងOPEC នឹងធ្លាក់ចុះក្នុងឆ្នាំ ២០២០ ហើយនឹងកើនមកស្មើជាមធ្យម ៣១.៣ធុងក្នុងមួយថ្ងៃវិញនៅឆ្នាំ ២០២៣ ៕
ចែករំលែកព័តមាននេះ