ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បាត់ប្រាក់​រង្វាន់​១០០​លាន​រៀល​របស់​ម្ចាស់​មេដាយមាស​ពិភព​កំពុង​ក្លាយជា​អា​យ៉ៃ​ឆ្លង​ឆ្លើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​កីឡាករ សំបូរ សុ​ភ័​ណ្ឌ ដណ្ដើម​បាន​មេដាយមាស​កីឡា​កាយ​វប្បកម្ម​ពិភពលោក ហើយ​ទទួល​បាន​ប្រាក់រង្វាន់​ត្រឹមតែ​២០​លាន​រៀល​នោះ បន្ទាប់​ពី​ក្រសួងអប់រំ​ធ្វើការ​បកស្រាយ​កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ ធ្វើ​ឱ្យ​ម្ចាស់​មេដាយមាស​ពិភពលោករូប​នេះ​ក៏​ដូច​ជា​កីឡាករ​រួម​អាជីព​ជា​ច្រើន​រូបទៀត​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ហើយ​រហូត​មក​ដល់ពេល​នេះ​រឿងរ៉ាវ​មួយ​នេះ​កំពុង​ក្លាយជា​អា​យ៉ៃឆ្លង​ឆ្លើយ​មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ​នៅឡើយ ។…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​កីឡាករ សំបូរ សុ​ភ័​ណ្ឌ ដណ្ដើម​បាន​មេដាយមាស​កីឡា​កាយ​វប្បកម្ម​ពិភពលោក ហើយ​ទទួល​បាន​ប្រាក់រង្វាន់​ត្រឹមតែ​២០​លាន​រៀល​នោះ បន្ទាប់​ពី​ក្រសួងអប់រំ​ធ្វើការ​បកស្រាយ​កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ ធ្វើ​ឱ្យ​ម្ចាស់​មេដាយមាស​ពិភពលោករូប​នេះ​ក៏​ដូច​ជា​កីឡាករ​រួម​អាជីព​ជា​ច្រើន​រូបទៀត​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ហើយ​រហូត​មក​ដល់ពេល​នេះ​រឿងរ៉ាវ​មួយ​នេះ​កំពុង​ក្លាយជា​អា​យ៉ៃឆ្លង​ឆ្លើយ​មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ​នៅឡើយ ។

កីឡាករ សំបូរ សុ​ភ័​ណ្ឌ និង​បងប្រុសរបស់​លោក សំបូរ ណា​ន ក៏​បាន​ចាកចេញ​ទៅ​ស្រុក​កំណើត​វិញ ថែម​ទាំង​ប្រកាស​ថា នឹង​ឈប់​ប្រកួត​តំណាង​ឱ្យ​ជាតិ​ទៀត​ហើយព្រោះ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​មាន​ចំនួនតិចថែម​ទាំង​ក្រសួង​ថា មេដាយមាស​នេះ គឺ​មិន​ពេញ​លក្ខណៈ​ទៀត​ផង​។

ជាមួយ​គ្នា​នេះ ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​លើក​ទី​២ នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ដោយ​បាន​បង្ហាញ​ការ«​មិន​អាច​ទទួលយក​បាន​ចំពោះ​ការ​បកស្រាយ​របស់​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​»​ចំពោះ​ការ​លើក​ឡើង​ថា មេដាយមាស​ពិភពលោក​ដែល​កីឡាករ សំបូរ សុ​ភ័​ណ្ឌ ដណ្តើម​បាន​ពី​ប្រទេស​ថៃ​ជា​មេដាយ​មិន​ពេញលេញ​នោះ​។

សេចក្តី​ប្រកាស​ខាងលើ​បាន​សង្កត់ធ្ងន់​ថា​៖«​ការ​បកស្រាយ​របស់​ឯកឧត្តម ស្តាប់​មើលទៅ​ហាក់ដូចជា​ឯកឧត្តម មិន​បាន​សិក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​របៀប​នៃ​ការ​ប្រកួត​របស់​កីឡា​កាយ​វប្បកម្ម និង​ធ្វើការ​តាម​អារម្មណ៍​នឹកឃើញ​របស់​បុគ្គល​ខ្លួនឯង មិន​យល់​ពី​របៀប​ឱ្យ​ពិន្ទុ ហើយ​ហ៊ាន​វាយតម្លៃ​មេដាយមាស​ពិភពលោក ដែល​យើង​ទទួល​បាន​ថា​មិន​ពេញលេញ ចុះ​ហេតុ​អ្វី​បាន​ប្រទេស​៥០​ផ្សេង​ទៀត​គេ​ឱ្យ​តម្លៃ​បែរជា​ក្រសួង​អប់រំ​កម្ពុជា​យើង វាយតម្លៃ​ថា​មេដាយ​របស់​យើង​មាន​លក្ខណៈ​មិន​ពេញលេញ ហើយ​ទៅ​ជា​យក​កីឡា​មួយ​ទៅ​ប្រៀបធៀប​ជាមួយ​កីឡា​មួយទៀត ។ ពិត​ណាស់​កីឡា​ប្រភេទ​នីមួយ​ៗ ពួក​គាត់​មាន​ផលវិបាក​រៀង​ៗ​ខ្លួន បើ​មិន​ដូច្នោះ​ទេ គ្រប់​គ្នា​បាន​ជើងឯក​គ្រប់​គ្នា​ហើយ​»​។

បន្ថែម​ពីលើ​នេះ ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ ក៏​បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹង​ផ្អាក​រាល់​ការ​ចូលរួម​ប្រកួត​ទាំង​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍​(​មាន​ពី​៨-១០​ប្រទេស​ចូលរួម​) កម្រិត​ទ្វីបអាស៊ី​(​មាន​ពី​៣០-៣២ ប្រទេស​ចូលរួម​) និង​ពិភពលោក​(​មាន​ពី​៤៥-៥២​ប្រទេស​ចូលរួម​) មួយ​រយៈ​សិន​ដោយ​រង់ចាំ​ការ​ដោះស្រាយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជា​មុន​សិន​ចំពោះ​បញ្ហា​ប្រាក់​រង្វាន់​សម្រាប់​ជ័យ​លា​ភី​នេះ​។

លោក តឹក ប៊ុ​ន​វី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា លោក​នៅ​តែ​មិន​យល់​ថា​ហេតុ​អ្វី​បានជា​ការ​ផ្ដល់​ប្រាក់​រង្វាន់​មានការ​ខុស​គ្នា​ដាច់​ស្រឡះ​រវាង​កីឡាករ​ពីរ​នាក់​ដែល​ទទួល​បាន​មេដាយមាស​ដូច​គ្នា ។

លោក​ថា កីឡាករ​សំបូរ ណា​ន ដែល​ប្រកួត​ឈ្នះ​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ទទួល​បាន​ប្រាក់​រង្វាន់​១២០​លាន​រៀល ចំ​ណែ​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ​ឈ្នះ​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​ថៃ​ទទួល​បាន​ត្រឹមតែ​២០​លាន​រៀល​។​មូលហេតុ​ទាំង​អស់នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​បាក់ទឹកចិត្ត​សំុ​ឈប់​វិល​ទៅ​រស់នៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ ហើយ​កីឡាករ​មួយ​ចំនួន​ទៀត​ប្រកាស​ចង់​ឈប់​ជា​បណ្ដើរ​ៗ ធ្វើ​ឱ្យ​សហព័ន្ធ​ទាំងមូល​សម្រេចចិត្ត​ផ្អាក​សកម្មភាព​របស់​ខ្លួន​មួយ​រយៈ​សិន ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​ណាមួយ​ជូន​ពួក​គាត់ ។ ម្យ៉ាង​វិញទៀត​លោក​ក៏​មិន​យល់​ដដែល​នៅ​ថ្ងៃ​ដែល​ខាង​ក្រសួង​អប់រំ​ធ្វើ​សន្និសីទកាសែត​ស្ដី​ពី​ការ​ប្រកាស​ប្រាក់​រង្វាន់​របស់​អន្តរក្រសួង បើសិនជា​លោក​ដឹង​ពី​មុន​មក​ក៏​មិនជា​បញ្ហា​អ្វី​ដែរ ។

សហព័ន្ធ​មើលឃើញ​ថា ក្រសួង​មិន​ឱ្យ​តម្លៃ​ដល់​សហព័ន្ធ និង​កីឡាករ​កាយ​វប្បកម្ម​ទេ តើ​ពួក​យើង​ប្រឹងប្រែង​ដើម្បី​អ្វី​ទៀត? សមាជិក​គណៈកម្មការ​របស់​ខេមរៈ​សហព័ន្ធ​គឺ​សុទ្ធសឹងតែ​មាន​សាវតារ​ជា​កីឡាករ​សុទ្ធសាធ ដូចនេះ​រាល់​ការ​និយាយ​គឺ​ចេញពី​បេះដូង​កីឡាករ​ដូច​គ្នា កីឡាករ​ទើប​យល់​ពី​អារម្មណ៍រ​បែប​នេះ ។ សហព័ន្ធ​មានការ​អត់ធ្មត់​ជា​ខ្លាំង​ទាំង​សមាជិក និង​កីឡាករ ព្រមទាំង​អ្នកគាំទ្រ ចាប់តាំងពី​ពេល​ប្រកួត​បាន​ជ័យ​លា​ភី​ជូន​ជាតិ រហូត​ដល់​ចេញ​លិខិត​ប្រាក់​រង្វាន់ ។

រូប​លោក​ដែលជា​អគ្គលេខាធិការ​តំណាង​សហព័ន្ធ​បាន​ស្នើសុំ​ជួប​លោក​អ៊ុ​ក សុទ្ធិ​ជាតិ សុំ​ការ​បកស្រាយ និង​ពន្យល់​បន្ថែម​ពី​ប្រាក់​រង្វាន់​លើកទឹកចិត្ត តែ​លោក​មិន​ទទួល​ជួប​ក្រុម​យើង​ឡើយ ។ ក្រុម​យើង​ចង់​បញ្ចៀស​ណាស់​ចំពោះ​ព័ត៌មាន​អ​វិ​ជ្ជមាន​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រហូត​ដល់​មាន​បាតុភាព​កីឡាករ​គាត់​ចេញ​សារ​ជា​សាធារណៈ​ខ្លួន​គាត់ ទើប​ក្រសួង​កោះ​អញ្ជើញ​ក្រុមការងារ​សហព័ន្ធ​ទៅ​ជួប​បន្ទាន់​ ។

សួរ​ថា តើ​ធ្វើ​អ៊ីចឹង​ធ្វើ​អី ចង់​ល្បី​ណាស់​មែន​ទេ? ចង់​បង្ហាញ​ពី​កំសោយ​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ដល់​ពិភពលោក​មែន?

បើ​តាម​ការ​បកស្រាយ​របស់​លោក ​អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដែល​ជា​សេនាធិការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា គ្រប់យ៉ាង​គឺ​ខាង​ក្រសួង​អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់​តែ​ប៉ុណ្ណោះ រឿង​ខាង​សហព័ន្ធ​ចង់បាន​ដំណោះស្រាយ​បែប​ណា​នោះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ។

លោក​បញ្ជាក់​ថា យើង​ត្រូវ​យល់​ពី​តម្លៃ​នៃ​គោលការណ៍​ដែល​ចែង​មក​ហើយ​មិន​អាច​កែប្រែ​បាន​ឡើយ ។ ម្យ៉ាងវិញទៀត វា​ក៏​មិនមែន​ជា​ទំនិញ​ទិញ​ដូរ​ដែលចេះ​តែ​តថ្លៃ​គ្នា​បាន​ស្រេច​តែ​ចិត្ត​នោះ​ដែរ​។

លោក​បន្ត​ថា រឿង​បែប​នេះ​កើតឡើង​ជាង​១០០​ករណី​រួច​ទៅ​ហើយ មិនមែន​តែ​រឿង​មួយ​នេះ​ទេ ហើយ​គេ​ក៏​បាន​ឯកភាព​គ្នា​រួច​អស់ហើយ​ដែរ​ ។ ដូច្នេះ​សូម​ឱ្យ​យើង​ទាំងអស់​គ្នា​រក្សា​តម្លៃ​ថ្លៃថ្នូរ របស់​វិស័យ​កីឡា​យើង​ដែល​រាជរដ្ឋាភិបាល​ខិតខំ​លើកកម្ពស់​និង​អភិវឌ្ឍន៍ ជា​ពិសេស​កីឡាករ កីឡាការិនី​ឆ្នើម​ក្លាយជា​វីរបុរស វីរនារី​ឆ្ពោះទៅ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ ។

លោក អ៊ុ​ក សិទ្ធិ​ជាតិ សង្កត់ធ្ងន់​ថា រឿងប្រាក់​រង្វាន់​១២០​លាន​រៀល​គ្មាន​នៅ​ក្នុង​គោល
ការណ៍​ទេ ប៉ុន្តែ​វា​ជា​ការ​លើកទឹកចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​ឱ្យប្រាក់​រង្វាន់់​មេដាយ​ពិភពលោក​ស្មើ​ប្រាក់​រង្វាន់​មេដាយ​អូ​ឡាំ​ពិ​ក​ហ្គេ​មតែ​ប៉ុណ្ណោះ ។ ចំណែក​ប្រាក់​រង្វាន់​២០​លាន​រៀល​បាន​ចែង​នៅ​ក្នុង​ប្រកាស​អន្តរក្រសួង លេខ​៧១៦​ចំណុច​ក​១​ត្រូវ​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៥​មក​ម៉្លេះ ។

លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ប្រាក់​រង្វាន់​ទទួល​បាន​ច្រើន​ដោយសារ​តែ​កាល​ណោះ រាល់​ការ​ចេញ​ទៅ​ប្រកួត​ចំនួន​មេដាយ​ទទួល​បាន​តិច តែ​ចាប់ពី​ឆ្នាំ​២០១៧​មក​មាន​៥២​សហព័ន្ធ​កីឡា​ជាតិ ២៥​កីឡា​អូ​ឡាំ​ពិ​ក និង​២៧​កីឡា​មិន​អូ​ឡាំ​ពិ​ក ដែល​ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា​ទទួល​បាន​មេដាយ​ពី​អន្តរជាតិ កម្រិត​ពិភពលោក ក​ម្រិ​ប​ទ្វីប និង​កម្រិត​តំបន់​ពី​ចន្លោះ​១៥០​ទៅ​២០០​មេដាយ​ឯណោះ​ធ្វើ​ឱ្យ​មានការ​ចំណាយ​ច្រើន​ណាស់​។

ដោយឡែក​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Shally D Toun ដែល​រូប​លោក​គឺជា​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម​មួយ​រូប​ដែរ​បាន​បញ្ចេញយោបល់​ចំពោះ​រឿង​នេះ​ថា លោក​ក៏​ជា​គ្រូបង្វឹក និង​ជា​កីឡាករ​មួយ​រូប​ដែរ សូម​មាន​យោបល់​ខ្លះ​! មិន​ផ្តល់​ដំណោះស្រាយ​មួយ​ជូន​កីឡាករ បែរជា​ព្យាយាម​រក​ការ​បកស្រាយ​ដែល​ពុំ​មាន​ភាព​ច្បាស់លាស់ ។

ឈ្មោះ​ថា មេដាយមាស​ដូច​គ្នា តែ​វិញ្ញាសា​ខុស​គ្នា ខាង​ក្រសួង​អប់រំ យុវជន និង​កីឡា បានដឹង​ច្បាស់​ពី​ហេតុផល​នេះ​ណាស់​! សូ​ម្បី​តែ​ម៉ូតូ​សឺ​រ៉ែ​ន​១​គ្រឿង​ទៅ​ទទួល​ក៏​គ្មាន​ដែរ​។ ក្រសួង​ថា មិន​ធ្លាប់​ដឹង​ពី​សេចក្តី​ប្រកាស​អន្តរក្រសួង បើ​ចឹ​ង​តាម​អ្វី​ដែល​កីឡាករ​និយាយ​ថា​ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ គឺ​ពុំ​មាន​បញ្ហា ហើយ​ខ្លួន​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពេញលេញ​ក្រោយ​ទទួល​បាន​មេដាយមាស​របស់​ខ្លួន តើ​ហេតុ​អ្វី​ក៏​សេចក្តី​ប្រកាស ហើយ​ក្រសួង​មិនដឹង​!​?

ក្រសួង​អប់រំ​គ្រាន់តែ​និយាយ​ក៏​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ផង គ្មាន​៥១​វិញ្ញាសា​ទេ​។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ គឺ​វិញ្ញាសា​ខុស​ពី​អ្វី​ដែលក្រសួង​និយាយ ។ មួយវិញទៀត​ក្រសួង​ថា​មេដាយមាស​នោះ​មិន​ពេញលេញ ហេតុ​អ្វី​បានជា​មិន ពេញលេញ​សម្រាប់​តែ​កីឡាករ​កម្ពុជា សំបូរ សុ​ភ័​ណ្ឌ ចុះ​ប្រទេស​៥០​ទៀត​ហេតុ​អ្វី​បានជា​ពួក​គេ​ពេញលេញ?

​ទង់ជាតិ និង​ភ្លេងជាតិ​កម្ពុជា​បាន​បន្លឺ​ឡើង​ក្រោយ​ពេល​កីឡាករ​សំបូរ សុ​ភ័​ណ្ឌ ត្រូវ​បាន​ប្រកាស​ថា​ជា​ម្ចាស់​មេដាយមាស ។ តើ​សម​ទេ​ដែល​ភ្លេងជាតិ និង​ទង់ជាតិ​កម្ពុជា​យើង បន្លឺ​ឡើង និង​បក់​រវិច​លើ​ឆាក​អន្តរជាតិ ជាង​៥០​ប្រទេស​អបអរសាទរ ហើយ​បកស្រាយ​ថា ម្ចាស់​មេដាយមាស​មិន​ពេញលេញ​នោះ? តើ​ក្រសួង​អប់រំ និយាយ​បែប​នេះ​កំពុង​លើកតម្កើង​ជាតិ​សាសន៍​របស់​ខ្លួន ឬ​ក៏​កំពុង​បន្តុះបង្អាប់​ជាតិ​សាសន៍​របស់​ខ្លួនឯង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ