ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ផលិត​​ភាព​យន្តខ្មែរ…ប្រ​ជែង​ភាព​យន្ត​បរ​​ទេស​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ផលិតករ​បាន​សម្តែង​ការ​សាទរ​នៅ​ពេល​បាន​សម្រេច​បំណង ក្នុង​ការ​ទាមទារ​សុំ​ការ​លើក លែង​ពន្ធ​ពី​រាជរដ្ឋាភិបាល​លើ​ភាពយន្ត​ដែល​ផលិត​នៅ​ក្នុងស្រុក ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គ មហាសេនាបតី​តេ​ជោ​ ហ៊ុន…

រាជធានី​ភ្នំពេញ​ ៖​ ផលិតករ​បាន​សម្តែង​ការ​សាទរ​នៅ​ពេល​បាន​សម្រេច​បំណង ក្នុង​ការ​ទាមទារ​សុំ​ការ​លើក លែង​ពន្ធ​ពី​រាជរដ្ឋាភិបាល​លើ​ភាពយន្ត​ដែល​ផលិត​នៅ​ក្នុងស្រុក ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គ មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​ប្រកាស​មិន​យកពន្ធ​លើ​ភាពយន្ត​ខ្មែរ​រយៈពេល​៥​ឆ្នាំ ក្នុង​ឱកាស​ដែល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​សិល្បករ​ ក្នុង​ទិវា​វប្បធម៌​ជាតិ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

បន្ទាប់​ពី​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ​ ផលិតករ​ខ្មែរ​បាន​សម្តែង​ការ​សាទរ បន្ទាប់​ពី​ផលិតករ​បាន​ដាក់​សំណើ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​លោក​ឆាយ បូ​រ៉ា បាន​អះអាង​ថា «​យើង​ទាមទារ​លើ​រឿង​ពន្ធដារ​ចំពោះ​វិស័យ​ភាពយន្ត​នេះ​៣​ឆ្នាំ​ហើយ ។ ពេល​នេះ​ យើង​មាន​ដំណឹង​ល្អ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ទទួលយក​សំណើ​របស់​យើង​ជា​ផលិតករ​ភាពយន្ត​ដោយ​លើកលែង​ពន្ធ​រហូត​ដល់​ឆ្នាំ​២០២៣ ។

យើង​សង្ឃឹមថា ​ការ​លើកលែង​ពន្ធ​នេះ ​គឺ​មាន​ន័យ​ថា​ ការ​លើកលែង​ពន្ធ​គ្រប់​ប្រភេទ​លើ​វិស័យ​ភាពយន្ត​លើកលែងតែ​ពន្ធ​អាករ​បន្ថែម ។ វា​ជា​ការ​លើកទឹកចិត្ត​ចំពោះ​ផលិតករ​ភាពយន្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ផលិតភាព​យន្ត​ឲ្យ​មានគុណ​ភាព​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​បរទេស​ដែល​ហូរ​ចូល​យ៉ាង​គំហុក​ក្នុង​ប្រទេស​កម្ពុជា»​។

ចំណែក​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អុ​ិ​ន សុ​ភិន ថ្លែង​ថា «​ការ​ប្រកាស​លើកលែង​ពន្ធ​ពី​រដ្ឋាភិបាល​នា​ពេល​នេះ​គឺជា​អត្ថប្រយោជន៍​មួយ​យ៉ាង​ធំ​សម្រាប់​ផលិតករ​។ ករណី​នេះ​បាន​លើកទឹកចិត្ត​ដល់​ផលិតករ​ក្នុងស្រុក​កាន់តែ​មាន​ទឹកចិត្ត ដើម្បី​ផលិតភាព​ឲ្យ​បាន​កាន់តែ​ច្រើន ជាមួយនឹង​ការ​ប្រកួតប្រជែង​កាន់តែ​ធំ​ជាមួយ​ភាពយន្ត​នៅ​ក្នុង និង​ក្រៅ​ស្រុក ។ ការ​សម្រេច​របស់​រដ្ឋាភិបាល​នា​ពេល​នេះ​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ពី​ការ​គិតគូរ និង​យកចិត្ត​ទុក​លើ​វិស័យ​សិល្បៈ​ខ្មែរ ។ ការ​យកចិត្តទុកដាក់​នេះ​គឺជា​ការ​លើកទឹកចិត្ត​មួយ​យ៉ាង​ធំធេង​សម្រាប់​ផលិតករ​ខ្មែរ​កាន់តែ​មាន​ភាព​ជឿជាក់ ជាមួយនឹង​ការ​ខិតខំ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​រីក​ចម្រើន »​។

ដោយឡែក​សមាគម​ភាពយន្ត​កម្ពុជា​បាន​បង្ហោះ​សារ​ថា «​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុគ្រោះ​លើកលែង​ពន្ធដារ​ផ្នែក​ភាពយន្ត ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុង​កម្មវិធី​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ និង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​លើក​ទី​៥ ។ ក្តី​សង្ឃឹម​ភាពយន្ត​ខ្មែរ​យើង​កំពុង​ដើរទៅ​មុខ​ហើយ »​។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ប៉ុក បូ​រក្ស ធ្លាប់​បាន​អះអាង​ថា ដើម្បី​ជា​ការ​លើកទឹកចិត្ត និង ជំរុញ​ផលិតករ​ឲ្យ​ផលិត​ខ្សែភាពយន្ត​បន្ថែម​នោះ ក្រសួង​វប្បធម៌​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ផ្នែក​មួយ​នេះ ។ ក្រសួង​បាន ធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជា​ច្រើន​ដើម្បី​សម្រួល​ដល់ ផលិតករ​សម្រាប់​ផ្តល់​ជាទី​កន្លែង​ថត និង បាន​លើក​សំណើ​ទៅ​កាន់​ស្ថាប័ន​ពន្ធដារដើម្បី​សុំ​លើកលែង​ការ​យកពន្ធ​ពី​ផលិតករ​ខ្មែរ​ដែល​បញ្ហា​នេះ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ដោយឡែក​ សម្រាប់​ចំណុច​ដែល​ត្រូវធ្វើនៅឆ្នាំ​២០១៩ នេះ គឺ​នឹង​ពិនិត្យ​មើល​ការ​បែងចែក ភាគលាភ​
រវាង​ផលិតករ និង​រោង​ភាពយន្ត ជា ពិសេស​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ដែល​គិត​ថា នឹង អាច​ផ្តល់​នូវ​អត្ថ ប្រយោជន៍​បន្ថែម​ដល់ផលិតករភាពយន្ត ៕

អត្ថបទសរសេរ ដោយ