រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ដែលបានធ្វើឡើងតាំងពីថ្ងៃទី៥ មីនា មកនោះ បានបញ្ចប់ការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី៩ មីនា នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅក្នុងពិធីបិទការប្រកួត លោក ជា សែនវិសុទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានឱ្យដឹងថា សម្រាប់កីឡាករ-កីឡាការិនីដែលបានចូលរួមមានចំនួន៧
ក្រុមមកពីសមាគមកីឡាសូហ្វតេន្នីសក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាគមកីឡាសូហ្វតេន្នីសក្រសួងការពារជាតិ សមាគមកីឡាសូហ្វតេន្នីសខេត្តកំពង់ឆ្នាំង សមាគមកីឡាសូហ្វតេន្នីសខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតេន្នីសខេត្តព្រៃវែង និងក្លិបអង្គការមិត្តសម្លាញ់ សរុបមានកីឡាករ-កីឡាការិនី៨៣នាក់(ស្រី៣១នាក់)។ រីឯវិញ្ញាសាប្រកួតមានចំនួន៩ រួនមានប្រកួតឯកត្តជនបុរសអក្សរ(ក)។
ប្រកួតឯកត្តជននារី ប្រកួតឯកត្តជន យុវជនអាយុក្រោម១៨ឆ្នាំ ប្រកួតវាយគូបុរស អក្សរ(ក) ប្រកួតវាយគូនារី ប្រកួតវាយគូចម្រុះបុរសនារី ប្រកួតឯកត្តជនយុវជនអាយុក្រោម១៥ឆ្នាំ ប្រកួតជាក្រុមបុរស និងប្រកួតវាយគូបុរសអាយុក្រោម១៥ឆ្នាំ ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃជាលទ្ធផលបច្ចេកទេស សមាគមកីឡាសូហ្វតេន្នីសក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេមានរហូតដល់ទៅ៥គ្រឿង មេដាយប្រាក់៤គ្រឿងនិងមេដាយសំរឹទ្ធ៤គ្រឿង ។ ក្រសួងការពារជាតិដណ្ដើមបានមេ ដាយមាស២គ្រឿង និងប្រាក់២គ្រឿង។ អគ្គស្នងការដ្ឋាននគរបាលជាតិដណ្ដើមបានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធ៣គ្រឿង និងខេត្តកំពង់ស្ពឺ ដណ្ដើមបានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធ១គ្រឿង។
លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានថ្លែងការកោតសរសើដល់គណៈកម្មការរៀបចំការប្រកួត ក៏ដូចជាកីឡាករ-កីឡាការិនីមកពីតាមបណ្ដាក្លិបនានា ដែលបានសហការគ្នាយ៉ាងល្អធ្វើឱ្យការប្រកួតដំណើរការទៅដោយរលូនតាំងពីដើមដល់ចប់។ មិនតែប៉ុណ្ណោះលោកសង្កេតឃើញថា កម្រិតបច្ចេកទេសលេងគឺមានការកើនឡើងយ៉ាងខ្លាំង ។ លោកសង្ឃឹមថាមិនយូរនោះទេវិស័យកីឡាសូហ្វតេន្នីសកម្ពុជា នឹងខ្លាំងដាច់គេបើប្រៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ