ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើងស្តង់ជាបណ្តើរៗហើយ ខណៈបុណ្យទន្លេ​ជិត​ចូលមក​ដល់​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ខណៈសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ទន្លេ​នឹង​បាន​ចូល​មក​ដល់ ពេល​នេះ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​ខិតខំ​ជំរុញ​ការ​រៀបចំ​នូវ​ស​មិ​ទ្ឋ​ផល​នានា ដើម្បី​បុណ្យ​ទន្លេ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ក្នុង​នោះ​ក្រៅពី​ការ​ធ្វើ​បដា ធ្វើ​ខ្លោងទ្វារ និង​សួនច្បារ…

ខេត្តកំពង់ឆ្នាំង ៖ ខណៈសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ទន្លេ​នឹង​បាន​ចូល​មក​ដល់ ពេល​នេះ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​ខិតខំ​ជំរុញ​ការ​រៀបចំ​នូវ​ស​មិ​ទ្ឋ​ផល​នានា ដើម្បី​បុណ្យ​ទន្លេ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ក្នុង​នោះ​ក្រៅពី​ការ​ធ្វើ​បដា ធ្វើ​ខ្លោងទ្វារ និង​សួនច្បារ ជាដើម ថ្ងៃនេះ​មានការ​ចាប់ផ្តើម​ដំឡើង​ស្តង់សម្រាប់​ដាក់​តាំង​លក់​ផលិតផល​ជា​បណ្តើរ​ៗ​ហើយ​។

នៅ​ចំណុច​សួនច្បារ​វិមាន​ឯករាជ្យ គេ​ឃើញ​ក្រុម​កម្មករ​កំពុង តម្លើង​ស្តង់​លក់ដូរ​យ៉ាងច្រើន​ស្អេកស្កះ ចំណែក​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ក្នុង​សួន​កុមារ មុខ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឯនោះ​វិញ​ក៏​មាន​ដំឡើង​ស្តង់ ប្រភេទ​ជា​លក្ខណៈ អន្តរជាតិ​ផង​ដែរ គឺ​រាប់រយ​កន្លែង ។ នៅ​ក្នុង​បរិវេណ​ទីលាន​បាល់ ទាត់​មុខ​សាលាខេត្ត គេ​ឃើញ​មានការ​រៀបចំ​ឆាក​តន្ត្រី​យ៉ាង​ធំ ហើយ​មានការ​តម្លើង​ស្តង់​នៅ​មុខ​ឆាក​នោះ​ផង​ដែរ​។

ដោយឡែក​នៅ​សួនច្បារ​វិមាន​ឯករាជ្យ គេ​ឃើញ​មានការ​ដាក់​បង់​សម្រាប់​អង្គុយ​លេង​រាប់រយ​បង់​នៅ​ជុំវិញ​សួនច្បារ ។ ដោយឡែក​កន្លែង​នាគ​បាញ់​ទឹក​ក្នុង​សួនច្បារ​ខាងលើ​នេះ ក៏​បាន​ក្លាយទៅជា​មាន​ទឹកថ្លា​មាន​នាគ​បាញ់​ទឹក​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ក្នុង​ឱកាស​បុណ្យ​ទន្លេ​លើក​ទី​៥​នេះ ។

​លោក សេង សាលី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ដែរ​ថា បុណ្យ​ទន្លេ​លើក​ទី​៥ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី ១៧ ខែ​មិ​នា ប៉ុន្តែ​ពិធី​បើក​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ មីនា ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ហ៊ុន ​សែន ។

នៅ​ថ្ងៃ​ទី​១៥ មីនា ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង មានការ​ដាក់​តាំងពិព័រណ៍ លក់​ផលិតផល​ជា​ច្រើន​ប្រភេទ ដែល​នាំ​មក​ពី​កន្លែង​ផ្សេង​ៗ ក្នុង​នោះ​ផលិតផល របស់​កសិករ​ខេត្តកំពង់ឆ្នាំង ក៍​ត្រូវ​បាន​យក​មក​ដាក់​តាំង​លក់​ដែរ ។ ថ្ងៃ​ដំបូង​នោះ ក៍​មាន ល្បែង របាំ នានា សម្រាប់​ទស្សនា កំសាន្ត ។ មាន​កីឡា​ជា​ច្រើន​ប្រភេទ ដូច​ជា​កីឡា​ប្រណាំង​កង់ កីឡា​រត់ប្រណាំង បាល់ទាត់​និង​បាល់ទះ និង​នៅ​ទន្លេ​ផ្សារ​ក្រោម កីឡា​ប្រណាំង​ហែល​ទឹក​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ក៏​មានការ​ដាក់​ឲ្យ​ប្រណាំង​ទូកង ទូក​មួ​ង ជា​ច្រើន​គូ ដែល​មក​ពី​បណ្ដា​ខេត្ត​នៅ​ជិត​កំពង់ឆ្នាំង ដូច​ជា ពោធិ៍សាត់ បាត់ដំបង និង​កំពង់ធំ ។ នៅ​ពេល​យប់ មានការ​សម្ដែង​សិល្បៈ និង​សម្តែង​យ៉េ​កេ រឿង​ពុទ្ធិ​សែន​នាង​ក​ង្រី មាន​តារាចម្រៀង ច្រៀង​និង​សំដែង ផង​ដែរ ។ ថ្ងៃ​បន្ទាប់​ក៏​មិន​ខុស​ពី​ថ្ងៃ​ទី​មួយ​ដែរ គ្រាន់តែ​ពេល​ព្រឹក​គឺ​មានការ​បើក​ជា​ផ្លូវការ​នៃ​ពិធីបុណ្យ​ទន្លេ ក្រោម​អធិបតីភាព​របស់​សម្តេច​ទាំង​ទ្វេ ។

ចំណែក​ថ្ងៃ​ទី ៣​ដែល​ជា​ថ្ងៃ​បញ្ចប់ ក៏​មាន​ពិធី​បិទ​និង​ប្រកាស​លទ្ធផល​ផ្សេង​ៗ​ផង​ដែរ​។

សូម​​​រំលឹក​ថា កន្លង​មក អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ធ្លាប់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជាប់​តាម​ផ្លូវ​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​យកចិត្តទុកដាក់​សំអាត​ផ្ទះសំបែង ដាក់​ទង់ជាតិ និង​តាំង​លំអរ​ភ្លើង​ជាដើម ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ក៍បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​នៅ​តាម​បណ្តា​ខេត្ត​នានា សូម​អញ្ជើញ​មក​ចូលរួម​ទស្សនា​កំសាន្ត​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​ឱ្យ​បាន​ច្រើន​កុះករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ