ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​គម្រោង​វិនិយោគ​វិស័យ សំណង់​នៅ​កម្ពុជា​ធ្លាក់​ចុះ ២០​ភាគរយ តែ​អ្នកជំនាញ ថា​អត់​បញ្ហា​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់ គឺ​នៅ​តែ​ដើរតួ​នាទី​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។ ក្នុង​រយៈពេល ១ ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​សំណង់​បន្ត​មាន​កំណើន​រឹង​មាំ ដែល​ទាក់ទាញ​វិនិយោគ​ជា​ច្រើន និង​បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​កំណើនសេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់ គឺ​នៅ​តែ​ដើរតួ​នាទី​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។ ក្នុង​រយៈពេល ១ ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​សំណង់​បន្ត​មាន​កំណើន​រឹង​មាំ ដែល​ទាក់ទាញ​វិនិយោគ​ជា​ច្រើន និង​បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​កំណើនសេដ្ឋកិច្ច ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៨ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​ថ្មី​ៗ​នេះ ។

នៅ​ក្នុង​ឆ្នាំ ២០១៨ វិស័យ​សំណង់​ត្រូវ​បាន​ប៉ាន់​ស្មានថា ថមថយ​ល្បឿន​បន្តិច​មក ១៧% (១៨% នៅ​ឆ្នាំ​២០១៧) ដែល​បាន​រួមចំណែក ប្រមាណ ១/៥ នៅ​ក្នុង​កំណើនសេដ្ឋកិច្ច ។ វឌ្ឍនភាព​ក្នុង​វិស័យ​នេះ ឆ្លុះ​បញ្ចាំង​តាម​រយៈ សូចនាករ​សំខាន់​ៗ​ដូច​ជា ការ​កើនឡើង​ការ​នាំ​ចូល​សម្ភារ​សំណង់ (១៥ %) កំណើន​ឥណទាន​វិស័យ​សំណង់ (២៣%) និង​ផ្ទៃក្រឡា​សំណង់​សរុប (៨%) ។ របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដដែល​បាន​បញ្ជាក់​ថា «​ទោះ​យ៉ាងណា ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​នេះ​បាន​ថយ​ចុះ​បន្តិច​ប្រមាណ ៦% (៨៤៥ ជា​សំណង់​លំនៅ​ដ្ឋា​ន​) ហើយ​តម្លៃ​គម្រោង​វិនិយោគ​បាន​ធ្លាក់​ចុះ ២០% »​។ បើ​ទោះបីជា​មានការ​ធ្លាក់​ចុះ​តិច​តូច​នា​ឆ្នាំ ២០១៨ វិស័យ​សំណង់​បាន​ផ្តល់​នូវ​ការងារ​ឲ្យ​អ្នកជំនាញ​និង​កម្មករ​ប្រមាណ ២២ ម៉ឺន​នាក់ ដែល​ធ្វើការ​តាម​ការដ្ឋាន​សំណង់​ទូ​ទាំង​ប្រទេស ហើយ​វិនិយោគិន​បរទេស​ភាគច្រើន​មក​ពី​ប្រទេស​ចិន កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ សិង្ហ​បុរី និង​អង់គ្លេស ។ សូម​បញ្ជាក់​ថា​គម្រោង​សំណង់​ថ្មី​ៗ​ផ្តោត​លើ​សំណង់​ដែល​មាន​តម្លៃ​ទាប ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាជន​មាន​ចំណូល​ទាប និង​ធ​ម្យ​ម ។
បើ​ទោះបីជា​ទុន​វិនិយោគ​ក្នុង​សំណង់​ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​បាន​ធ្លាក់​ចុះ​ប្រមាណ​២០​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៧​កន្លង​ទៅ តែ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ ហាក់​មិន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ លើ​ហានិភ័យ​នៃ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នោះ​ឡើយ ។

លោក ឃាង វុ​ទ្ធី ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តួលេខ​នេះ វា​គ្រាន់តែ​ជា​តួលេខ​មួយ​បង្ហាញ​អោយ​ដឹង​ពី​ការ​អភិវឌ្ឍន៍​នៃ​វិស័យ​សំណង់​និង​អចលនទ្រព្យ ហើយ​ការ​ធ្លាក់​ចុះ​នៃ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នេះ​ដែរ ក៏​មិនមែន​មាន​ន័យ​ថា​អចលនទ្រព្យ​ទាំងមូល​ធ្លាក់​ចុះ​ដែរ ។
លោក​ថា​៖« ការ​ធ្លាក់​ចុះ​នៃ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ គឺ​ធ្លាក់​តែ​លើ​ការ​អភិវឌ្ឍន៍​ខុន​ដូ ប៉ុណ្ណោះ តែបើ​ក្រលេក​ទៅ​មើល គម្រោង​អភិវឌ្ឍន៍​សំណង់​លំនៅ​ឋាន​ផ្ទះល្វែង គម្រោង​អភិវឌ្ឍន៍​ទៅ​លើ​ដី​ឡូត៍​តាម​ខេត្ត និង​ជាយ​រាជធានី ឃើញ​ថា​មាន​សកម្មភាព​ផុសផុល និង​គួរ​អោយ​កត់សម្គាល់ » ។ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បន្ត​ថា ជា​ធម្មតា​គម្រោង​វិនិយោគ​មួយ​ៗ មិនមែន​មួយ​ឆ្នាំ​ចប់ ឬ​២​ឆ្នាំ​ចប់​នោះ​ទេ ពោល​គឺ​វា​ត្រូវការ​ពេលវេលា​ដើម្បី​អភិវឌ្ឍន៍ ជាក់ស្ដែង​គម្រោង​ខុន​ដូ មួយ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​បញ្ចប់ ដូច្នេះ អ្នក​វិនិយោគ គេ​នឹង​មើល​ថា​តើ​នៅ​ពេល​ដែល​គម្រោង​វិនិយោគ​នោះ​ចប់ អ្នក​វិនិយោគ​នឹង​ទទួល​បាន​អ្វី​ត្រលប់​មក​វិញ រក​ប្រាក់​ចំណេញ​បាន​ប៉ុនណា ហើយ​ទីផ្សារ​ត្រូវការ​ទៀត​ទេ បើ​ត្រូវការ​គេ​នឹង​មក​អភិវឌ្ឍន៍​ផ្គត់ផ្គង់​បន្ថែម ។

លោក​បញ្ជាក់​ថា បើ​តាម​អ្វី​ដែល​លោក​រំពឹង សម្រាប់​ឆ្នាំ ២០១៩ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​វិស័យ​នេះ មាន​តែ​រីក​ចម្រើន​ថែម​ទៀត ជាក់ស្ដែង​រដ្ឋាភិបាល​បាន​និង​កំពុង​កំណត់​នូវ​ផែនការអភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​ថ្មី​មួយ និង​ធំ​ជាង​មុន ដូច្នេះ បើសិនជា​គម្រោង​នេះ ចាប់ផ្ដើម​ដំណើរការ​វិនិយោគិន​ជា​ច្រើន និង​ចាប់ផ្ដើម​មក​ប្រទេស​កម្ពុជា​ស្វែងរក​ការ​វិនិយោគ​បន្ថែម​ផង​ដែរ ហើយ​វា​ឱកាស​ដ៏​ល្អ​សម្រាប់​ពលរដ្ឋ​ក្នុងស្រុក ដើម្បី​ត្រៀម​ស្វាគមន៍​វិនិយោគិន​បរទេស ដែល​នឹង​មក​ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀត ។ លោក​បន្ថែម​ថា សម្រាប់​ពេល​នេះ​លោក​មើលឃើញ​ថា​វិនិយោគិន​មួយ​ចំនួន នឹង​ចូល​មក​កាន់​កម្ពុជា ដើម្បី​វិនិយោគ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​បន្ថែម នៅ​ក្នុង​រយៈពេល​ប្រមាណ​ពីរ បី​ឆ្នាំ ខាង​មុខ ដូច្នេះ​ហើយ​សុំ​អ្នក​ក្នុងស្រុក​ត្រៀមខ្លួន​អោយ​បាន​រួចរាល់ ក្នុង​ការ​រក​ដៃគូរ​រកស៊ី​ជាមួយ​បរទេស ។
លោក ឃាង វុ​ទ្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា​៖« យើង​សង្ឃឹមថា នៅ​ពេល​ដែល​អ្នក​វិនិយោគ​មក​ដល់ ប្រជាជន​កម្ពុជា​នឹង​មានចំណេះ​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ទទួល​ពួក​គេ ហើយ​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នករក​ស៊ីក្នុង​វិស័យ​នេះ កាន់តែ​មានឱកាស​ច្រើន​សម្រាប់​អភិវឌ្ឍន៍ » ។

បើ​តាម​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ជា​ធម្មតា​ទេ ការ​អភិវឌ្ឍន៍​មាន​ឡើង​មាន​ចុះ ហើយ​តួលេខ​ប៉ុណ្ណេះ វា​មិន​មានការ​ព្រួយបារម្ភ​សម្រាប់​វិស័យ​នេះ​ទាំងមូល​នោះ​ទេ ។ លោក​ជឿជាក់​ថា វិស័យ​នេះ នឹង​កាន់តែ​ល្អ​ប្រសើរ បើ​ក្រលេក​ទៅ​មើល​ស្ថានភាព​អភិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន​នេះ ។ លោក​ថា​៖« គម្រោង​មួយ​ៗ​ត្រូវការ​ពេលវេលា​ដើម្បី​បញ្ចប់ ហើយ​នៅ​ពេល​បញ្ចប់ គឹ​អាច​រក​ទីតាំង​ណាមួយ​ទៀត ដើម្បី​អភិវឌ្ឍន៍​បន្ត ហើយ​ការ​ធ្លាក់​ចុះ​តម្លៃ​វិនិយោគ​មិនមែន​គេ​ដក​លុយ​ទៅ​វិញ ទេ គ្រាន់តែ​លុយ​ដែល​មក​ដាក់​នៅ​ឆ្នាំ​នេះ វា​តិច​ជាង​ឆ្នាំ​មុន​ប៉ុណ្ណោះ តែ​គេ​នៅ​តែ​បន្ត​ដាក់​មក » ។ យ៉ាងណាមិញ វិស័យ​អចលនទ្រព្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​វិស័យ​ធនាគារ ដោយសារ​ឥណទាន​ភាគច្រើន​ពឹងផ្អែក​លើ​ទ្រព្យ​បញ្ចាំ​ជា​អចលនវត្ថុ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រក​ឃើញ​ថា ឥណទាន​ទៅ​កាន់​វិស័យ​អចល​ទ្រព្យ​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ប្រមាណ ៣១ % ទោះបីជា​ល្បឿន​កំណើន​ឥណទាន​ចំពោះ​វិស័យ​ផ្សេង​ៗ​បាន​ថយ​ចុះ​ក៏​ដោយ ។ ។

របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា ទោះជា​យ៉ាងណា ឥណទាន​មិន​ដំណើរការ​នៃ​វិស័យ​នេះ​នៅ​មា​នក​ម្រិ​ង​ទាប ក្នុង​នោះ​វិស័យ​សំណង់​មាន​អត្រា ៤% ការ​ជួញដូរ​អចល​ទ្រព្យ ១,៧% និង​ឥណទាន​លំនៅ​ដ្ឋា​ន ០,៨% ដែល​បង្ហាញ​ថា ហានិភ័យ​ឥណទាន​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​ទាប ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា «​យ៉ាងណា​ម៉ិ​ញ​បទ​ពិសោធន៍​អន្តរជាតិ​បាន​បង្ហាញ​ថា វិស័យ​អចលនទ្រព្យ​អាច​បង្កប់​នូវ​ហានិភ័យ​ខ្ពស់ ដោយសារ​តែ​ការ​ប្រែប្រួល​ថ្លៃ​នៃ​វិស័យ​អចល​ទ្រព្យ ជា​ពិសេស​ការ​ឆ្លៀតឱកាស​កេង​ចំណេញ និង​ហេតុការណ៍​ផ្សេង​ៗ​។ ក្នុង​ស្ថានភាព​នេះ កំណើន​ទំហំ​ឥណទាន​ទៅ​កាន់​វិស័យ​អចល​ទ្រព្យ អាច​បង្ក ជា​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ ប្រសិនបើ​មិន​ទាន់​មានការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ