ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ធំ​ៗ​មួយ​ចំនួន​ដែល​នឹង​កើត​មាន​នា​ពេល​អនាគត ពាក់ព័ន្ធ​ការ​អភិវឌ្ឍន៍​ដី​ឡូត៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពេល​ការ​អភិវឌ្ឍន៍​ដី​ឡូត៍​នៅ​កម្ពុជា កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម ដែល​ទិញ​សម្រាប់​ទុក​សង់ផ្ទះ​នៅ​ថ្ងៃ​អនាគត​នោះ ការ​អភិវឌ្ឍន៍​ដី​ឡូត៍​នៅ​កម្ពុ​ជាមួយ​ចំនួន ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​ទាន់​ស្រប​ទៅ​តាម​ស្ដង់ដារ​១០០​ភាគរយ​នៅឡើយ​ទេ ជា​ពិសេស​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពេល​ការ​អភិវឌ្ឍន៍​ដី​ឡូត៍​នៅ​កម្ពុជា កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម ដែល​ទិញ​សម្រាប់​ទុក​សង់ផ្ទះ​នៅ​ថ្ងៃ​អនាគត​នោះ ការ​អភិវឌ្ឍន៍​ដី​ឡូត៍​នៅ​កម្ពុ​ជាមួយ​ចំនួន ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​ទាន់​ស្រប​ទៅ​តាម​ស្ដង់ដារ​១០០​ភាគរយ​នៅឡើយ​ទេ ជា​ពិសេស​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន ហាក់​មិន​បាន​គិតគូរ​ពី​បញ្ហា​នៅ​ពេល​អនាគត​នោះ​ឡើយ ដូច​ជា​កា​រត​ប្រព័ន្ធ​ទឹក ភ្លើង ជា​ពិសេស​ប្រព័ន្ធ​លូ​ទឹក​និង​បង្ហូរទឹក​ស្អុយ​ជាដើម ។

អ្នកទិញ​ដី​ឡូត៍​មួយ​ចំនួន បាន​បង្ហាញ​ពី​ការ​ខកចិត្ត ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍ មិន​បាន​ដាក់​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក​ស្អុយ​ពី​គេហដ្ឋាន​ត្រឹមត្រូវ​នោះ​ទេ ដែល​ប្រឈម​នឹង​ការ​លិច និង​ជ្រាប​ទឹក​កខ្វក់​ចូល​ក្នុងផ្ទះ​នៅ​ពេល​អនាគត បើសិនជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ ជា​ពិសេស​ការ​ជាវដី​ឡូត៍​នៅ​ក្រៅ​ក្រុង​សម្រាប់​ការ​លក់​បន្ត គឺជា​ជម្រើស​មិនសូវ​ត្រឹមត្រូវ​នោះ​ទេ ។

លោក លី សិលា វ័យ​ជាង ៣០ ឆ្នាំ ដែល​ជា​អ្នក​ជាវដី​ឡូត៍​មួយ​រូប​បាន​នូវ​បទ​ពិសោធន៍​របស់​ខ្លួន​ថា រូប​លោក​ផ្ទាល់​បាន​ជាវដី​ពុះ​ឡូត៍​នៅ​ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ទំហំ ៥ x ២៧ ម៉ែត្រ​ក្នុង​តម្លៃ​ជាង ៤០០០ ដុល្លារ កាលពី​ឆ្នាំ ២០០៨ តែ​រយៈ​ជាង​១០​ឆ្នាំ​ទើប​រូប​លោក​រកបាន​ម្ចាស់​ថ្មី​ដែល​ព្រម​ទិញ​ក្នុង​តម្លៃ​តែ ៥ ០០០ ដុល្លារ តែ​ប៉ុណ្ណោះ ។ ខណៈ​បទ​ពិសោធន៍​មួយទៀត​នោះ គឺ​សាច់ញាតិ​របស់​លោក និង​មិត្ត​ភ័ក្ត្រ​បាន​ជាវដី​ឡូ ជិត​ព្រ​លាន​យន្តហោះ​ភ្នំពេញ ហើយ​បាន​សង់ផ្ទះ​រស់នៅ តែ​អ្វី​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​គ្មាន​ប្រព័ន្ធ​លូ​មេ ដែល​អាច​ឲ្យ​ម្ចាស់ផ្ទះ​ត​ភ្ជាប់​លូ​ពី​ក្នុងផ្ទះ មក​លួ​មេ​ធំ បាន ទីបំផុត​ត្រូវ​រង​ការ​លិចលង់ ។

លោក លី សិលា មាន​ប្រសាសន៍​ថា «​គុណសម្បត្តិ​នៃ​ការ​ជាវដី​ឡូត៍ គឺ​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​អ្នក​ជីវភាព​មធ្យម ក្នុង​ការ​ស្តង់​ផ្ទះ​សម្រាប់​ការ​រស់នៅ តែ​គួរតែ​ជាវ​ក្នុង​ក្រុងភ្នំពេញ ឬ​ជាយក្រុង ។ សម្រាប់​អ្នក​ជាវដី​ឡូត៍​ទុក​លក់​បន្ត​វិញ គឺ​ប្រាកដជា​កប់​លុយ​ដូច​រូប​ខ្ញុំ​ផ្ទាល់ បើសិនជា​គាត់​ជាវដី​ឡួ​ត៍​នៅ​ឆ្ងាយ​និង​ក្រៅ​ក្រុងភ្នំពេញ ព្រោះ​ពិតជា​ពិបាក​លក់​ចេញ​ណាស់ មិន​គួរ​ទិញ​នៅ​ក្រៅ​ក្រុង​នោះ​» ។ យ៉ាងណាមិញ លោក​ទ​ទូល​ស្គាល់​ថា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​អភិវឌ្ឍន៍​ដី​ឡូត៍​មួយ​ចំនួន ក៏​បាន​ខ្នះខ្នែង​សាងសង់​បណ្តាញទឹក​ភ្លើង និង​បណ្តាញ​លូ​ផង​ដែរ ។

លោក បាន​បន្ត​ថា «​ខ្ញុំ​ចង់​ផ្តាំផ្ញើ​ទៅ​ម្ចាស់​ដី​ពុះ​ឡួ​ត៍​ផង​ដែរ​ថា បើ​សង់​បណ្តាញ​លូ ក៏​ត្រូវ​គិតគូរ​ដល់​ការ​ភ្ជាប់​បណ្តាញ​លូ​ពី​ក្នុង​តំបន់​ដី​ឡូត៍ ភ្ជាប់​នឹង​បណ្តាញ​លូ​មេ​ផង បើ​មិន​អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​ដែល​ជាវដី​ឡូត៍​ទុក​សង់ផ្ទះ​នឹង​ជួប​បញ្ហា​នា​ពេល​អនាគត​» ។ យ៉ាងណា​ក៏​ដោយ ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​ជា​ច្រើន​បាន​បញ្ជាក់​ថា​ខ្លួន សុទ្ធតែ គិតគូរ​ដល់​ពេល​អនាគត ពី​ការ​អភិវឌ្ឍន៍​ដី​ឡូត៍ ។

បើ​តាម​លោក ជេ សុ​ន ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​វិមាន​អចលនទ្រព្យ លក់​ដី​ឡូត៍ នៅ​ម្ដុំ​ភ្នំ​ឧដុង្គ​បានអោយ​ដឹង​ថា អាជីវកម្ម​ដី​ឡូត៍ មិន​ត្រឹមតែ​ពុះ​ដី​ឡូត៍​ហើយ​លក់​ជូន​ទៅ​អតិថិជន​នោះ​ទេ ពោល​អ្នកលក់​ដី​ឡូត៍​ទាំងអស់​គួរតែ​គិត​អោយ​ច្បាស់ ពី​បញ្ហា​នៅ​ពេល​អនាគត ។ លោក ជេ សុ​ន មាន​ប្រសាសន៍​បញ្ជាក់​ថា «​ជា​ការ​ពិត​ណាស់ កាលពីមុន​ការ​ពុះ​ដី​ឡូត៍ មិន​បាន​គិតគូរ​ដល់​ចំណុច​ហ្នឹង​នោះ​ទេ គឺ​គ្រាន់តែ​ពុះ​ដី​ជា​ឡូត៍​ហើយ​ត​បង្គោល​ភ្លើង​ចូល​ទៅ​ក្នុង​ដី​ឡូត៍​នោះ​តែ​ប៉ុណ្ណោះ និង​មាន​ចាក់​ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ដី​ឡូត៍​នីមួយ​ៗ ដោយ​មិន​បាន​គិត​ពី​ការ​ដាក់​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក​នៅ​ពេល​ពលរដ្ឋ​ចាប់ផ្ដើម​សង់ផ្ទះ​ស្នាក់​រស់នៅ​នោះ​ទេ » ។
លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ការ​ពុះ​ដី​ឡូត៍​លក់​ពី​សំណាក់​អ្នក​អភិវឌ្ឍន៍​បាន​កែប្រែ​ច្រើន ក្នុង​នោះ​ពួក​គេ​បាន​គិតគូរ​យ៉ាង​ច្បាស់​ពី​អនាគត​របស់​អតិថិជន ក្រោយ​ពេល​ទិញ​ដី​រួច និង​ត្រៀម​សង់ផ្ទះ​នៅ​ថ្ងៃ​អនាគត ។ អ្នក​អភិវឌ្ឍន៍​ដី​ឡូត៍ បាន​រៀបចំ​ប្រព័ន្ធ​លូ ដោយ​ត​ពី​តំបន់​ដី​ឡូត៍​របស់​គេ ទៅ​កាន់​ប្រឡាយ​មេ​ណាមួយ​របស់​រដ្ឋ ដើម្បី​បង្ហូរទឹក​ចេញពី​តំបន់​ដី​ឡូត៍​ទៅ​កាន់​ប្រឡាយ​នោះ នៅ​ពេល​ដែល​ពលរដ្ឋ​ទៅ​សង់ផ្ទះ​រស់នៅ ហើយនឹង​មិន​ព្រួយបារម្ភ​ពី​ការ​លិច​ទឹក​ទៀត​ដែរ ។ លោក​បន្ថែម​ថា ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា រចនាសម្ព័ន្ធ សម្រាប់​គម្រោង​ដី​ឡូត៍​ហើយ​នោះ​ការ​អភិវឌ្ឍន៍​ដោយ​ភាព​ស្របច្បាប់​គឺជា​កត្តា​សំខាន់​មួយទៀត ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដី​ឡូត៍ ជាក់ស្ដែង ត្រូវ​ផ្ដល់​ប្លង់​ត្រឹមត្រូវ​ជូន​អ្នកទិញ និង​មិន​ត្រូវ​កឹ​ប​កេង​ចំណេញ ខ្លាំង​ពេក​ទៅ​លើ​អតិថិជន ។

បើ​តាម​លោក ម៉ា​ន់ ចន្ទ​ឌី អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានអោយ​ដឹង​ថា ការ​អភិវឌ្ឍន៍​ដី​ឡូត៍ ពិតជា​បាន​ផ្ដល់​សារ​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម និង​សេដ្ឋកិច្ចជាតិ ក្នុង​នោះ​វា​បាន​ផ្ដល់​អោយ​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ដែល​មិន​មាន​លទ្ធភាព​ផ្ដល់​ទិញ​ផ្ទះ​ស្នាក់​នៅ និង​មិន​មាន​លទ្ធភាព​ទិញ​ដី​បង់​ផ្ដាច់ ពីព្រោះ​អាជីវកម្ម​ដី​ឡូត៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ដល់​នូវ​ការ​បង់​រំលស់​ចំពោះ​អតិថិជន ជា​ដំណាក់កាល​និង​ជា​ប្រចាំខែ ។ លោក​បន្ត​ថា អត្ថប្រយោជន៍​ផ្សេង​នោះ​ទៀត​នោះ រដ្ឋ​ក៏​នឹង​ទទួល​បាន​ចំណូល​បន្ថែម​ពី​ការ​បង់ពន្ធ​ផ្ទេរ​កម្ម​សិទ្ធ​ពី​មួយ​ទៅ​មួយ ពី​ការ​ទិញ​ដី​ឡូត៍​របស់​ពលរដ្ឋ ។​មួយទៀត​នោះ ការ​ពុះ​ដី​ឡូត៍​ក៏​នឹង​ធ្វើ​អោយ​តម្លៃ​ដីធ្លី បាន​កើន​ឡើងជា​បន្តបន្ទាប់​ដែរ ជាក់ស្ដែង ដីធ្លី​នៅ​តំបន់​មួយ​ចំនួន នៅ​មាន​កម្រិត​ទាប​មួយ​នៅឡើយ នៅ​ពេល​ដែល​សកម្មភាព​ពុះ​ដី​ឡូត៍​មិន​ទាន់​ទៅ​ដល់ តែ​នៅ​ពេល​សកម្មភាព​នោះ​បាន​ទៅ​ដល់​តំបន់​ណាមួយ​ហើយ វា​បាន​ធ្វើ​អោយ​តម្លៃ​ដីធ្លី​បាន​កើន​ដល់​ខ្ពស់​ពី​ការ​ស្មាន ។

លោក​បន្ថែម​ថា បច្ចុប្បន្ន សកម្មភាព​ពុះ​ដី​ឡូត៍​បាន​កើនឡើង​មិន​ត្រឹមតែ​នៅ​ជាយ​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​ទេ តែ​វា​បាន​រាលដាល​ទៅ​ដល់​តំបន់​មួយ​ចំនួន​ទៀត នៅ​តាម​បណ្ដា​ខេត្ត​នានា​ផង​ដែរ ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្ត​ត្បូងឃ្មុំ​និង​បណ្ដា​ដែល​មាន​សក្ដានុពល​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត ។ ប៉ុន្តែ​ការ​ពុះ​ដី​ឡូត៍​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ភាព​ខុស​ប្លែក​ពី​មុន ដោយសារ​ទំហំ​ត្រឹមតែ​៥​ម៉ែត្រ x ២០​ម៉ែត្រ ខណៈ​ពី​មុន​វា​មាន​ទំហំ​ធំ​ៗ​ជាងនេះ ៕