ខេត្តកំពង់ស្ពឺ ៈ គ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងក្នុងថ្ងៃតែមួយ និងនៅចំណុចកើតហេតុតែមួយ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ (ជនរងគ្រោះត្រូវបានគេស្គាល់ថាជាក្មួយប្រុសរបស់លោករ៉ុង ឈុន) និងមនុស្សម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីទី១-គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងបុកជាមួយរថយន្តមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់បានស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៧៧-៧៨ ត្រង់ចំណុចភូមិត្រពាំងស្តុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ភាគីខាងម៉ូតូគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FK-៩៥២៥ បើកបរដោយឈ្មោះ រ៉ុង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ (ជនរងគ្រោះត្រូវបានគេស្គាល់ថាជាក្មួយប្រុសរបស់លោករ៉ុង ឈុន) រស់នៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បានស្លាប់ ។
ចំណែកភាគីខាងរថយន្តមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣E-៤៩៧៩ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍បានចុះពិនិត្យកន្លែងកើតហេតុ និងកសាងសំណុំរឿងបញ្ជូនមក ការិយាជំនាញខេត្ដបន្ដ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិដើម្បីអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកករណីទី២-គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៤នាទីល្ងាចថ្ងៃទី៩ មីនា ឆ្នាំ២០១៩ ស្ថិតនៅលើបណ្តាលផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៧៧-៧៨ ភូមិត្រពាំងស្តុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ភាគីខាងរថយន្តដឹកទំនិញមួយគ្រឿងកន្ទុយសណ្ដោងរឺម៉ក ម៉ាកហុីណូ ពណ៌ខៀវឆ្នូតស ពាក់ស្លាកលេខ កណ្ដាល ៣A-១០១៨ បើកបរដោយឈ្មោះធឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រលងញ៉ុស ឃុំទំព័រមាស ស្រុកសំរោងទង បានរងរបួសធ្ងន់ ។ ចំណែកភាគីរថយន្តមួយគ្រឿងទៀតម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៧៥៥០ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកទំនិញមួយគ្រឿងកន្ទុយសណ្ដោងរឺម៉ក ម៉ាកហ៊ីណូ ពណ៌ខៀវឆ្នូតស បើកបរពីទិសខាងលិចទៅខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្គូតមកខាងឆ្វេងដៃហើយក៏បានទៅបុកជាមួយនឹងរថយន្តមួុយគ្រឿងទៀតម៉ាកហ៊ីណូ ពណ៌ស ដែលបើកបរក្នុងទិសបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបររថយន្តដឹកទំនិញ ពណ៌ខៀវឆ្នូតស បានរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជំនាញនគរបាលចរាចរណ៍បានចុះទៅពិនិត្យកន្លែងកើតហេតុ និងសម្រួលចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕
ចែករំលែកព័តមាននេះ