សារព័ត៌មាន Bloomberg បានឲ្យដឹងមកថា ជនជាតិចិនដែលកើតក្នុងកំឡុងឆ្នាំ១៩៩០ ស្ថិតក្នុងចំណោមអតិថិជនដែលនាំគ្នាដណ្តើមទិញអចលនទ្រព្យលើប្រព័ន្ធអ៊ីនធើណែត ។
គេហទំព័រលក់អចលនទ្រព្យ uoolu.com បានរាយការណ៍មកថា តម្លៃលក់សរុបបានកើនឡើង ៦០% មកស្មើប្រមាណ៧៤០លានដុល្លារកាលពីឆ្នាំ២០១៨ និងព្យាករណ៍ថា ចំនួននេះនឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ ។ ការទិញភាគច្រើនកើតមានឡើងក្នុងអាស៊ីអាគ្នេយ៍ដែលមានតម្លៃទាបបើធៀបនឹងបេកាំង និងសៀងហៃ ។
Liu Yuan ដែលជាប្រធានផ្នែកស្រាវជ្រាវនៅ Centaline Group បាននិយាយថា «តម្រូវការពិតជារឹងមាំណាស់ក្នុងចំណោមប្រជាជនថ្នាក់កណ្តាលដែលមានប្រាក់សល់។ ការទិញកាន់តែមានភាពងាយស្រួលផងដែរលើគេហទំព័រ»។
យោងទៅតាម Uoolu បានឲ្យដឹងថា កត្តាដែលជំរុញដល់ការលូតលាស់នេះរួមមានជនជាតិចិនជំនាន់ថ្មីដែលស្រលាញ់បច្ចេកវិទ្យា ។ ភាពងាយស្រួលគឺជាចំណុចទាក់ទាញមួយដែរ ។
អតិថិជនអាចជ្រើសអចលនទ្រព្យមួយក្នុងរយៈពេលតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ រួចបង់ប្រាក់កក់ទាបជាង១,៥០០ដុល្លារទៅទៀត ។ លើសពីនេះទៅទៀត Uoolu ក៏ជួយដល់អតិថិជនក្នុងការទទួលបានប្រាក់កម្ចីពីធនគារបរទេស រកអ្នកជួល និងប្រមូលប្រាក់ជួលផងដែរ ។
ប្រមាណពាក់កណ្តាលនៃការទិញអចលនទ្រព្យទាំងអស់គឺជាការទិញដោយមិនមានការទៅមើលអចលនទ្រព្យផ្ទាល់ ខណៈដែលមាន ២២%ទៅទៀតជាការទិញដោយមិនបានមើលអចលនទ្រព្យផ្ទាល់ភ្នែក មិនមានការតេទូរស័ព្ទ ឬជួបជាមួយនឹងភ្នាក់ងារដោយផ្ទាល់ ។
អចលនទ្រព្យនៅអាស៊ីអាគ្នេយ៍មានប្រជាប្រិយភាពព្រោះតែតម្លៃទាបដែលមិនត្រូវការប្រាក់កក់ខ្ពស់ ហើយវាសាកសមនឹងអតិថិជនចិនដែលកំពុងជួបបញ្ហាក្នុងការផ្ទេរប្រាក់ក្នុងចំនួនច្រើនចេញពីប្រទេស ។ ជាមួយគ្នានេះផងដែរ ប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីនមិនមានឧបសគ្គច្រើនសម្រាប់ការទិញអចលនទ្រព្យដោយជនជាតិបរទេសដូចក្នុងប្រទេសនូវែលសេឡង់ កាណាដា សិង្ហបុរី និងអូស្ត្រាលីឡើយ ។
ប្រទេសថៃគឺជាទីតាំងវិនិយោគដែលមានប្រជាប្រិយភាពជាងគេកាលពីឆ្នាំមុនសម្រាប់អតិថិជនចិនលើគេហទំព័រ juwai.com ។ អតិថិជនដែលមកពីប្រទេសចិនដីគោក និងហុងកុងទិញអាផាតមិនក្នុងទីក្រុងបាងកកប្រមាណ ១៥,០០០យូនីតផងដែរ ៕
ចែករំលែកព័តមាននេះ