លោក Adam Wong ដែលជាភ្នាក់ងារអចលនទ្រព្យម្នាក់បានប្រាប់ដល់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី៨ មីនា មកថា ការលក់អចលនទ្រព្យក្នុងប្រទេសអូស្ត្រាលីឲ្យទៅអតិថិជនចិនបានធ្លាក់ចុះក្នុងពេលថ្មីៗនេះ ។ ជាមួយគ្នានេះផងដែរទិន្នន័យដែលបានពីរដ្ឋាភិបាលអីស្ត្រាលីក៏បង្ហាញថា អតិថិជនចិនមិនមែនជាវិនិយោគិនបរទេសធំជាងគេក្នុងវិស័យនេះដែរ ។
លោក Wong បាននិយាយថា «មានកត្តាពីរដែលបង្កឲ្យមានការធ្លាក់ចុះនេះ។ ទីមួយគឺប្រជាជនមិនអាចផ្ទេរប្រាក់ចេញពីប្រទេស និងសេដ្ឋកិច្ចចិនចាប់ផ្តើមអន់ថយតាំងពីពាក់កណ្តាលឆ្នាំ២០១៧មក ដែលបង្កឲ្យមានលទ្ធផលនេះ» ។
ចំណាប់អារម្មណ៍របស់អតិថិជនចិនលើអាផាតមិន និងផ្ទះវីឡាជិតកំពង់ផែបានជំរុញឲ្យតម្លៃផ្ទះក្នុងទីក្រុង Sydney កើនឡើងដល់ទៅ៧៥%ក្នុងកំឡុងពេល៥ឆ្នាំមកនេះ ។ កំណើននេះក៏កើតមានឡើងព្រោះតែចំនួនផ្ទះលើទីផ្សារមានតិច កំណើនចំនួនប្រជាជន និងអត្រាការប្រាក់ទាបផងដែរ ។ ប៉ុន្តែតាំងពីពេលនេះមក តម្លៃផ្ទះក្នុងទីក្រុងនេះបានធ្លាក់ចុះអស់១៣%ទៅហើយ ។
លោក Phillip Lowe ដែលជាប្រធានធានាគារជាតិអូស្ត្រាលីបានកត់សម្គាល់ពីការធ្លាក់ចុះនៃការទិញអចលនទ្រព្យដោយអតិថិជនបរទេសនេះដែរកាលពីថ្ងៃពុធកន្លងមក និងបានបន្ថែមថាធនាគារជាតិកំពុងតែតាមដានការធ្លាក់ចុះនេះ ជាពិសេសវាចាប់ផ្តើមប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារនិងសេដ្ឋកិច្ចផងដែរ ។
ការផ្ទេរប្រាក់ពីប្រទេសចិនទៅបរទេសកាន់តែមានភាពលំបាកក្នុងពេលបច្ចុប្បន្ននេះខណៈដែលមន្ត្រីជាប់ពាក់ព័ន្ធអនុម័តវិធានការយ៉ាងតឹងរឹងដើម្បីកាត់បន្ថយលំហូរមូលធនចេញពីប្រទេស ។ កត្តាក្នុងស្រុកមួយចំនួនក៏បន្តប៉ះពាល់ដល់តម្លៃផ្ទះមិនឲ្យកើនឡើងដែរ ។ ធនាគារក្នុងប្រទេសអូស្ត្រាលីបានកាត់បន្ថយការផ្តល់ប្រាក់កម្ចី ខណៈដែលផ្ទះកាន់តែច្រើនត្រូវបានដាក់លើទីផ្សារផងដែរ ។
ការវិនិយោគពីជនជាតិចិនក្នុងប្រទេសអូស្ត្រាលីបានកើនឡើងជាពិសេសលើកន្លែងជីករ៉ែ និងកសិដ្ឋានជាដើម ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិនិយោគិនចិនចាប់ផ្តើមងាកទៅកាន់វិស័យអចលនទ្រព្យវិញ ព្រោះតែភាពទាក់ទាញនៃបរិស្ថានដ៏ស្រស់ស្អាតរបស់អូស្ត្រាលី និងកំណើនចំនួនសិស្សជនជាតិចិនដែលសិក្សានៅសាកលវិទ្យាល័យអូស្ត្រាលី ដែលធ្វើឲ្យអាណាព្យាបាលទិញផ្ទះសម្រាប់កូនៗពួកគេ ៕
ចែករំលែកព័តមាននេះ