រាជធានីភ្នំពេញ ៖ ក្រោយពីចូលប្រឡូកនៅក្នុងវិស័យកីឡាប៉េតង់អស់រយៈពេលជិត៥ឆ្នាំកីឡាការិនីជម្រើសជាតិស្រ៊ាង សុរ៉ាឃីម បានសាងស្នាដៃជាច្រើនទាំងនៅលើឆាកជាតិនិងអន្តរជាតិ ។ តាមរយៈការខិតខំប្រឹងប្រែងនេះ បានជួយឱ្យកីឡាការិនីរូបនេះកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គម រហូតទទួលបានអាហារូបករណ៍១០០%ពីសាកលវិទ្យាល័យមួយនិងទទួលបានការងារជាមន្ត្រីយោធាក្នុងក្របខ័ណ្ឌក្រសួងការពារជាតិទៀតផង។
ស្រ៊ាង សុរ៉ាឃីម ដែលបានចូលប្រឡូកនៅក្នុងវិស័យកីឡាប៉េតង់តាំងពីឆ្នាំ២០១៤មកមិនត្រឹមតែជួយលើកស្ទួយកិត្តិយសខ្លួនឯង ឱ្យមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងជួយដល់គ្រួសាររស់ក្នុងជីវភាពធូរធារជាងមុនទៀតផង ។ មិនតែប៉ុណ្ណោះតាមរយៈស្នាដៃដែលនាងដណ្ដើមបានជួយឱ្យនាងមានគេស្គាល់ច្រើនជាពិសេសមន្ត្រីដែលមានថានៈ ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលបានជួយនាងតាម រយៈការផ្ដល់អាហារូបករណ៍ឱ្យសិក្សានៅសាកលវិទ្យាល័យដោយឥតបង់ប្រាក់ ជាពិសេសក្របខ័ណ្ឌមន្ត្រីយោធានៅក្រសួងការពារជាតិដែលនាងធ្លាប់ស្រមៃចង់បានជាយូរមកហើយ ។
ជួបអ្នកយកព័ត៌មានកោះសន្តិភាព កញ្ញា ស្រ៊ាង សុរ៉ាឃីម ប្រាប់ថា សមិទ្ធផលទាំងនេះកើតឡើងពីការខិតខំប្រឹងប្រែងទាំងអស់ គឺបន្ទាប់ពីនាងដណ្ដើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសបែកហ្សុិក កាលពីខែមេសា ឆ្នាំ២០១៧ ក្នុងពេលកីឡាការិនីអ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស និងដណ្ដើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសចិនក្នុងឆ្នាំ២០១៧ ។
កីឡាការិនីវ័យ២០ឆ្នាំរូបនេះបន្តថា សព្វថ្ងៃនាងជានិស្សិតឆ្នាំទី២មុខជំនាញគ្រប់គ្រង។ចាប់តាំងពីនាងឈានជើងចូលប្រឡូកក្នុងវិស័យកីឡាប៉េតង់ជាច្រើនឆ្នាំមកនេះ ក្រៅពីដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធពីព្រឹត្តិការណ៍ជើងឯកពិភពលោក នៅមានមេដាយជាច្រើនទៀតដូចជាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៥ដណ្ដើមបានមេដាយប្រាក់១និងសំរឹទ្ធ៣ ។ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឡាវឆ្នាំ២០១៦ដណ្ដើមបានមេដាយមាស១។
ប្រកួតជើងឯក Asia Beach Gamesនៅប្រទេសវៀតណាមក្នុងឆ្នាំដដែលដណ្ដើមបានមេដាយមាស១ ។ មេដាយសំរឹទ្ធ២ពីការប្រកួតជើងឯកអាស៊ីនៅមីយ៉ាន់ម៉ា និងម៉ាឡេស៊ីក្នុងឆ្នាំ២០១៧ និងចុងឆ្នាំ២០១៨ដណ្ដើមបានមេដាយមាស១ និងប្រាក់២គ្រឿងពីព្រឹត្តិការណ៍ជើងឯកនិស្សិតអាស៊ានដែលរៀបចំនៅប្រទេសមីយ៉ាន់ម៉ា ។
ស្រ៊ាង សុរ៉ាឃីម បានបញ្ជាក់ជាចុងក្រោយថាទោះបីនាងដណ្ដើមបានមេដាយច្រើនមកជូនជាតិ ក៏នាងនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់មិនខ្លាចនឿយហត់ឡើយ ដោយសារនាងនៅតែមានមហិច្ឆតាធំធេងក្នុងការដណ្ដើមយកមេដាយឱ្យបានច្រើនជាងនេះ និងចង់ក្លាយជាកីឡាការិនីដែលមានឈ្មោះល្បីនៅលើឆាកអន្តរជាតិដូចវីរកីឡាការិនីកែ ឡេង ដែរ ៕
ចែករំលែកព័តមាននេះ