ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រាប់​ទៅ​ម្ចាស់​កាណូត​ទេសចរណ៍​ត្រូវ​អនុវត្ត​តាម​ស្ដង់ដា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​តម្រូវ​ឲ្យ​អាជីវករ​កាណូត​ទេសចរណ៍​ទាំងអស់​ត្រូវ​អនុវត្ត​ស្តង់ដា​អប្បបរមា​កាណូត​ទេសចរណ៍​កម្ពុជា ដើម្បី​ពង្រឹង​សុវត្ថិភាព និង​គុណភាព​សេវាកម្ម​ទេសចរណ៍​តាម​ផ្លូវទឹក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង​តាម​សេចក្តីជូនដំណឹង​លេខ​០៦៩ ស​ជ​ណ​.​អគ​ឧ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​តម្រូវ​ឲ្យ​អាជីវករ​កាណូត​ទេសចរណ៍​ទាំងអស់​ត្រូវ​អនុវត្ត​ស្តង់ដា​អប្បបរមា​កាណូត​ទេសចរណ៍​កម្ពុជា ដើម្បី​ពង្រឹង​សុវត្ថិភាព និង​គុណភាព​សេវាកម្ម​ទេសចរណ៍​តាម​ផ្លូវទឹក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង​តាម​សេចក្តីជូនដំណឹង​លេខ​០៦៩ ស​ជ​ណ​.​អគ​ឧ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​អនុវត្ត​នេះ​គឺ​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង​កាលពី​កន្លង​មកនេះ ។

សេចក្តីជូនដំណឹង​ដដែល​បាន​បន្ត​ថា អាជីវករ​កាណូត​ទេសចរណ៍ អាច​ដាក់​ពាក្យ ស្នើ​សុំ​ទទួលស្គាល់​ស្តង់ដា​គុណភាព​អប្បបរមា ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ តទៅ ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ក្រសួងទេសចរណ៍ ដែល​តម្រូវ​ឲ្យ​ម្ចាស់​អាជីវករ​កាណូត​ទេសចរណ៍​ទាំងអស់​រៀបចំ​ឲ្យ​មាន​ស្តង់ដា​ដើម្បី​សុវត្ថិភាព ជូន​ដល់​ភ្ញៀវ​ទេសចរ ។ លោកស្រី​បន្ត​ថា ការ​ណែនាំ​នេះ​ពិតជា​ល្អ សម្រាប់​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត ព្រោះ​កន្លង​មកនេះ មាន​កាណូត​មួយ​ចំនួន​បាន​រៀបចំ​បាន​ស្តង់ដា និង​មួយ​ចំនួន​ទៀត​មិន​មាន​ស្តង់ដា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជិះ​ធ្វើ​ដំណើរ​កម្សាន្ត​មាន​អារម្មណ៍​គ្មាន​សុវត្ថិភាព ។ លោកស្រី​មាន​ប្រសាសន៍​ថា ៖« ពេល​ខ្លះ​ទាំង​ពោង​សុវត្ថិភាព និង​ចំណីអាហារ​ទៀត​សោត​ក៏​គ្មាន អនាម័យ​ដែល​បង្ក​ឲ្យ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​រួច​ហើយ​ខ្លាចរអារ ក្នុង​ការ​ជិះ​ម្តងទៀត ឬ​មិន​ហ៊ាន​ប្រាប់​មិត្តភក្តិ ឬ​បងប្អូន​របស់​គេ​ធ្វើ​ដំណើរ​ម្តងទៀត ហើយ​ការី​ទេសចរណ៍​ទាំងអស់​ក៏​មាន​ហ៊ាន​ណែនាំ​ភ្ញៀវ​ឲ្យ​ធ្វើ​ដំណើរ​តាម​កាណូត​ផង​ដែរ »​។ លោកស្រី ឆាយ ស៊ី​វលី​ន បាន​បញ្ជាក់​ទៀត​ថា ៖« ប្រទេស​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​ទាំង​ផ្លូវគោក និង​ផ្លូវទឹក ដោយ​ខាង​ផ្លូវទឹក យើង​មាន​បឹង ទន្លេ និង​សមុទ្រ ក្នុង​ការ​ទាក់​ភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​កម្សាន្ត តែ​អ្វី​ដែល​យើង​បាន​ផ្គត់ផ្គង់​មិន​បាន​តាម​ស្តង់ដា និង​អនាម័យ បើ​ក្រសួងទេសចរណ៍​តម្រូវ​ម្ចាស់​កាណូត​ទេសចរណ៍​រៀបចំ​ឲ្យ​មាន​ស្តង់ដា​ពិតជា​ល្អ ព្រោះ​ខាង​ការី​ទេសចរណ៍​ប្រាថ្នា​ចង់​បានជា​យូរណាស់​មក​ហើយ »​។

លោកស្រី​បន្ថែម​ថា ៖« បើក​ក្រឡេក​មើល​ប្រទេស​ជិតខាង​យើង គេ​បាន​រៀបចំ​បាន​ស្តងដា​ល្អ​ណាស់​។ ចំណែក​យើង​វិញ​មានសម្បត្តិ​ធម្មជាតិ​លើសគេ​ទៅ​ទៀត តែ​មិន​បាន​រៀបចំ​ឲ្យ​បាន​ល្អ ឬ​ស្តង់ដា​សម្រាប់​ភ្ញៀវ ព្រោះ​ការ​រៀបចំ​នេះ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ឲ្យ​បាន​យូរ និង​ចំណាយ​លុយ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​ទទួល​បាន​អត្ថប្រយោជន៍​ខ្ពស់ »​។ លោកស្រី​បន្ដ​ថា ៖« បើ​យើង​រៀបចំ​គ្មាន​សុវត្ថិភាព និង​ស្តង់ដា​ចំពោះ​កាណូត និង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​នោះ​ទេ ពួក​គេ​នឹង​មិន​ស្នាក់​នៅ​យូរ ហើយ​អាច​បង្វែរ​ទៅ​លេង​កម្សាន្ត​នៅ​ប្រទេស​ផ្សេង ហើយ​គេ​ក៏​មិន​មក​លេង​ជា​លើក​ទី​២​ទៀត​ដែរ ។ អីចឹង​ទេ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​គិតគូរ​ពី​សុវត្ថិភាព និង​ស្តង់ដា​ឲ្យ​បានច្រើន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ