ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​កីឡាករ​-​កីឡាការិនី​ល្បី​កំពុង​កាក់កប​ក្នុង​មុខ​ជំនួញ​អន​ឡាញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយគេ​ឃើញ​អាជីវកម្ម​អន​ឡាញ​មិន​ត្រឹមតែ​ពេញនិយម​ក្នុង​ចំណោម​តារា​សិល្បៈ និង​តារា​ហ្វេ​សប៊ុ​ក​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​អ្នក​ប្រកប​អាជីព​កីឡា ដែល​ជា​កីឡាករ​-​កីឡាការិនី​ល្បី​ក៏​ត្រូវ​គេ​កត់សម្គាល់ថា​ទទួល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​នេះ​មិន​អន់​ដែរ ។ តើ​កីឡាករ​-​កីឡាការិនី​ណាខ្លះ ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​សកម្ម​ក្នុង​មុខ​ជំនួញ​អន​ឡាញ? ស៊ន…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយគេ​ឃើញ​អាជីវកម្ម​អន​ឡាញ​មិន​ត្រឹមតែ​ពេញនិយម​ក្នុង​ចំណោម​តារា​សិល្បៈ និង​តារា​ហ្វេ​សប៊ុ​ក​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​អ្នក​ប្រកប​អាជីព​កីឡា ដែល​ជា​កីឡាករ​-​កីឡាការិនី​ល្បី​ក៏​ត្រូវ​គេ​កត់សម្គាល់ថា​ទទួល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​នេះ​មិន​អន់​ដែរ ។ តើ​កីឡាករ​-​កីឡាការិនី​ណាខ្លះ ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​សកម្ម​ក្នុង​មុខ​ជំនួញ​អន​ឡាញ?

ស៊ន សៀវ​មុ​ី ៖ កញ្ញា​សម្រេចចិត្ត​នាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​រួម​មាន​ផលិតផល​លាបមុខ ថែរក្សា​មុខ និង​ថ្នាំ​សម្រក​ទម្ងន់​ជាដើម​ប្រមាណ​ជា​១​ខែ​មក​ហើយ ដោយ​ក្នុង​មួយ​ខែ​ចាប់តាំងពី​នាង​បើក​លក់​នេះ នាង​រក​ចំណូល​បាន​មិន​ក្រោម​៤​ទៅ​៥​ពាន់​ដុល្លារ​នោះ​ទេ ក្នុង​ពេល​ដែល​នាង​ផ្សាយ​លក់​កន្លង​មក ក៏​មិន​ទាន់​គ្រប់មុខ​ទំនិញ និង​គ្រាន់តែ​ជា​ការ​ប្រកាស​លក់​សាកល្បង​នៅឡើយ ។ កញ្ញា​ថា ខ្លួន​លក់ដាច់​ខ្លាំង​ណាស់ ដោយ​ក្នុង​មួយ​ថ្ងៃ​ផលិតផល​ដែល​នាង​ប្រកាស​លក់​ស្ទើរ​មិន​សល់​សម្រាប់​បំពេញតម្រូវការ​ឡើយ ។ ជាក់ស្ដែង​ផលិតផល​សម្រក​ទម្ងន់ និង​ថែរក្សា​ស្បែក​ស្ទើរ​គ្រប់មុខ​ដែល​នាង​យក​មក​ផ្សាយ គឺ​នាង​លក់​អស់​គ្មាន​សល់ ខណៈ​ថ្ងៃ​ខ្លះ​មិន​មាន​ទំនិញ​ដើម្បី​ដាក់​ផ្សាយ​លក់​ផង ។ គ្រប់មុខ​ទំនិញ​ទាំងអស់​នាង​ថា មិន​បាន​ឡើង​ទៅ​ទិញ​ដោយ​ខ្លួនឯង​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ប៉ុន្តែ​នាង​មាន​ទំនាក់​ក្នុង​ការ​កុម្ម៉ង់​ទិញ ដោយ​នាង​គ្រាន់តែ​កុម្ម៉ង់​ថា​យក​របស់​នេះ​របស់​នោះ ហើយ​តម្រូវ​ឱ្យ​វេច​ខ្ចប់​ដាក់​ស្លាក​យីហោ​បែប​នេះ​បែប​នោះ គឺ​គ្រប់គ្រាន់ ។

ក្នុង​រយៈពេល​មួយ​ខែ តាំងពី​បើក​ដំណើរការ​នាង​ថា បាន​ឡើង​ទៅ​មើល​ទំនិញ​តែ​ម្ដង​ពីរ​ដង​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ ដោយ​ការ​ត្រួតពិនិត្យ​ក៏​ទៅ​តែ​មួយ​ភ្លែត​ៗ ព្រោះ​មុខទំនិញ​ដែល​នាង​កុម្ម៉ង់​ទិញ គឺ​អាច​មើល​តាម​រូបថត​ឆ្លង​ឆ្លើយ​គ្នា​បាន មិនបាច់​ទៅ​មើល​ផ្ទាល់​ក៏​បាន​។ នាង​ថា មុខរបរ​អន​ឡាញ​ដ្បិតថា មិន​ត្រូវ​នឹង​បទ​ពិសោធន៍​ក្នុង​នាម​ដែល​នាង​ប្រឡូក​តែ​ការងារ​កីឡា ប៉ុន្តែ​មិន​មាន​ផលវិបាក​សម្រាប់​រូប​នាង​នោះ​ទេ ដោយសារ​តែ​នាង​ក៏​ចេះ​របៀប​ផ្សាយ​លក់ និង​ជា​មនុស្ស​ចូល​ចិត្ត​តែងខ្លួន និង​សម្រក​រាង ដែល​មិន​ពិបាក​ឱ្យ​នាង​ឃោសនា​ដើម្បី​ឱ្យ​អតិថិជន​ជឿជាក់ ។ មុខរបរ​អន​ឡាញ​ដែល​នាង​បើក​លក់​នេះ នាង​គ្មាន​គម្រោង​ជួល​ផ្ទះ​បើក​ជា​ហាង​នោះ​ទេ ដោយសារ​តែ​នាង​យល់​ថា ខ្លួន​មិន​ទាន់​ទំនេរ​គ្រប់គ្រាន់ និង​ថា​ត្រឹម​លក់​តាម​អន​ឡាញ ក៏​រក​ចំណូល​បាន​សមប្រកប​ហើយ ។ នាង​ថា​ហេតុផល​ដែល​នាង​សម្រេចចិត្ត​ប្រកាស​លក់​ផលិតផល​លើ​អន​ឡាញ​នេះ ក៏​ព្រោះតែ​ពេល​កន្លង​មក​នាង​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​ខ្លួនឯង និង​ប្រើ​ផលិតផល​ថែរក្សា​សម្រស់​ខ្លួនឯង ហើយ​ឃើញ​ថា​ល្អ​ទើប​សម្រេចចិត្ត​កុម្ម៉ង់​យក​មក​លក់​តែ​ម្ដង​ទាន់​ពេល​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​មានការ​គាំទ្រ​។

ហែម ថុ​ន​វិ​ទិ​នី ៖ កីឡាការិនី​ហែល​ទឹក រូប​នេះ​ប្រកាស​ថា​នាង​រក​ចំណូល​ចាយ​ស្រួល​ពី​ការ​ប្រកាស​លក់​ផលិតផល​អន​ឡាញ​បែប​នេះ​ដូច​គ្នា​ផង​ដែរ ដោយ​នាង​គឺជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់ និង​ផលិតផល​ហែល​ទឹក​មួយ​ចំនួន​ផង ។ នាង​ត្រូវ​គេ​ឃើញ​សកម្ម​ក្នុង​ការ​ផ្សាយ​លក់ និង​ដឹក​ជញ្ជូន​ផលិតផល​ដោយ​ផ្ទាល់​ទៅ​កាន់​អតិថិជន នៅ​ពេល​ម៉ូតូឌុប និង អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​ឱ្យ​ម៉ូយ​រវល់​ដកឃ្លា​មិន​រួច​។ ទោះបី​យ៉ាងណា​កញ្ញា​នៅ​តែ​មិន​បោះបង់​ការ​ហ្វឹកហាត់ និង​ការងារ​ត្រៀម​ប្រកួត​នោះ​ទេ ដោយ​នាង​ប្រាប់​ថា ការ​ប្រកាស​លក់​ផលិតផល​ផ្សេង​ៗ​គឺ​ទាល់តែ​ទំនេរ​ពី​កីឡា ដោយសារ​តែ​នាង​ក៏​មិន​ចង់ឱ្យ​ធ្លាក់​សមត្ថភាព​ក្នុង​ការ​ហ្វឹកហ្វឺន​។

សេន ប៊ុ​ន​ថេ​ន ៖ កីឡាករ​រូប​នេះ មិនសូវ​ដើរតួ​ជា​អ្នក​Live លក់​ផលិតផល​សម្លៀក​បំពាក់​កីឡា​ប៉ុន្មាន​ទេ ដោយ​គេ​ឃើញ​ជំនួស​មុខ​ដោយ​ភរិយា​របស់​លោក​ច្រើន​ជាង ។ យ៉ាងណាមិញ​គេ​ឃើញ​លោក​ធ្វើ​សកម្មភាព​ជួយ​ជំរុញ​យ៉ាង​ផុលផុស​តាម​រយៈ​ការ​បង្ហោះ​លក់ ការ​បង្ហាញមុខ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ស្គាល់ ដើម្បី​ឱ្យ​ភរិយា​របស់​លោក​លក់​កាន់តែ​ដាច់ ហើយ​បើ​និយាយ​ពី​ការ​កៀងគរ​កូនសិស្ស​និង​កីឡាករ​ឱ្យ​ទិញ​ផលិតផល​អន​ឡាញ​របស់​លោក​វិញ​គឺ​ខ្លាំង​ជាង​ភរិយា​ដាច់​ឆ្ងាយ ទើប​គេ​ចាត់​ទុក​ថា​មុខរបរ​អន​ឡាញ​របស់​ភរិយា​លោក​បើ​គ្មាន​ប្រជាប្រិយ​របស់​លោក​ជំរុញ​ពីក្រោយ គឺ​ពិតជា​មិន​អាច​ទៅ​រួច ។ លោក​ត្រូវ​គេ​ដឹង​ថា ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ឱ្យ​ភ្ញៀវ​ដល់ទី​តាំង​ផង​ដែរ ខណៈ​ដែល​លោក​ប្រាប់​ថា ភាព​អៀនខ្មាស​មិនមែន​ជា​រឿង​សំខាន់​នោះ​ទេ​នៅ​ពេល​លោក​ទទួល​បាន​ចំណូល​ខ្លាំង​បែប​នេះ​។

បឺត ខាំ និង​ឡុ​ង សុ​ភី ៖ លោក​ទាំង​ពីរក៏​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នកលក់​អន​ឡាញ​ដែល​ជោគជ័យ​ផង​ដែរ ដោយ​គ្រាន់តែ​លោក​មិន​លក់​ឡេ ម្សៅ និង​ផលិតផល​រាយរង​នោះ​ទេ គឺ​លោក Live លក់​ដី​ឡូត៍​តូច​ធំ​នៅ​ម្ដុំ​វត្ត​ទួលសុ​ភី​ដែល​ជា​គម្រោង​កើប​លុយ​ធំ​តែ​ម្ដង ។ លោកត្រូវ​គេ​ឃើញ​រៀបរាប់​ពី​គម្រោង​លក់​ដី ដោយ​រាល់ពេល​Live ម្ដង​ៗ​អ្នក​ទាំង​ពីរ​តែងតែ​ប្រកាស​ថា លក់ដាច់​ខ្លាំង​ណាស់ និង​ថា​អរគុណ​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​តែង​មក​ទិញ​គម្រោង​ដី​ឡូត៍​របស់​លោក​ក្រោយ​ពេល​Live ជាដើម​។ កីឡាករ​ទាំង​ពីរ​ត្រូវ​គេ​អះអាង​ថា​ស្ទើរតែ​ភ្លេចខ្លួន​ជា​កីឡាករ​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​បន្ទាប់​ពី​កាក់កប​ខ្លាំង​ក្នុង​មុខរបរ​លក់​ដី​តាម​អន​ឡាញ ហើយ​ជូន​ភ្ញៀវ​ទៅ​ដល់ទី​កន្លែង​។

ហ៊ុន សត្យា ៖ លោក​ត្រូវ​គេ​ស្គាល់​ជា​កីឡាករ​និង​ជា​គ្រូបង្វឹក​ផ្នែក​តេ​ក្វា​ន់​ដូ​ដោយ​ម្ដងម្កាល​ក៏​បង្ហាញខ្លួន​សម្ដែង​ភាពយន្ត​ផង​នោះ ក៏​ត្រូវ​គេ​ឃើញ​សកម្ម​ក្នុង​ការ​លក់​ជ្រក់​ជើងមាន់ ដោយ​លោក​ប្រកាស​ថា គឺ​លក់ដាច់​ខ្លាំង​ណាស់​។លោក​ថា មុខរបរ​លក់​ជើងមាន់​លើ​អន​ឡាញ ដ្បិតថា​រវល់ និង​ហត់​រឿង​យក​ផលិតផល​ឱ្យ​គេ ប៉ុន្តែ​សម្រាប់​ប្រាក់​ចំណូល​គឺ​ពេញទំហឹង​។ កីឡាករ​-​កីឡាការិនី​ទាំងនេះ​បាន​អះអាង​ស្រ​ដៀង​គ្នា​ថា មាន​តែ​មុខរបរ​លក់​អន​ឡាញ​ប៉ុណ្ណោះ​ទើប​អាច​ឱ្យ​ពួក​គេ​មិន​រវល់​មិន​បាក់កម្លាំង ហើយ​មាន​ពេល​សកម្ម​នៅ​ក្នុង​អាជីព​ប្រដាល់​ឬ​កីឡា​តាម​ការ​គ្រោងទុក​។ ពួក​គាត់​និយាយ​ថា បើ​គ្មាន​មុខរបរ​អន​ឡាញ ពួក​យើង​អត់​មាន​លុយ​សម្រាប់​ទ្រទ្រង់​អាជីព​កីឡា​ទេ ព្រោះ​កីឡា​រាល់ថ្ងៃ​ល្អ​តែ​មើល​តែ​សម្រាប់​លុយកាក់​គឺ​ចិញ្ចឹម​ខ្លួន​មិន​រស់ ។ ពួក​គាត់​បញ្ជាក់​ថា មិន​ឈប់​មុខរបរ​អន​ឡាញ​នោះ​ទេ ប៉ុន្តែ​ក៏​មិន​ផ្ដាច់ខ្លួន​ពី​អាជីព​កីឡា​ដូច​គ្នា ដោយ​បាន​ទាំង​ចាត់​ទុក​ថា មុខរបរ​ទាំង​ពីរ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ទើប​អាច​ឱ្យ​ពួក​គាត់​រស់នៅ​បានស្រួល​៕
​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ