ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ បង្វឹក​កីឡា​បាល់​ទឹក​កម្រិត​1

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក កាលពី​ថ្ងៃ​ទី​៥ មីនា បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​បាល់​ទឹក​កម្រិត​១ រយៈពេល​៣​ថ្ងៃ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២០​នាក់ បង្រៀន​ដោយ​គ្រូឧទ្ទេស​លំដាប់​អន្តរជាតិ​គឺ​លោក​Alexander​ជនជាតិ​គុយ​បា​។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក កាលពី​ថ្ងៃ​ទី​៥ មីនា បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​បាល់​ទឹក​កម្រិត​១ រយៈពេល​៣​ថ្ងៃ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២០​នាក់ បង្រៀន​ដោយ​គ្រូឧទ្ទេស​លំដាប់​អន្តរជាតិ​គឺ​លោក​Alexander​ជនជាតិ​គុយ​បា​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​សហព័ន្ធ​រៀបចំ​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​បាល់​ទឹក​នេះ​ឡើង ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​បច្ចេកទេស​គ្រូបង្វឹក​កីឡា​បាល់​ទឹក​ឱ្យ​កាន់តែ​មានការ​យល់​ដឹង​បន្ថែម​ទៀត ។ លោក​បន្ត​ថា វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​បាល់​ទឹក​នេះ រៀបចំ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្ដង​ខណៈ​ឆ្នាំ​មុន​គឺជា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​បាល់​ទឹក​កម្រិត​មូលដ្ឋាន ។ វគ្គ​នេះ​បានការ​ជួយ​ទំនុកបម្រុង​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​(FINA)​ទាំងស្រុង ។ វគ្គ​បណ្ដុះបណ្ដាល​នេះ ពេល​ព្រឹក​គឺ​បង្រៀន​ផ្នែក​ទ្រឹស្ដី​និង​ពេល​ល្ងាច​អនុវត្ត​ជាក់ស្ដែង​នៅ​លើ​ទីលាន​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុ​ង​ផាត់​ព្រែក​ព្នៅ ។ ចំពោះ​សិក្ខា​ម​ដែល​បាន​មក​ចូលរួម​មាន​មក​ពី​ក្រសួង​ចំនួន​៣​គឺ សមាគម​កីឡាហែលទឹក​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន និង​ខេត្ត​ចំនួន​៥​គឺ​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង កំពង់ចាម កណ្ដាល និង​សៀមរាប​។

លោក ហែម គី​រី បញ្ជាក់​ថា ប្រភេទ​កីឡា​បាល់​ទឹក​នេះ គេ​មិនមែន​ធ្វើ​នៅ​ក្នុង​អាង​សម្រាប់​ហែល​នោះ​ទេ គឺ​ធ្វើ​នៅ​ក្នុង​អាង​សម្រាប់​លោត ដែល​មាន​បណ្ដោយ​៣០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ កម្ពស់​ទឹក​០,៩០​ម៉ែត្រ ដោយ​មាន​កីឡាករ​ម្ខាង​ៗ៧​នាក់ ។ ការ​ប្រកួត​មាន​៤​វគ្គ​ក្នុង​១​វគ្គ​មាន​៨​នាទី សម្រាក​២​នាទី​នៅ​ចន្លោះ​វគ្គ​នីមួយ​ៗ ហើយ​កីឡា​ប្រភេទ​នេះ​ប្រើប្រាស់​អាជ្ញាកណ្ដាល​៣​នាក់​ក្នុង​នោះ​២​នាក់​សម្រាប់​ត្រួតពិនិត្យ​ការ​ប្រកួត​នៅ​ក្នុង​ទឹក រីឯ​ម្នាក់​ទៀត​នៅ​លើគោក​សម្រាប់​មើល​នាឡិកា​ផ្ទៀងផ្ទាត់​ពេលវេលា​។​លោក​ថា កាលពី​សម័យ​សង្គមរាស្ត្រនិយម​ក៏​ធ្លាប់​មាន​កីឡា​ប្រភេទ​នេះ​ដែរ តែ​ក្រោយ​ពី​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​ក៏​បាន​បាត់​ទៅ​វិញ ។ សព្វថ្ងៃ​ប្រភេទ កីឡា​បាល់​ទឹក​នេះ​ទើបតែ​មាន​ឡើង​វិញ ប្រហែលជា​២​ឆ្នាំ​នេះ​ទេ ដោយ​មាន​ក្រុម​ចំនួន​២​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​សកម្មភាព ក្នុង​នោះ​មួយ​ក្រុម​នៅ​រាជធានី​ភ្នំពេញ និង​មួយ​ក្រុម​ទៀត​នៅ​ខេត្តកំពង់ចាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ