ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រំ​ចង់ សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ កែវ រំ​ចង់ ដែល​ធ្លាប់តែ​បង្ហាញ​អារម្មណ៍​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នា​ពេល​កន្លង​មក​ថា ចង់​ក្លាយ​ខ្លួន​ជា​មន្ត្រី​នគរបាល​ជាតិ​នោះ ពេល​នេះ​បាន​សម្រេច​ដូច​បំណង​ហើយ​ធ្វើ​ឱ្យ​លោក​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ថា ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយជា​ការ​ពិត​បែប​នេះ​សោះ​។…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ កែវ រំ​ចង់ ដែល​ធ្លាប់តែ​បង្ហាញ​អារម្មណ៍​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នា​ពេល​កន្លង​មក​ថា ចង់​ក្លាយ​ខ្លួន​ជា​មន្ត្រី​នគរបាល​ជាតិ​នោះ ពេល​នេះ​បាន​សម្រេច​ដូច​បំណង​ហើយ​ធ្វើ​ឱ្យ​លោក​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ថា ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយជា​ការ​ពិត​បែប​នេះ​សោះ​។

អ្នក​ប្រដាល់​ដែល​មាន​ដើម​កំណើត​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង​រូប​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា លោក​ស្រឡាញ់​ចូល​ចិត្ត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​នេះ តាំងពី​នៅ​អាយុ​៥​ឆ្នាំ​ម្ល៉េះ​ព្រោះ​ឪពុក​លោក​ក៏​ជា​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ខេត្តបាត់ដំបង ហើយ​ធ្លាប់​ឆ្លង​ដែន​ចូល​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ទៀត​ផង​។​ទោះបី​យ៉ាងណា ក្នុង​ចំណោម​បងប្អូន​៣​នាក់​មាន​តែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​កូនប្រុស​ពៅ​ក្នុង​គ្រួសារ​ជា​អ្នក​ស្នង​តំណែង​ពី​ឪពុក ដោយ​សម្រេចចិត្ត​បោះបង់​ចោលការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​៩​មក​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​តែ​ម្ដង ។

កែវ រំ​ចង់ បាន​ចូល​ប្រឡូក​នៅ​លើ​សង្វៀន​ប្រដាល់​ក្នុង​ឆ្នាំ​២០០៧ ហើយ​ក៏​ជា​ឆ្នាំ​ដែល​គេ​ដណ្ដើម​បាន​ពានរង្វាន់​ជើងឯក​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ដែល​កាល​ណោះ​គេ​ជា​សិស្ស​នៅ​ក្នុង​ក្លិប​ដំបងគ្រញូង​ខេត្តបាត់ដំបង ។ ចាប់តាំងពី​ពេល​នោះ​មក កេរ្តិ៍ឈ្មោះ​កែវ រំ​ចង់ បាន​ចាប់ផ្ដើម​ល្បី​ខ្ទរខ្ទារ​ទូ​ទាំង​ប្រទេស ហើយ​ខ្សែក្រវាត់​ដែល​គេ​ដណ្ដើម​បាន​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​៥​គ្រឿង
ឯណោះ ។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​គេ​បាន​ធ្វើ​ឱ្យ​របូត​បាត់អស់​១​ដោយសារ​តែ​ប្រកួត​ចាញ់​កីឡាករ វង្ស ណ​យ កាលពី​ឆ្នាំ​២០១៦ ។ កីឡាករ​ដែល​មាន​វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​រៀប​ការ​ប្រពន្ធ​នៅ​ក្នុង​ឆ្នាំ​២០១២ ដែល​មក​ដល់​ពេល​នេះ​គេ​មានកូន​ស្រី​ពីរ​នាក់ ។ ទោះបីជា​គេ​មាន​អាយុ​ច្រើន​បន្តិច​មែន តែ​កែវ រំ​ចង់ បាន​ប្រាប់​ថា គេ​មិន​ទាន់​ចង់​ឈប់​ពី​អាជីព​ប្រដាល់​ដែល​បាន​ជួយ​ឱ្យ​គេ​មានឈ្មោះ ល្បី​នោះ​ទេ​ព្រោះ​កម្លាំង​នៅ​មាននៅ​ឡើយ​។​ដោយសារ​ស្រឡាញ់​កីឡាប្រដាល់​ខ្លាំង កែវ រំ​ចង់​ប្រាប់​ថា ឱ្យ​តែ​ឮ​ភ្លេង​ប្រដាល់​ម្ដង​ៗ​ដៃជើង​របស់​គេ​នៅ​មិន​ស្ងៀម​ឡើយ គឺ​ទប់​អារម្មណ៍​មិន​បាន​ចង់​តែ​ប្រកួត ។

កែវ រំ​ចង់ មិន​ត្រឹមតែ​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ម្នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​តួ​សម្ដែង​ភាពយន្ត​និង​ថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​នៅ​ក្នុងស្រុក​ទៀត​ផង ។ មួយ​រយៈ​មកនេះ​គេ​រវល់​ជាប់​ថត​ភាពយន្ត​នៅ​ខេត្តកោះកុង រឿង​«​ឈាម​អ្នក​ប្រយុទ្ធ​» ប៉ុន្តែ​រូបគេ​មិនមែន​ជា​តួឯក​នោះ​ទេ ខាង​ក្រុមហ៊ុន​តម្រូវ​ឱ្យធ្វើ​ជា​តួ​កាច​វិញ​។
ទោះបី​យ៉ាងណា​កែវ រំ​ចង់ នៅ​តែ​មិន​បោះបង់ចោល​ក្ដី​ស្រមៃ​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ខ្លួន​ជាមន្ត្រី​នគរបាល​ជាតិ ទើប​ពេល​នេះ​គេ​បាន​ក្លាយជា​មន្ត្រី​នគរបាល​មួយ​រូប​ថ្នាក់​អនុសេនីយ៍ទោ​នៅ​ក្រសួងមហាផ្ទៃ ក្នុង​អង្គភាព​កីឡា ។ បន្ទាប់​ពី​សម្រេច​ក្ដី​បំណង​របស់​ខ្លួន កែវ រំ​ចង់បាន​ប្រាប់​ថា គេ​ពិតជា​សប្បាយ​ចិត្តរក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ។ សូ​ម្បី​តែ​ប្រពន្ធ និង​ឪពុក​ម្ដាយ​របស់​គេ​ក៏​ចូលរួម​អបអរ​នូវ​អ្វី​ដែល​កែវ រំ​ចង់ ទទួល​បាន​ក្នុងថ្ងៃនេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ