ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កេ​ន​យ៉ា​ស្វែង​យល់​ពី​វិស័យ​ការងារ​ដក​ពិសោធន៍​ពី​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​ការងារ​នៃ​សាធារណរដ្ឋ​កេ​ន​យ៉ា ដែល​ដឹកនាំ​ដោយ​លោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ការ​គាំពារ​សង្គម​នៃ​សាធារណៈ​កេ​ន​យ៉ា…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​ការងារ​នៃ​សាធារណរដ្ឋ​កេ​ន​យ៉ា ដែល​ដឹកនាំ​ដោយ​លោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ការ​គាំពារ​សង្គម​នៃ​សាធារណៈ​កេ​ន​យ៉ា បាន​ធ្វើការ​ស្វែង​យល់​ពី​វិស័យ​ការងារ និង​ដក​ពិសោធន៍​ការងារ​ពី​ប្រទេស​កម្ពុជា ។

ក្នុង​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃ​ទី​០៥ មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ការងារ ។ លោក​អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ការ​គាំពារ​សង្គម​នៃ​សាធារណៈ​កេ​ន​យ៉ាប​ញ្ជា​ក់ថា ស្ថានភាព​កម្ពុជា និង​កេ​ន​យ៉ា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា បើ​ប្រៀបធៀប​លើ​បញ្ហា​ប្រឈម កំណើនសេដ្ឋកិច្ច និង GDP សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​វា​ទាមទារ​ឱ្យ​យើង​មានការ​សិក្សា​ស្វែង​យល់​ពី​គ្នា ។

ចំណែក​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​ក្នុង​ការ​ទស្សនកិច្ច​ស្វែង​យល់​ពី​វិស័យ​ការងារ​របស់​គណៈប្រតិភូ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ជា​ជម្រើស​ដ៏​ល្អ ព្រោះ NEA ជា​យន្តការ​ដ៏​ជោគជ័យ និង​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ពី​វឌ្ឍនភាព​ជា​ច្រើន​នៃ​ក្រសួង​ការងារ និង​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ហ៊ាន​ផ្សា​ភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូល​ទាំង​៨​របស់​អង្គការ ILO អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ​ការ​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ការ​ពង្រីក​របប​សន្តិសុខ​សង្គម​នៅ​ទូ​ទាំង​ប្រទេស ។ តាម​រយៈ​ជំនួប​នេះ​លោក​រដ្ឋមន្ត្រី​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម ហើយនឹង​មានការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ទស្សនៈ​ល្អ​ៗ​ជា​ច្រើន ។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា នៅ​លើក​ក្រោយ​នឹង​មាន​ទស្សនៈកិច្ច​ពី​ប្រតិភូ​កេ​ន​យ៉ា បន្ថែម​ទៀត​មក​កាន់​កម្ពុជា​បន្ថែម​ទៀត ។

សូម​ជម្រាប​ថា គណៈប្រតិភូ​កេ​ន​យ៉ា​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៥-០៩ ខែមីនា​នេះ គណៈប្រតិភូ​នៃ​ក្រសួង​ការងារ​កេ​ន​យ៉ា​នឹង​អញ្ជើញ​សិក្សា​ស្វែង​យល់ និង​ដកស្រង់​បទ​ពិសោធន៍​នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) អំពី​ដំណើរការ​ផ្តល់​សេវា​ការងារ​ដល់​អ្នក​ស្វែងរក​ការងារ ការ​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ការងារ ការ​បង្កើត និង​អនុវត្ត​គោលនយោបាយ​កម្មវិធី​ការងារ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​របស់​កម្ពុជា ស្រប​ពេល​ដែល​ប្រទេស​កេ​ន​យ៉ា​ទើប​បង្កើត​នូវ​អាជ្ញាធរ​ជាតិ​ការងារ កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

គួរ​បញ្ជាក់​ថា សាធារណរដ្ឋ​កេ​ន​យ៉ា​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ទ្វីបអាហ្វ្រិក​ប៉ែក​ខាងកើត​ដែល​មាន​ផ្ទៃដី​សរុប​៥៨០,៣៦៧ គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជន​សរុប ៤៩.៧ លាន​នាក់ (​គិត​ត្រឹម​ឆ្នាំ​២០១៧) ។ កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់​៧% ជាមួយ GDP សម្រាប់​មនុស្ស​ម្នាក់​១,៥០៧.៨១ ដុល្លារ​សហរដ្ឋអាមេរិក ។ កាលពី​ឆ្នាំ​២០១៦ ប្រទេស​នេះ​ទើបបាន​បង្កើត​អាជ្ញាធរ​ជាតិ​ការងារ ហើយ​ពុំ​ទាន់​មានដំណើរ​ការ​ពេញលេញ​នៅឡើយ និង​កំពុង​សិក្សា​ស្វែង​យល់​បន្ថែម​ពី​បណ្តាល​ប្រទេស​នានា​ដែល​ក្នុង​នោះ​មាន​កម្ពុជា​យើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ