រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា-ឡាវបានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឲ្យកាន់តែសកម្មថែមទៀត ។ ការប្តេជ្ញានេះធ្វើឡើងកិច្ចប្រជុំទ្វេភាគីរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាមួយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលដឹកនាំដោយលោកឧត្តមសេនីយឯក វីឡៃ ឡឡាខាំហ្វង នាព្រឹកថ្ងៃទី០៥ ខែមីនានេះ នៅទីស្តីការក្រសួង ។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះសម្ដេចក្រឡាហោមស ខេង និងលោកឧត្តមសេនីយឯក វីឡៃ ឡាខាំហ្វង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិតក្នុងឆ្នាំ២០១៨ ពិសេសការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមបន្ទាប់ព្រំដែន ហើយអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរក៏បានបន្តកិច្ចសហការជាមួយគ្នាយ៉ាងល្អប្រសើរដែរ ។ ភាគីទាំងពីរបានកត់សម្គាល់ថា ក្នុងឆ្នាំ២០១៨នោះដែរអាជ្ញាធរតាមបន្ទាត់ព្រំដែនបានបង្កលទ្ធភាពងាយស្រួលដល់ការធ្វើដំណើរការផ្លាស់ប្ដូរប្រតិភូ និងការផ្លាស់ប្ដូរពាណិជ្ជកម្មជាដើម ហើយសម្រាប់ឆ្នាំ២០១៩នេះភាគីទាំងពីរប្ដេជ្ញាខិតខំបន្តអនុវត្តតាមការព្រមព្រៀងគ្នាលើការងារផ្លាស់ប្ដូរព័ត៌មាន ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហការរបស់អាជ្ញាធរខេត្តជាប់ព្រំដែន ។
កិច្ចប្រជុំនៅថ្ងៃនេះក៏បានពិភាក្សាអំពីចំណុចសំខាន់មួយទៀតដែរនោះ គឺការខិតខំពង្រីកកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្មថែមទៀត ដោយសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ភាគីទាំងពីរមិនត្រូវឲ្យគ្រឿងញៀនមកត្រួតត្រាឡើយពោល គឺអាជ្ញាធរត្រូវធ្វើយ៉ាងណាត្រួតត្រាគ្រឿងញៀនឲ្យបាន ។ ថ្នាក់ដឹកនាំក្រសួងទាំងពីរក៏បានពិភាក្សា និងព្រមព្រៀងគ្នាថា សម្រាប់កិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៩នេះដែរ ភាគីទាំងពីរត្រូវខិតខំពិនិត្យលទ្ធភាពឈានទៅបើកច្រកព្រំដែនជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនសម្រួលការធ្វើដំណើរចេញចូល និងពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។
កិច្ចប្រជុំនេះបានដំណើរការពេញមួយព្រឹកមុននឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយឯក វីឡៃ ឡាខាំហ្វង អញ្ជើញចុះហត្ថលេខារួមគ្នាលើកំណត់ហេតុស្ដីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕
ចែករំលែកព័តមាននេះ