ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​បែកផ្សែង​រវាង​ប្ដី​យក​ស្រី​មក​ដេក​ដល់​ផ្ទះ​ទីបំផុត​ដាច់ស្រេច​ត្រឹម​ធុង​ទឹកកក​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ​ដែល​រស់នៅ​មិន​ចុះសម្រុង និង​គ្នា​ហើយ​បាន​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ទៅ​លែងលះ​នៅ​សាលា​ចោម​ចៅ​៣ ម្ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​នោះ ស្រាប់តែ​ផ្ទុះ​រឿង​សារ​ជា​ថ្មី​ម្ដងទៀត​ហើយ​ក្លាយជា​ជម្លោះ​ពាក្យ​សម្ដី​បែកផ្សែង ។ បន្ទាប់​ពី​បុរស​ជា​ប្ដី​បាន​មាន​ស្នេហ៍​ថ្មី​ជាមួយ​ស្រី​ផ្សេង​ម្នាក់​ទៀត​ព្រមទាំង​យក​ស្រី​នោះ​មក​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត រយៈពេល​៥​ថ្ងៃ​កន្លង​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ​ដែល​រស់នៅ​មិន​ចុះសម្រុង និង​គ្នា​ហើយ​បាន​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ទៅ​លែងលះ​នៅ​សាលា​ចោម​ចៅ​៣ ម្ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​នោះ ស្រាប់តែ​ផ្ទុះ​រឿង​សារ​ជា​ថ្មី​ម្ដងទៀត​ហើយ​ក្លាយជា​ជម្លោះ​ពាក្យ​សម្ដី​បែកផ្សែង ។ បន្ទាប់​ពី​បុរស​ជា​ប្ដី​បាន​មាន​ស្នេហ៍​ថ្មី​ជាមួយ​ស្រី​ផ្សេង​ម្នាក់​ទៀត​ព្រមទាំង​យក​ស្រី​នោះ​មក​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត រយៈពេល​៥​ថ្ងៃ​កន្លង​មក​ហើយ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដោយ​មិន​អាច​ធ្វើ​អ្វី​ប្ដី​កើត​ក៏​បាន​រករឿង​ទាមទារ​យក​ធុង​ទឹកកក​ចំនួន​៣​ដើម្បី​ធ្វើ​ជាដើម​ទុន​រកស៊ី ប៉ុន្តែ​បុរស​ជា​ប្ដី​មិន​ព្រម​ឲ្យ​ទើប​ក្លាយជា​ជម្លោះ​ផ្អើល​អ្នក​ភូមិ និង​អាជ្ញាធរ​ហៅ​ទៅ​សម្របសម្រួល​បញ្ចប់រឿង​នៅ​សាលាសង្កាត់​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ជា​ប្ដី​ឈ្មោះ​សឿ​ន សាន អាយុ​៤២​ឆ្នាំ មុខរប​លក់ដូរ​មុខ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ។ ចំណែក​ភាគី​ខាង​ប្រពន្ធ​ឈ្មោះ ភឹ​ម ស៊ី​ហ៊ា​ង អាយុ​៤០​ឆ្នាំ មុខរបរ​ចុងភៅ​ក្នុង​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្រុក​កំណើត​នៅ​ក្នុងភូមិ​អំពិល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

នៅ​ចំពោះ​មុខមន្ត្រី​សង្កាត់​ចោម​ចៅ​៣ ស្ត្រី​ជា​ប្រពន្ធ​បាន​និ​យា​ឲ្យ​ដឹង​ថា កាលពី​អតីត​គាត់ គឺជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់ ហើយ​ក្រោយមក​បាន​ជួប និង​បុរស​ឈ្មោះ សឿ​ន សាន នេះ​ហើយ​ក៏​បាន​ចាប់ចិត្ត​ស្រឡាញ់​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​បាន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ និង​គ្នា​ត្រឹមត្រូវ​តាម​ប្រពៃណី ក្រោម​ការ​ចូលរួម​ជូនពរ​ជ័យ​ពី​មេបារ និង​ភ្ញៀវ​កិត្តិយស​ទាំង​សង្ខាង ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី ពួក​គាត់​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នោះ​ឡើយ ហើយ​ចំណងដៃ​នៃ​កិច្ច​អាពាហ៍ពិពាហ៍​នោះ​បង្កើត​បានកូន​មួយ ប៉ុន្តែ​ជា​អកុសល​កូន​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ជីវិត​ប្ដី​ប្រពន្ធ​មួយ​នេះ​បាន​ត្រឹមតែ​រយៈពេល​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ​បាន​មាន​ភាព​រង្គោះរង្គើ​រស់នៅ​មិន​ចុះសម្រុង និង​គ្នា​ឡើយ​ទើប​កាលពី​២​ខែ​មុន គឺ​នៅ​ដើមឆ្នាំ​២០១៩ នាង និង​ប្ដី​បាន​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​លែងលះ​គ្នា​តែ​ម្ដង ។ ពេល​នោះ​អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ឲ្យ​លែងលះ​ឡើយ​ព្រោះ​គ្មាន​សិទ្ធិ ប៉ុន្តែ​ពួក​គាត់​បាន​ព្រមព្រៀង​លែង​គ្នា​ដោយ​ខ្លួនឯង និង​បាន​ចែកទ្រព្យ​សម្បត្តិ​គ្នា​រួចរាល់​ហើយ​ដែរ ។

ប៉ុន្តែ​ទោះបី​បែប​ណា​គ្រាន់តែ​ជា​ការ​លែងលះ​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​មិន​ទាន់​ដាច់ស្រេច​គ្នា​នៅឡើយ ព្រោះ​ទាល់តែ​តុលាការ​ទើប​មាន​សិទ្ធិ​សម្រេច​ឲ្យ​លែង​ដាច់ ឬ​មិន​ដាច់​បាន ។ ប្រភព​ខាងលើ​បាន​បន្ត​ថា លុះ​ក្រោយមក​ប្ដី​បាន​លួច​មាន​ស្រី​ថ្មី​ម្នាក់​ទៀត ហើយ​ថែម​ទាំង​យក​ស្រី​នោះ​ទៅ​ដេក​ដល់​ផ្ទះ​ថែម​ទៀត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៩ ក្រោយ​ពី​ទទួល​ដំណឹង​ថា ប្តី​លួច​មាន​ស្រី​ថ្មី​ម្នាក់​ទៀត​បែប​នេះ​ហើយ​មិន​អាច​ធ្វើ​អ្វី​ប្ដី​បាន​ទើប​នាង​ទៅ​យក​សម្ភារ​ធុង​ទឹកកក​ចំនួន​៣ ដែល​ជា​របស់​នាង​ទិញ ហើយ​ប្ដី​យក​ទៅ​ប្រើ​មក​វិញ​សម្រាប់​ធ្វើ​ជាដើម​ទុន​រកស៊ី ។ ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​ប្តី​ឡូឡា​រារាំង​មិន​ឲ្យ​ទើប​មានការ​ឈ្លោះប្រកែក​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង​ទើប​ភ្លាម​ៗ​នោះ​អាជ្ញាធរ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ចុះ​ទៅ​លើក​ធុង​ទាំង​៣​នាំ​យក​ទៅ​កាន់​សាលាសង្កាត់​ធ្វើការ​សម្របសម្រួល ហើយ​ទីបំផុត​ប្តី​បាន​ព្រម​ប្រគល់​ធុង​ទឹកកក​ទាំង​៣​នោះ​ឲ្យ​គាត់ ។

ដោយឡែក​ប្តី​វិញ​បាន​លើក​ឡើង​ថា លុយកាក់​របស់របរ​ចែក​គ្នា​រួច​ហើយ​ចុះ​ហេតុ​អ្វី​មក​យក​ធុង​៣​នេះ​ទៀត ? តែ​ទោះជា​យ៉ាងណា​ក្តី​ខាង​ស្រី​បាន​លើក​ឡើង​ដដែល​ៗ​ថា ធុង​ទាំង​៣​នេះ​ជា​លុយ​របស់​គាត់​ទិញ​ទើប​មក​យក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ