ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​លើ​ការ​កសាង​ផ្លូវ​លេខ​៥០​សេ ត​ភ្ជាប់​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ទៅ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ឯកឧត្តម​ខាន់ ម៉ា​ណេ មាន​ប្រសាសន៍​ថា គោលបំណង​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​ធ្វើការ​សិក្សា​ពិគ្រោះ​យោបល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​លើ​គម្រោង​កសាង​ផ្លូវ​លេខ​៥០​សេ…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ឯកឧត្តម​ខាន់ ម៉ា​ណេ មាន​ប្រសាសន៍​ថា គោលបំណង​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​ធ្វើការ​សិក្សា​ពិគ្រោះ​យោបល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​លើ​គម្រោង​កសាង​ផ្លូវ​លេខ​៥០​សេ ប្រវែង​ជាង​៥៧​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​កាន់​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដើម្បី​រាយការណ៍​ជូន​សម្ដេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិនិត្យ​សម្រេច ។

មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​រយៈពេល​ពេញ​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៩ ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង និង​ប្រជាជន​នៅ​ក្នុង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ឯកឧត្តម​ខាន់ ម៉ា​ណេ បាន​បញ្ជាក់​ថា នៅ​ក្នុង​គម្រោង​កសាង​ផ្លូវ​លេខ​៥០​សេ នេះ​តាម​ការ​សិក្សា​របស់​អន្តរក្រសួង គឺ​ត្រូវធ្វើ​ស្ពាន​ធំ​១​មាន​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​ឆ្លងទន្លេ និង​ស្ពាន​ធំ​ៗ​ចំនួន​៥​ទៀត​ដែល​មាន​ប្រវែង​ពី​៥០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ​នឹង​ត្រូវធ្វើ​លូ​ប្រអប់​ចំនួន​១៥៩​កន្លែង នៅ​តាម​កំណាត់​ផ្លូវ​ប្រវែង​ជាង​៥៧​គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​រវាង​ខេត្ត​ទាំង​ពីរ ។ តាម​ការ​សិក្សា​គម្រោង​កសាង​ស្ពាន​ជាង​៤​គីឡូម៉ែត្រ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ថវិកា​ជាង​២០០​លាន​ដុល្លារ ចំណែក​គម្រោង​កសាង​ផ្លូវ​៥០​សេ​វិញ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៥០​លាន​ដុល្លារ​ថែម​ទៀត ។

មូលហេតុ​គម្រោង​មាន​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​នេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចាត់តាំង​បង្កើត​មាន​ឲ្យ​អន្តរក្រសួង​ពាក់ព័ន្ធ​ចំនួន​៦​ក្រសួង គឺ​ក្រសួង​សាធារណការ ក្រសួង​ធន ធាន​ទឹក ក្រសួង​ដែនដី ក្រសួងបរិស្ថាន ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម ដើម្បី​រួម​គ្នា​ចុះ​សិក្សា​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​អំពី​ផល​ប៉ះពាល់​ជាក់ស្តែង ដើម្បី​បូក​សរុប​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច ហើយ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អាច​ប្រកាស​ជា​ផ្លូវការ​ថា តើ​គម្រោង​កសាង​ផ្លូវ​៥៧​គីឡូម៉ែត្រ និង​ស្ពាន​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​នេះ​ត្រូវ​កសាង ឬ​ក៏​ត្រូវ​លុប​ចោល​ក្នុង​ពេល ដែល​សម្តេច​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​បើក​បុណ្យ​ទន្លេ នៅ​ពាក់កណ្តាល​ខែមីនា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ខាង​មុខ​នេះ ។

នៅ​ក្នុង​វេទិកា​នេះ​លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​បាន​រាយការណ៍​អោយ​ដឹង​ថា​ស្រុក​កំពង់លែង​នៅ​កៀក​ទីរួមខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ចម្ងាយ​តែ​ជាង​៤​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ហាក់ដូចជា នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ការ​ធ្វើ​ដំណើរ​ទីរួមខេត្ត​កំពង់ឆ្នាំង​មក​កាន់​ស្រុក​កំពង់លែង តាម​ផ្លូវ​ទូក​កាណូត​ត្រូវ​ឆ្លងទន្លេ​៣ ជួប​ផល​លំបាក​ក្នុង​ការ​ចម្លង​ម៉ូតូ រថយន្ត និង​ដឹក​ជញ្ជូន​ទំនិញ ឬ​គ្រឿងសំណង់​ផ្សេង​ៗ​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ។

ដូច្នេះ​ប្រសិនបើ​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​កសាង​ស្ពាន​ឆ្លងកាត់​ទន្លេ​ទាំង​៣ និង​កសាង​ផ្លូវ​លេខ​៥០​សេ​ខាងលើ​នេះ​មែន​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំង​ពីរ គឺ​កំពង់ឆ្នាំង និង​កំពង់ធំ ពិតជា​សប្បាយ​រីករាយ​ណាស់​ដែល​អាច​ធ្វើ​អោយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មានការ​រីក​ចម្រើន​មាន​ជីវភាព​ធូរធា​មិន​ខាន​ឡើយ ។

ដោយឡែក​នៅ​ក្នុង​វេទិកា​នេះ​តំណាង​ប្រជាពលរដ្ឋ​ជាង​២០​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចូលរួម​ជាង​៣០០​នាក់​នៅ​ក្នុង​ឃុំ​ទាំង​៧​នៃ​ស្រុក​កំពង់លែង​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ទាំងអស់​ពិតជា​សប្បាយ​រីករាយ​ណាស់ ប្រសិនបើ​រាជរដ្ឋាភិបាល​សម្រេច​គម្រោង​កសាង​ផ្លូវ​លេខ ៥០​សេ និង​ស្ពា​ង​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​ខាងលើ​នេះ​មែន​។ ព្រោះថា ស្ពាន និង​ផ្លូវ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ ពិសេស គី​វិស័យ​ទេសចរណ៍ ព្រោះ​ស្រុក​កំពង់លែង​មាន​ភ្នំ មាន​ប្រាសាទ មាន​ទន្លេ មាន​កោះ​នានា ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យមក​លេង​កម្សាន្ត​បាន​យ៉ាង​សប្បាយ​រីករាយ ។ ក្នុង​ឱកាស​នោះ​លោក​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង ក៏​បាន​លើក​ឡើង​ដែរ​ថា​គម្រោង​កសាង​ស្ពាន​ជាង​៤​គីឡូម៉ែត្រ​ឆ្លងកាត់​ទន្លេ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​គម្រោង​កសាង​ផ្លូវ​៥០​សេ ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ទៅ​កាន់​ខេត្តកំពង់ធំ គឺជា​សេចក្តី​ត្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ​គ្រប់​ខេត្ត​ទូ​ទាំង​ប្រទេស ព្រោះថា ស្ពាន​ថ្មី និង​ផ្លូវ​ថ្មី​នេះ អាច​ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន​នៅ​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​ដឹក​ជញ្ជូន វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​យ៉ាង​ឆាប់រហ័ស ចំណេញ​ទាំង​ថវិកា និង​ចំណេញ​ទាំង​ពេល​វ​លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ