រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿន លុះពេលមកដល់ផ្លូវកោងជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលអោយផ្លោងហោះទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះអ៊ូក រទិ្ធឡា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ៧ អូរឫស្សី៤ ខណ្ឌ៧មករា មានស្រុកកំណើតនៅឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១HF-៨០៩១ ។
ប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហម ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ដោយសារតែជនរងគ្រោះបើកបរម៉ូតូមានល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងច្រមុះជ្រូកកួចកាណុងជ្រុលចង្កូតគេចអត់ទាន់ក៏បុកខឿនសួនច្បារពេញទំហឹង ធ្វើអោយអ្នកបើកបរម៉ូតូហោះផ្លោងទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ហាមជិះបញ្ច្រាសទិសដៅ បណ្តាលអោយបាក់ក និងបែកធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម៉ូតូវិញខ្ទាតទៅកណ្តាលថ្នល់រងការខូចខាតតិចតួច ។
ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រីឯសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ