ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០១៩ ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ ក្រសួងពាណិជ្ជកម្ម ស្នើ​ចិន​សម្រួល​នីតិវិធី​នាំ​ចេញ​អង្ករ ៤០០,០០០ តោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង ពាណិជ្ជកម្ម​នា​ជំនួប ពិភាក្សា​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក លី ឆេ​ង​កាង (Li…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង ពាណិជ្ជកម្ម​នា​ជំនួប ពិភាក្សា​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក លី ឆេ​ង​កាង (Li Chenggang) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ស្នើ​ដល់​ភាគី​ចិន​សម្រួល​នីតិ​វី​ធី ដើម្បី​អនុវត្ត​គោលការណ៍​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ឲ្យ​បាន ៤០០,០០០ តោន តាម​ការ​ផ្ដល់​ជូន​របស់​ចិន ។ ដែល​ជំ​នូ​ប​ទ្វេភាគី​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២ ខែ​កុ​ម្ភះ មុន​ពេល​មុន​ពេល​ចូលរួម នៅ​ក្នុង​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្ដី​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​សៀមរាប​។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​នេះ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បាន​លើក​ការងារ​មួយ​ចំនួន​មក​ពិភាក្សា​ជាមួយ​ភាគី​ចិន​រួម​មាន ការ​ជំរុញ​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​មាន​សារៈសំខាន់​សម្រាប់​ភាគី​ទាំង​ពីរ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក តាម​ក្រប​ខណ្ឌ​នៃ​ច្បាប់​។ ជា​ការ​ឆ្លើយ​តប​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​អង្ករ លោក លី ឆេ​ង​កាង បាន​បញ្ជាក់​ថា ភាគី​ចិន និង​កម្ពុជា​នឹង​បន្ត​កិច្ចសហការ​ជាមួយ​គ្នា​ឲ្យ​រឹតតែ​ស៊ីជម្រៅ ដើម្បី​សម្រេច​បាន​គោលដៅ​នាំ​ចេញ​នេះ ហើយ​ជាមួយ​នោះ​ដែរ ភាគី​ទាំង​ពីរ​នឹង​បន្ត​ប្រឹក្សា ជាមួយ​គ្នា​បន្ថែម​ទៀត​លើ​ឯកសារ​ដែល​ចាំបាច់ សម្រាប់​សម្រួល​ដល់​វិស័យ​កសិកម្ម​កម្ពុជា​។

យ៉ាងណាមិញ​ប្រទេស​ចិន គឺជា​ទីផ្សារ​ធំ​ទី ១ សម្រាប់​កម្ពុជា​នាំ​ចេញ​អង្ករ ជាក់ស្តែង​ក្នុង​ខែមករា កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​មាន​ប្រមាណ​ជាង ១,៧​ម៉ឺន​តោន ។ នៅ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​មាន​ជាង​៥,៩​ម៉ឺន​តោន ក្នុង​នោះ​ប្រមាណ​ជាង​១,៧​ម៉ឺន​តោន​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​។ តាម​របាយការណ៍​ដដែល​បញ្ជាក់​ថា​៖« ក្នុង​ខែមករា​ឆ្នាំ​២០១៩​នេះ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទិស​ដៅ​៣៥​ប្រទេស ក្នុង​នោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​១ មាន​ចំនួន ១,៧​ម៉ឺន​តោន​, ប្រទេស​បារាំង​ឈរ​លំដាប់​ទី​២ មាន​ប្រមាណ​ជាង​៩,៦​ពាន់​តោន​, ប្រទេស​ម៉ា​ឡេ​ស៊ី​ឈរ​លំដាប់​ទី​៣ មាន​ចំនួន ជាង​៥,១​ពាន់​តោន​, ប្រទេស​ហ្គា​បុ​ង​ឈរ​លំដាប់​ទី​៤​មាន​៤,៧​ពាន់​តោន​,​ប្រទេស​ប្រ៊ុ​យ​ណេ​ឈរ​លំដាប់​ទី​៥ មាន​ជាង​២,៩​ពាន់​តោន​, ប្រទេស​អេ​ស្ប៉ា​ញ​ឈរ​លំដាប់​ទី​៦ មាន​ជាង​១,៩​ពាន់​តោន ប្រទេស​អា​ល្លឺ​ម៉​ង់​ឈរ​លំដាប់​ទី​៧​មាន​ជាង​១,៨​ពាន់​តោន​,​ប្រទេស​ណេ​ដឺ​ឡែ​ន​ឈរ​លំដាប់​ទី​៨​មាន​ជាង​១,៧​ពាន់​តោន​, ប្រទេស​ឆែក​ឈរ​លំដាប់​ទី​៩​មាន​ជាង​១,៦​ពាន់​តោន និង​ប្រទេស​អូស្ត្រាលី​ឈរ​លំដាប់​ទី​១០ មាន​ជាង​១,៤​ពាន់​តោន »​។

បើ​តាម​នាយិការ​ប្រតិបត្តិ​អង្គការ​ជំនាញ​ខាង​កសិកម្ម​មួយ​ក្នុងស្រុក​មើលឃើញ​ថា​កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ច្រើន​ទៅ​ប្រទេស​ចិន​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​ដោយសារ​តែ​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ល្អជា​មួយ​គ្នា ។ អ្នកស្រី តុង ចាន់​ធាង នាយិការ​ប្រ​តិ​ប​តិ្ត​អង្គការ​សេ​ដាក មាន​ប្រសាសន៍​ថា «​ប្រទេស​ចិន មាន​ប្រជាជន​ច្រើន​ហើយ​ត្រូវការ​បរិភោគ​ក៏​ច្រើន​ដែរ ។ ពិសេស​ស្រូវ តាម​ខ្ញុំ​ដឹង​ប្រទេស​ចិន​មិន​អាច​ផលិត​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​នោះ​ទេ អីចឹង​តម្រូវការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​ជិត​និង​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​មុខ​ទៀត​អាច​នឹង​មាន​ច្រើន​ថែម​ទៀត បន្ទាប់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ទំនាក់ទំនង​ល្អ​ទៅ​វិញ​ទៅ​មក​»​។ ឆ្លើយ​តប​នឹង​សំនួរ​ដែល​ចោទសួរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្ពុជា​នាំ​ចេញ​អង្ករ​មាន​ចំនួន​ច្រើន ចុះបើ​ក្នុង​ករណី​នៅ​ពេល​ខាង​មុខ​តម្រូវការ​អង្ករ​ពី​ប្រទេស​ចិន​មាន​ថមថយ តើ​អាច​នឹង​មានការ​ប៉ះពាល់​ដល់​ការ​ផលិតផល​ស្រូវ​អង្ករ​កម្ពុជា​ឬ​ទ0x017d7 អ្នកស្រី​តុង ចាន់​ធាង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​យល់​ថា វា​ដូច​មិន​មានការ​ប៉ះពាល់​អ្វី​ទេ ដល់​វិស័យ​កសិកម្ម​កម្ពុជា​។ ព្រោះ​កន្លង​មក​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មិន​ផ្តោត​ខ្លាំង​តែ​ទៅ​ទីផ្សារ​ចិន​នោះ​ទេ វា​ទើបតែ​មាន​ថ្មី​ៗ​នេះ​។ ក្រៅពី​ចិន​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ផ្សេង​ៗ»​។

លោក ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា ទីផ្សារ​ប្រទេស​ចិន​ឥឡូវ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ នៅ​ឆ្នាំ​នេះ​ដោយសារ​ទីផ្សារ​ចិន​មាន​តម្រូវការ​បញ្ជា​ទិញ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។ យើង​មើលទៅ​មាន​ចំនួន​៤០​ម៉ឺន​តោន​ដែល​ចិន​ត្រូវ​បញ្ជា​ទិញ អីចឹង​វា​ជាទី​ផ្សារ​សំខាន់​មួយ​សម្រាប់​យើង​»​។
លោក​ឧកញ៉ា បន្ត​ថា « ទីផ្សារ​ចិន​មាន​សារៈសំខាន់​រហូត មិន​ថា​នៅ​ពេល​បច្ចុប្បន្ន ឬ​អនាគត​ទេ ។ គាត់​ត្រូវការ​អង្ករ​ដែល​មានគុណ​ភាព​ខ្ពស់ ហើយ​តម្លៃ​សមរម្យ ។ តែ​នៅ​ពេល​ខ្លះ តម្លៃ​អង្ករ​យើង​វា​មិន​ទាន់​សមរម្យ ក៏​ធ្វើ​ឱ្យ​ភាគី​ចិន​មិន​ទាន់​ហ៊ាន​ទិញ​អង្ករ​កម្ពុជា​យើង​ដែរ ។ ដូចនេះ​វា​អាស្រ័យ​ទៅ​លើ​តម្លៃ​អង្ករ​កម្ពុជា​ដែរ តែបើ​តម្លៃ​អង្ករ​យើង​មាន​តម្លៃ​ប្រកួតប្រជែង​យើង​អាច​ពង្រីក​តម្រូវការ​អង្ករ​បាន​ច្រើន​ជាង​មុន ព្រោះ​ជា​ទូទៅ​ចិន​ជាទី​ផ្សារ​សំខាន់​សម្រាប់​អង្ករ​ក្រអូប អីចឹង​បើ​តម្លៃ​យើង​សមរម្យ ខ្ញុំ​ជឿ​ថា​គាត់​អាច​នឹង​បញ្ជា​ទិញ​លើស​ផែនការ​ឆ្នាំ២០១៨»​។

ទាក់ទង​សំនួរ​ថាបើ​តម្រូវការ​អង្ករ​ពី​ចិន​ថមថយ​វា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​កសិកម្ម​និង​ការ​នាំ​ចេញ​កម្ពុជា​ទ0x017d7 លោក​ឧកញ៉ា​ថា សម្រាប់​វិស័យ​ឯកជន​មិន​ទាន់​ហ៊ាន​និយាយ​ថ្នាក់​កម្រិត​នេះ​ទេ​ថា វា​អាច​នឹង​ប៉ះពាល់​ឬ​មិន​ប៉ះពាល់​បាន​នោះ​ទេ សំខាន់​ទាល់តែ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​វាយតម្លៃ​និង​ស្រាវជ្រាវ​ត្រឹមត្រូវ​ពី​ផល​ប៉ះពាល់​។ បើ​តាម​របាយ​កាណ៍​ក្រសួងកសិកម្ម បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​ការ​នាំ​ចេញ​អង្ករ មាន​ក្រុមហ៊ុន​ចំនួន ៥០​។ ក្នុង​ខែមករា ឆ្នាំ​២០១៩ នេះ ការ​នាំ​ចេញ​អង្ករ​ចេញ​តាម​រយៈ​ច្រកចេញ​-​ចូល​តែ​មួយ គឺ​មាន​បរិមាណ​សរុប​ចំនួន​ជាង ៥,៩​ម៉ឺន​តោន មានការ​ថយ​ចុះ​ចំនួន ២.៩៩៨​តោន ស្មើនឹង​ប្រមាណ​៥% បើ​ប្រៀបធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​ខែមករា ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ